អានតួអត្ថបទ
ចិន-រុស្ស៊ី

ទំនាក់ទំនងចិន-រុស្ស៊ី៖ ធនាគារចិនធំមួយ បិទខ្ទប់ការបង់ប្រាក់ឲ្យក្រុមហ៊ុនរុស្ស៊ី

ថ្ងៃពុធទី ៧  កុម្ភៈ វិមានក្រេមឡាំង បានទទួលស្គាល់ថា ក្រុមហ៊ុនរុស្ស៊ីមួយចំនួន ពុំបានទទួល ការបង់ប្រាក់ទូទាត់ ពីសំណាក់ក្រុមហ៊ុនចិន ពិតប្រាកដមែន។ បញ្ហានេះ បណ្តាលមកពី ធនាគារចិន ធំបំផុតមួយ បានសម្រេចបិទខ្ទប់ ការវេរប្រាក់ទៅឲ្យក្រុមហ៊ុនរុស្ស៊ី ដែលនាំផលិតផលពីរុស្ស៊ី ចូលមកក្នុងប្រទេសចិន។  នេះបើតាមការទម្លាយឲ្យដឹង ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី។​ យោងតាម កាសែតសេដ្ឋកិច្ចរុស្ស៊ីឈ្មោះ វ៉េដូម៉ូស្ទី ថ្មីៗនេះ ធនាគារចិនធំមួយឈ្មោះ Zhejiang Chouzhou Commercial Bank ដែលជាធនាគារដៃគូ នៃក្រុមហ៊ុននាំចូលផលិតផលពីរុស្ស៊ី បានបញ្ឈប់ភ្លាមៗ រាល់ប្រតិបត្តិការទូទាត់ប្រាក់ទៅឲ្យភាគីរុស្ស៊ី ដោយពុំបានប្រាប់បំភ្លឺពីមូលហេតុ។ ក្នុងពេលតែមួយ ធនាគារចិនផ្សេងទៀត ក៏បានរឹតបន្តឹងក្បួនខ្នាតរបស់ខ្លួនជាមួយក្រុមហ៊ុនរុស្ស៊ីដែរ ដែលការណ៍នេះ ទំនងជាបណ្តាលមកពីមូលេហេតុចំនួនពីរ។ ទី១ ភាគីចិន កំពុងរងចំហាយទណ្ឌកម្មពី សហរដ្ឋអាមេរិក។ ទី២ ដូចរាល់ឆ្នាំ នៅពេលដែលពិធីបុណ្យចូលឆ្នាំចិនខិតជិតមកដល់ រាល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក តែងបន្ថយល្បឿន ជាធម្មតា។ គួររំឭកថា ចិនបានក្លាយជាដៃគូសេដ្ឋកិច្ចទី១ របស់រុស្ស៊ី ពោលគឺចាប់តាំងពី រុស្ស៊ីបានបើកការវាយលុកឈ្លានពានលើអ៊ុយក្រែន ក្នុងឆ្នាំ ២០២២ ដែលជាដើមហេតុ នៃទណ្ឌកម្មសេដ្ឋកិច្ចដ៏ច្រើនសន្ធឹកសន្ធាប់ ពីសំណាក់ប្រទេសបស្ចិមលោក។ យោងតាមទិន្នន័យពីអាជ្ញាធរគយចិន ក្នុងឆ្នាំ ២០២៣ ចិន និងរុស្ស៊ី បានប្តោះប្តូរពាណិជ្ជកម្មនឹងគ្នា ក្នុងទំហំ ដល់ទៅជាង ២០០.០០០ លាន ដុល្លារ ពោលគឺកើនឡើងជាង ២៥% ក្នុងមួយឆ្នាំ ដែលជាតួលេខឯតទគ្គកម្ម ក្នុងការធ្វើជំនួញរវាងប្រទេសទាំងពីរ៕

ទំនាក់ទំនងចិន-រុស្ស៊ី៖ ធនាគារចិនធំមួយ បិទខ្ទប់ការបង់ប្រាក់ឲ្យក្រុមហ៊ុនរុស្ស៊ី
ទំនាក់ទំនងចិន-រុស្ស៊ី៖ ធនាគារចិនធំមួយ បិទខ្ទប់ការបង់ប្រាក់ឲ្យក្រុមហ៊ុនរុស្ស៊ី AP - Ng Han Guan
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ