អានតួអត្ថបទ
ថៃ-នយោបាយ

ថៃ៖ លោកថាក់ស៊ីន ត្រូវគេដោះលែងឲ្យ​មានសេរីភាព​វិញ

លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីត​នាយករដ្ឋមន្ត្រីថៃ ត្រូវបាន​គេដោះលែង​ នៅព្រឹកថ្ងៃអាទិត្យ​ទី​១៨​កុម្ភៈនេះ បន្ទាប់ពីបានជាប់ឃុំអស់រយៈពេល៦ខែ​​។ ការដោះលែង ដែលត្រូវបាន​ធ្វើឡើង ដោយអាជ្ញាធរយុត្តិធម៌ថៃអះអាងថា លោក​ថាក់ស៊ីន បានបំពេញកាតព្វកិច្ចល្អ និង​ដោយ​យោងលើកត្តាសុខភាព​ ព្រមទាំង​វ័យចំណាស់របស់លោកផង។ តែគណបក្ស Move Forward ចោទជាសំណួរថា តើលោកថាក់ស៊ីនបានទទួល​បុព្វសិទ្ធិពិសេសឬយ៉ាងណា បានជាត្រូវគេដោះលែង​មុនកាលកំណត់បែបនេះ?

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អង្គុយក្នុងរថយន្តជាមួយកូនស្រី ចេញពីមន្ទីរពេទ្យនគរបាល ឆ្ពោះទៅកាន់គេហដ្ឋាននៅក្រុងបាងកក ព្រឹកថ្ងៃអាទិត្យ ទី​១៨កុម្ភៈ ២០២៤
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អង្គុយក្នុងរថយន្តជាមួយកូនស្រី ចេញពីមន្ទីរពេទ្យនគរបាល ឆ្ពោះទៅកាន់គេហដ្ឋាននៅក្រុងបាងកក ព្រឹកថ្ងៃអាទិត្យ ទី​១៨កុម្ភៈ ២០២៤ AP - Wason Wanichakorn
ផ្សាយពាណិជ្ជកម្ម

ព្រឹកព្រលឹមស្រាងៗថ្ងៃអាទិត្យទី​១៨កុម្ភៈ រថយន្តមួយគ្រឿង បានដឹក​រូប​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ចេញពីមន្ទីរពេទ្យ​នគរបាលក្រុងបាងកក ឆ្ពោះទៅកាន់គេហដ្ឋានលោក។ ក្នុងរថយន្តគេឃើញមានលោកស្រី ភែថងថាន កូនស្រី​របស់​លោកថាក់ស៊ីន មកអមដំណើរដែរ។ ផ្អែកតាមអ្នកយកព័ត៌មាន នៅខាងមុខមន្ទីរពេទ្យ មានមនុស្ស​មួយក្រុម បានមកជួបជុំគ្នា ស្រែកតវ៉ាប្រឆាំងនឹងការដោះលែង​លោកថាក់ស៊ីន មុន​កាលកំណត់បែបនេះ​។

គួរបញ្ជាក់ថា លោកថាក់ស៊ីន ត្រូវតុលាការថៃកាត់ទោស​ឲ្យជាប់ពន្ធនាគារ​៨ឆ្នាំ ពីបទប្រព្រឹត្តិអំពើពុករលួយ និង​បំពានអំណាចដោយខុសច្បាប់។ បន្ទាប់ពីបាននិរទេសខ្លួនទៅ​ក្រៅស្រុក អស់រយៈពេល​១៥ឆ្នាំ លោក​បានសម្រេចចិត្តត្រលប់​ចូលស្រុកថៃវិញ កាលពីថ្ងៃទី២២សីហាឆ្នាំ​២០២៣។ មកដល់បាងកកភ្លាម លោកត្រូវបាន​អាជ្ញាធរថៃចាប់ខ្លួនយកទៅអនុវត្តទោស។ តែនៅខែ​កញ្ញា ព្រះមហាក្សត្រថៃ បានប្រកាស​សម្រាលទោសលោក ពី​៨ឆ្នាំមកនៅត្រឹម​១ឆ្នាំវិញ។

ក្នុងរយៈពេល​ប្រមាណ​៦ខែនៃការអនុវត្តទោសកន្លងមកនេះ តាមពិតទៅលោកថាក់ស៊ីន មិនបានជាប់ក្នុងឃុំនោះទេ គឺលោក​ត្រូវគេយកទៅ​សម្រាកនៅមន្ទីរពេទ្យ​នគរបាលក្រុងបាងកក ដើម្បីតាមដានសុខភាព​ និង​ព្យាបាលជំងឺ។ ផ្អែក​តាមក្រុមគ្រួសារ​លោកថាក់ស៊ីន គឺលោកមានជំងឺថប់ដង្ហើមតឹងទ្រូង និង​ជំងឺលើសឈាម ហើយ​លោកបានទទួល​ការ​​វះកាត់ចំនួន​២ដង ក្នុងពេល​សម្រាក​នៅមន្ទីរពេទ្យ​នគរបាល​។

កាលពីដើមខែ​កុម្ភៈនេះ អាជ្ញាធថៃបាន​បញ្ជាក់​ឲ្យដឹងថា គេគ្រោង​នឹងដោះលែង​លោកថាក់ស៊ីនឲ្យ​មានសេរីភាព ដោយ​សារតែលោក​បានបំពេញកាតព្វកិច្ចបានយ៉ាងល្អ និងមួយវិញទៀត ដោយយោងលើវ័យចំណាស់ ព្រមទាំងបញ្ហាសុខភាពរបស់លោកផង​។ តែយ៉ាងណា មិនទាន់មានការបញ្ជាក់ឲ្យច្បាស់ណាមួយពីអាជ្ញាធរថៃ ថាលោក​ថាក់ស៊ីន ត្រូវបានដោះលែងឲ្យ​មានសេរីភាពទាំងស្រុង រឺក៏ត្រូវឲ្យ​នៅក្នុង​ផ្ទះដោយពាក់​ខ្សែជើង​ តាមដានការផ្លាស់ទី​ ឬយ៉ាងណានោះទេ។

ដោយឡែក គណបក្ស​Move Forward ដែលជាបក្សប្រឆាំងដ៏ធំបំផុត បានចេញលិខិតប្រកាសមួយ ដោយ​បានចោទជាសំណួរថា តើលោក​ ថាក់ស៊ីន បានទទួល​ចំណាត់ការពិសេសឬយ៉ាងណា បានជា​ត្រូវគេដោះលែងឲ្យ​មានសេរីភាព មុនកាលកំណត់បែបនេះ។ លិខិតនេះបន្តថា ប្រទេសថៃត្រូវការ​ពង្រឹងប្រព័ន្ធប្រជាធិបតេយ្យនិង​នីតិរដ្ឋ ដោយ​ប្រព័ន្ធយុត្តិធម៌ ត្រូវអនុវត្ត​ច្បាប់​​ឲ្យបាន​ស្មើៗគ្នាទៅលើមនុស្សទាំងអស់ មិនមែន​មានមនុស្សខ្លះ មានអភ័យឯកសិទ្ធិពិសេស លើសមនុស្សផ្សេងទៀតនោះទេ។

គួររំលឹកថា លោកថាក់ស៊ីន ដែលមានអាយុ៧៤ឆ្នាំ​​ ត្រូវបានគេចាត់ទុកថាគឺជាខ្លាចាស់មួយ នៃនយោបាយថៃ។ លោកបានធ្វើជានាយករដ្ឋមន្ត្រី​រវាងពីឆ្នាំ​២០០១ ដល់២០០៦ មុននឹងត្រូវក្រុមយោធាថៃធ្វើរដ្ឋប្រហារទំលាក់។ បច្ចុចប្បន្ន​គណបក្ស​ភឿថៃ​របស់​លោក ត្រូវដឹកនាំដោយ​កូនស្រីលោក ឈ្មោះ ភែថងថាន ស៊ីណាវ៉ាត្រ។ មតិវិភាគខ្លះបាន​លើកឡើងថា លោក​ថាក់ស៊ីន​បានត្រឡប់ចូលស្រុកវិញ បន្ទាប់ពីគណបក្សភឿថៃ បានចរចាដោយសំងាត់ ជាមួយ​ក្រុមយោធានិង​ក្រុម​រាជានិយមថៃ។ តែដោយ​ឡែក ផ្អែកតាម​លោក​ សេដ្ឋា ថៈវីស៊ីន នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន គឺលោក​ថាក់ស៊ីន គ្មានចេតនាត្រឡប់​មកធ្វើនយោបាយវិញឡើយ តែលោក​នឹងត្រៀមខ្លួនជានិច្ច ដើម្បី​ផ្តល់ជាគំនិតយោបល់ ដល់សមាជិករដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ