អានតួអត្ថបទ
សង្គ្រាមនុយក្លេអ៊ែរ

លោកពូទីន ព្រមានបស្ចិមលោកពីគ្រោះថ្នាក់សង្គ្រាមនុយក្លេអ៊ែរ បើសិនជម្លោះនៅអ៊ុយក្រែនឆេះរាលដាល

ថ្ងៃព្រហស្បតិ៍ទី ២៩ កុម្ភៈ លោកប្រធានាធិបតីរុស្ស៊ី  វ៉្លាឌីមៀរ ពូទីន បានថ្លែងសុន្ទរកថាប្រចាំឆ្នាំ ទៅកាន់ប្រជាជនរុស្ស៊ី។ ក្នុងឱកាសដ៏ឱឡារឹកនេះ លោក ពូទីន បានសម្តែងក្តីពេញចិត្ត ចំពោះសន្ទុះ រីកចម្រើនទៅមុខ នៃកងទ័ពរុស្ស៊ី នៅក្នុងសមរភូមិអ៊ុយក្រែន។ ក្នុងពេលជាមួយគ្នានេះ លោកពូទីន ក៏បាននិយាយព្រមានទៅកាន់បណ្តាប្រទេសលោកខាងលិច អំពីគ្រោះថ្នាក់ពិតជាក់ស្តែង នៃសង្គ្រាមនុយក្លេអ៊ែរ ប្រសិនបើជម្លោះនៅអ៊ុយក្រែនឆេះរាលដាល។ លោកពូទីន ពោលដូច្នេះ ដោយលើកឡើងនូវសំដីរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ក្នុងសប្តាហ៍នេះ ដែលបានថ្លែងថា អឺរ៉ុបអាចនឹងបញ្ជូនទ័ពទៅជួយប្រយុទ្ធនៅអ៊ុយក្រែន ក្នុងករណីចំបាច់ណាមួយ។ ឆ្លៀតក្នុងឱកាសដដែលនេះ លោកពូទីន ក៏មិនភ្លេចអួតសរសើរ ពីភាពរឹងមាំ និងការចេះបត់បែន នៃសេដ្ឋកិច្ចរុស្ស៊ី ដែលទោះបីរងទណ្ឌកម្មដ៏សន្ធឹកសន្ធាប់ពីប្រទេសបស្ចិមលោកយ៉ាងណា ក៏មិនរង្គោះរង្គើ ហើយបានងាកទៅចាប់ដៃគូជាមួយប្រទេសអាស៊ីវិញ។ គួរបញ្ជាក់ថា ពិធីថ្លែងសុន្ទរកថានេះ ធ្វើឡើងនៅ ២ សប្តាហ៍មុនពេលបោះឆ្នោតសកលក្នុងប្រទេសរុស្ស៊ី ដែលមតិទូទៅគិតទុកមុនថា លោកពូទីនច្បាស់ជានឹងជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាណត្តិថ្មីបន្តទៀត ដោយគ្មានការភ្ញាក់ផ្អើល។ សុន្ទរកថាខាងលើ ប្រព្រឹត្តទៅ ១ថ្ងៃមុនពិធីបុណ្យសពលោក ណាវ៉ាល់នី ដែលបានបាត់បង់ជីវិត នៅថ្ងៃទី ១៦ កុម្ភៈកន្លងទៅ នៅក្នុងគុក ដោយពុំដឹងមូលហេតុច្បាស់លាស់៕

លោកពូទីនព្រមានបស្ចិមប្រទេសពីសង្គ្រាមនុយក្លេអ៊ែរបើសិនជម្លោះនៅអ៊ុយក្រែនឆាបឆេះរាលដាល
លោកពូទីនព្រមានបស្ចិមប្រទេសពីសង្គ្រាមនុយក្លេអ៊ែរបើសិនជម្លោះនៅអ៊ុយក្រែនឆាបឆេះរាលដាល AP - Alexander Zemlianichenko
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ