អានតួអត្ថបទ
នយោបាយ-បោះឆ្នោត

តុលាការប៉ាគីស្ថាន​កាត់ទោស​អតីត​នាយករដ្ឋមន្ត្រី ខណៈ​បេក្ខជនប្រឆាំង​ត្រូវ​​​សម្លាប់​និង​​របួស

នៅប៉ាគីស្ថាន ស្របពេលដែល​ការបោះឆ្នោត​កាន់តែ​ខិត​កៀក​ចូល​ជិត​មក​ដល់ ​អំពើ​ហិង្សា​និង​ការ​សម្លាប់​មនុស្ស​ ក៏​បាន​ផុសឡើង​​ព្រោង​ព្រាត។ នៅថ្ងៃពុធ ទី​៣១​មករា​ បេក្ខជន​តំណាងរាស្ត្រ​ម្នាក់ មកពី​គណ​បក្ស​ប្រឆាំង​ ត្រូវ​គេ​វាយ​សម្លាប់ ហើយ​បេក្ខជនឈរឈ្មោះ​បោះឆ្នោត២រូបទៀត រងរបួស​ធ្ងន់។​ ចំណែក អតីត​នាយករដ្ឋមន្ត្រី អ៊ីមរ៉ាន់ ខាន់ ជាបុគ្គលប្រឆាំង​នឹង​រដ្ឋអំណាច​ ក៏​ត្រូវ​តុលាការ​កាត់ទោស​បន្ថែមទៀត ឲ្យ​ជាប់ពន្ធនាគារ ចំនួន ១៤ ឆ្នាំ។

ការ​ប៉ះទង្គិចគ្នា​ រវាងប៉ូលីស​និង​​ក្រុម​គាំទ្រ​លោក អ៊ីមរ៉ាន់ ខាន់ កាលពីថ្ងៃទី២៨ មករា។
ការ​ប៉ះទង្គិចគ្នា​ រវាងប៉ូលីស​និង​​ក្រុម​គាំទ្រ​លោក អ៊ីមរ៉ាន់ ខាន់ កាលពីថ្ងៃទី២៨ មករា។ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

១៤ ឆ្នាំ​ ក្រោយ​ចម្រឹង​ដែក​ ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ។ នេះជា​ស្ថានទម្ងន់ទោស​ចំពោះ អតីត​នាយករដ្ឋមន្ត្រី អ៊ីមរ៉ាន់ ខាន់ ដែល​ត្រូវ ​តុលាការ​ប៉ាគីស្ថាន កាត់ទោស នៅថ្ងៃ​ពុធ ទី​៣១មករា។ សាលក្រម​​នេះ បន្ទាប់ពី​ថ្ងៃ​អង្គារ ទី​៣០មករា តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​រូប​លោក​ម្តង​ហើយ ចំនួន១០ឆ្នាំក្នុង​ពន្ធនាគារ​ ចំពោះបទល្មើស​ចែកចាយ​ឯកសារ​សម្ងាត់​ជាតិ។ ​ភរិយារបស់​លោក អ៊ីមរ៉ាន់ ខាន់ ក៏ត្រូវ​តុលាការ​ដាក់​ទោសពន្ធនាគារ​ ១៤ឆ្នាំ​ដូច​ស្វាមី​ដែរ ។​

អ្នក​នាំពាក្យ​របស់ គណបក្ស​ប្រឆាំង ប៉េតេអ៊ី ជាបក្ស​របស់​លោក​ អ៊ីមរ៉ាន់ ខាន់ បាន​ថ្លែង​ប្រាប់​បណ្តាញ​សារព័ត៌មាន​ ថា «សាលក្រម​ដូច្នេះ មិន​អាច​ទទួល​បាន​សោះឡើយ ហើយ​ថ្ងៃជម្រះក្តី​​នេះ​ជាទិវា​ខ្មៅ​ងងឹត​នៃប្រព័ន្ធ​យុត្តិធម៌​ប៉ាគីស្ថាន។»

បើតាម​អ្នកជំនាញ​កិច្ចការ​ប៉ាគីស្ថាន​  ​អតីត​នាយករដ្ឋមន្ត្រី អ៊ីមរ៉ាន់ ខាន់ ត្រូវ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្និញ​ពី​ប្រព័ន្ធ​​តុលាការ ​ជា​ការ​បង្កឡើង​ពី​ពួក​យោធា។ ពួក​យោធា​ ដែល​រារាំង​មិន​ចង់​ឲ្យ​រូប​លោក​​វិល​ត្រឡប់​មក​កាន់​អំណាច​ជាថ្មី​ឡើងវិញ​។​ ទុក្ខសោកមិនមែនធ្លាក់​មក​ត្រឹមតែ​ថ្នាក់​ដឹក​នាំប​ក្ស​ទេ ​បេក្ខជន​ឈរឈ្មោះបោះឆ្នោតនិង​អ្នកគាំទ្រ​​នយោបាយ​ផ្សេងទៀត​ ក៏ត្រូវ​រងការវាយ​ប្រហារ រង​​របួស​ហូរហែ​ដែរ នៅ​កន្លែង​ជាច្រើន​ ក្នុង​ប្រទេស​ ប៉ាគីស្ថាន​។

ជាក់ស្តែង    ​បេក្ខជនម្នាក់ ឈរឈ្មោះបោះឆ្នោតសមាជិកសភា​​  ត្រូវគេវាយសម្លាប់យ៉ាងហិង្សានៅក្នុង​រថយន្ត​ ក្រោយពីលោក​ត្រឡប់មក​​ពី​កម្មវិធីឃោសនាបោះឆ្នោត។ ឃាតកម្ម​នេះ កើតឡើង នៅស្រុក​បាឈួរ ជិត​ព្រំដែន​​អាហ្វហ្កានីស្ថាន​ កាលពីថ្ងៃពុធ។ ថ្ងៃពុធ​ដដែល បេក្ខជន​ឈរ​របស់​បក្ស​ប្រឆាំង​ ២ នាក់ទៀត ត្រូវ​រង​ការវាយ​ប្រហារ​នៅ​ក្រុងហ្កេត្តា ប៉ែក​នីរតី​នៃផ្ទៃប្រទេស។ ក្នុង​តំបន់​ដដែល​នេះ កាលនៅថ្ងៃអង្គារ  មាន​ស្លាប់​មនុស្ស​៤នាក់ ហើយ​៦នាក់​រង​របួស​ ព្រោះតែផ្ទុះគ្រាប់បែក​១ ​ នៅក្បែរនឹង​កន្លែងជួប​ជុំ​គ្នារបស់​គណបក្ស​ប្រឆាំង​ ​។ នៅ​ក្បែរ​ព្រំដែន​អ៊ីរ៉ង់​ ​សមាជិក​បក្ស​ប្រឆាំងម្នាក់ ត្រូវគេ​បោកគ្រាប់បែក​ក្នុង​​​ផ្ទះ​តែម្តង នៅ​ថ្ងៃពុធ​។

​ប៉ាគីស្ថានប្រឈម​មុខ​នឹង​បញ្ហា​អសន្តិសុខ​ខ្លាំងៗឡើង​ ចាប់តាំងពី​ពួក​តាលីបង់​ បាន​ឡើង​កាន់​អំណាច ឆ្នាំ២០២១ ​នៅ​អាហ្វហ្កានីស្ថាន ក្បែររបង​ប៉ាគីស្ថា​ន​។ ​​ជាក់ស្តែង យ៉ាង​មនុស្ស ១ ៥០០ នាក់​ត្រូវ​គេ​សម្លាប់​ គ្រាន់តែ​១ឆ្នាំ ២០២៣។ នេះបើតាម​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​និង​សិក្សា​អំពី​សន្តិសុខ មូលដ្ឋាន​នៅ​ទីក្រុង​អ៊ីស្លាម៉ាបាត។​

ប្រឈម​នឹង​អំពើ​ហិង្សា​ផ្ទួនៗ ​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​បោះឆ្នោត​នៅ​ប៉ាគីស្ថាន​ បាន​កោះប្រជុំ​ជាបន្ទាន់​ ជាមួយ​នឹង​អ្នក​តំណាង​រដ្ឋាភិបាល និង​ក្រុម​អ្ន​កស៊ើប​ការណ៍​សម្ងាត់ ដើម្បី​រៀបចំ​ផែន​សន្តិសុខ​សុវត្ថិភាព​ ក្នុង​ការ​បោះឆ្នោត។ ការបោះឆ្នោតថ្នាក់​ជាតិនិងថ្នាក់ខេត្ត​ នឹងត្រូវ​រៀបចំ​នៅថ្ងៃទី ៨ កុម្ភៈ​ខាងមុខ​ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ