ឥណ្ឌូណេស៊ី៖ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៦៩នាក់ ត្រូវជួយសង្គ្រោះជីវិត បន្ទាប់ពីលិចទូក
ថ្ងៃព្រហស្បតិ៍ ទី២១មីនា ក្រុមជនជាតិភាគតិច រ៉ូហ៊ីងយ៉ា ៦៩ នាក់ ត្រូវជួយសង្គ្រោះជីវិត នៅសមុទ្រឥណ្ឌូណេស៊ី ក្នុងដែនទឹកខេត្តអាឆេ។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំងនេះ បានចាកចេញពីអំពើហិង្សានៅភូមា ហើយពុំអាចទ្រាំរស់នៅក្នុងស្ថានភាពលំបាកកុះករក្នុងជំរុំជនភៀសខ្លួននៅបង់ក្លាដែស ទើបពួកគេសម្រេចចិត្តប្រថុយជីវិតម្តងទៀត តាមសមុទ្រ ដើម្បីស្វែងរកជម្រកថ្មី នៅថៃ ឬម៉ាឡេស៊ី ឬក៏ ឥណ្ឌូណេស៊ី។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៩
នៅខេត្តអាឆេ ក្នុងដែនសមុទ្រឥណ្ឌូណេស៊ី យ៉ាងហោច ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ៦៩ នាក់ ត្រូវជួយសង្គ្រោះជីវិត បន្ទាប់ពីលិចទូក។ ពួកទាំងនោះ មានទាំងមនុស្សប្រុសពេញកម្លាំង ក្មេងៗ និងស្រ្តី ចម្រុះគ្នា។ នេះបើតាមអ្នកកាសែតទីភ្នាក់ងារព័ត៌មានបារាំងអាអេហ្វប៉េ ដែលបានអមដំណើរក្រុមអ្នកចុះជួយសង្គ្រោះ។ តាមប្រភពដដែល, ពេលចេញដំណើរពីឆ្នេរបង់ក្លាដែស នៅលើទូកឈើរបស់ពួកគេមានគ្នីគ្នា ប្រមាណ ១៥០ នាក់ ក៏ប៉ុន្តែ ទូកលិចព្រោះតែមានភ្លៀងរលកបោកបក់ខ្លាំង។ មនុស្សជាច្រើននាក់បាត់ខ្លួនក្នុងសមុទ្រ។ ទម្រាំបានជួបក្រុមសង្គ្រោះ, ពួកគេឋិតនៅលើទូក ១៥ ថ្ងៃមកហើយ។
អ្នករួចជីវិតពីស្លាប់ម្នាក់ ឲ្យដឹងដែរថា ទូក១ទៀតដែលចេញដំណើរដំណាល់ៗគ្នា ក៏លិចដែរ ពីថ្ងៃពុធ។ សហគមក្រុមនេសាទឥណ្ឌូណេស៊ី បានស្រង់ជីវិតមនុស្ស ៦ នាក់។ ម្នាក់ក្នុងចំណោមនោះ បានបញ្ជាក់ថា ពេលទូកក្រឡាប់លិច ធ្វើឲ្យជ្រុះបាត់មនុស្សអស់ស្ទើរពាក់កណ្តាលទូក។ ពួកគេខ្លះបាត់ខ្លួន ហើយនិង ទំនងជាស្លាប់អស់ហើយ ក៏មិនដឹង។
អគ្គលេខាធិការសហគមក្រុមនេសាទឥណ្ឌូណេស៊ី ប្រចាំខេត្តអាឆេ Pawang Amiruddin បានបញ្ជាក់តាមសម្តីរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ថាពីដំបូងឡើង ពួកគេទាំងនោះចង់ភៀសខ្លួនទៅឆេរសមុទ្រថៃ ប៉ុន្តែ ថៃបដិសេធ ទើបទីបំផុត ធ្លាក់មកដល់ប៉ែកអាឆេ ខាងឥណ្ឌូណេស៊ី។
តាំងពីឆ្នាំ២០១៥មក ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាម ច្រើនលាននាក់ បានភៀសខ្លួនគេចចេញពីអំពើហិង្សានិងការកាប់សម្លាប់នៅប្រទេសភូមា។ នៅព្រំដែនភូមា ក្នុងជំរុំជនភៀសខ្លួននៅបង់ក្លាដែស ជនភៀសខ្លួនរាប់ពាន់នាក់ ច្រើនឈរជើងគ្នា ខ្វះស្បៀងអាហារ ខ្វះអនាម័យ ហើយនិងជួបអំពើហិង្សាផ្សេងៗក្នុងជំរំ ដែលធ្វើជនភៀសខ្លួនកាន់តែច្រើនឡើងៗ ពុំអាចទ្រាំរស់នៅបាន និងសម្រេចចិត្តប្រថុយជីវិតម្តងទៀត តាមសមុទ្រ ដើម្បីស្វែងរកជម្រកថ្មី នៅថៃ ឬម៉ាឡេស៊ី ឬក៏ ឥណ្ឌូណេស៊ី។
គ្រាន់តែនៅឥណ្ឌូណេស៊ី បើគិតត្រឹមពាក់កណ្តាលខែវិច្ឆិកាឆ្នាំទៅមិញ មានជនជាតិរ៉ូហ៊ីងយ៉ា ចំនួនជាង ១ ៧០០ នាក់ ដែលភៀសខ្លួនតាមសមុទ្រ ទៅដល់ឥណ្ឌូណេស៊ី។ នេះបើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ។ ក្នុងខែមីនានេះ ឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ បានអំពាវនាវប្រមូលជំនួយ ៨៥០ លានដុល្លារ ដើម្បីជួយសង្គ្រោះក្រុមរ៉ូហ៊ីងយ៉ា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ