អានតួអត្ថបទ
ចិន-ហ្វីលីពីន-សមុទ្ទ​ចិន​ខាង​ត្បូង

ហ្វីលីពីន​និង​ចិន​ ប៉ះទង្គិច​គ្នា​ជា​ថ្មី​នៅ​សមុទ្ទ​ចិន​ខាងត្បូង

នៅថ្ងៃ​សៅរ៍ទី​២៣​មីនា​នេះ ហ្វីលីពីន​បាន​ធ្វើការ​ចោទ​ប្រកាន់​ចិន​ជា​ថ្មី ថា​ជា​អ្នក​បង្ក​ឱ្យ​មាន​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង ត្រង់​តំបន់​ជាប់​ជម្លោះ​នឹង​គ្នា​។ បើ​តាមសេចក្តីថ្លែងការណ៍​របស់​យោធា​​ហ្វីលីពីន នៅ​ថ្ងៃ​អាទិត្យ​ទី ២៤​មីនា​២០២៤ ឆ្មាំ​សមុទ្ទ​ចិន​បាន​ប្រើ​កាណុង​បាញ់​ទឹក​មក​លើ​នាវា​ដឹក​ស្បៀង​ហ្វីលីពីន បង្ក​ឱ្យ​មានការ​ខូច​ខាត​ជា​ដំណំ។ ទាហាន​ហ្វីលីពីន បី​នាក់​បាន​រង​របួស។ 

ហ្វីលីពីន​និង​ចិន​ ប៉ះទង្គិច​គ្នា​ជា​ថ្មី​នៅ​សមុទ្ទ​ចិន​ខាងត្បូង
ហ្វីលីពីន​និង​ចិន​ ប៉ះទង្គិច​គ្នា​ជា​ថ្មី​នៅ​សមុទ្ទ​ចិន​ខាងត្បូង AP
ផ្សាយពាណិជ្ជកម្ម

ឧប្បត្តិហេតុ​ឆ្មាំ​សមុទ្ទ​ចិន​វាយប្រហារ​ដោយ​​បាញ់​​ទឹក​មកលើ​នា​វា​ដឹកស្បៀង​ហ្វីលីពីន ​រយៈ​ពេល​ជិត​មួយ​ម៉ោង បានកើត​ឡើង​ក្នុង​ព្រឹក​ថ្ងៃ​សៅរ៍​ទី ២៣​មីនា​នេះ នៅជិត​​ម្តុំ​ប្រជុំ​កូន​កោះ​ថ្ម​ប៉ប្រះ​ទឹក​Second Thomas ត្រង់​កន្លែង​ដែល​នាវាចិន​និង​ហ្វីលីពីន​ធ្លាប់ប៉ះទង្គិច​​គ្នា​កាលពី​ខែមុន។

បើ​តាម​រូបភាព​វីដេអូ ផ្សព្វផ្សាយ​ដោយ​យោធា​ហ្វីលីពីន គេ​ឃើញ​នាវា​ពណ៌​ស ភ្ជុង​កាណុង​បាញ់​ទឹក​ប្រសាច​ជា​ច្រើន​លើក​ច្រើន​សា​ទៅ​លើ​នាវា​មួយនៅ​​​ក្បែរនោះ​។​ នាវា​ពណ៌សទាំង​ពីរគ្រឿង​នោះ​បាញ់​ទឹក​ទន្ទឹម​គ្នា​សំដៅ​លើ​នាវា​តែមួយ។ នៅក្នុង​វីដេអូ​មួយទៀត គេឃើញ​ផ្លាក​ឈ្មោះ​របស់​នាវា​ពណ៌​សរសេរ​ថា « China Cost Guard” បើក​ស្ទាក់​មុខ​នាវា​ពណ៌​ប្រផេះUnaizah May4  ​របស់​​ហ្វីលីពីន។ នាវា​ហ្វីលីពីន​នេះ មាន​ផ្ទុក​ស្បៀង​និង​ទាហាន​មួយ​ក្រុម​តូច ដែល​ត្រូវ​ទៅ​ផ្លាស់​វេន​ប្រចាំ​ការ​នៅ​លើ​ខ្មោច​នាវា​សង្គ្រាម​ BRP Sierra Madre​។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ យោធា​ហ្វីលីពីន​ បាន​អះអាង​នាវា​ដឹក​ស្បៀង​ហ្វីលីពីន​បាន​រង​ការ​ខូច​ខាត​ជា​ដំណំ តែ​មិន​បាន​លម្អិត​ថា​តើ​ជា​ការ​ខូត​ខាត​អ្វី ឬ​មាន​ជន​រងគ្រោះ​ដែរ​ឬអត់​ទេ។ ហេតុការណ៍​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ បន្ទាំប់​ពី​នាវា​យោធា​នៃ​កង​កម្លាំង​ឆ្មាំ​សមុទ្ទ​ហ្វីលីពីន បាន​ធ្វើ​ដំណើរ​ចូល​មក​ជួយ។ តែ​ទោះ​មាន​ការ​រារាំង​ក្តី​ ក៏​នាវា​ដឹក​ស្បៀង​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទិសដៅ និង​បំពេញ​បេសកកម្ម​របស់​ខ្លួន​បាន​សម្រេច។ នេះ​បើ​តាម​ប្រភព​យោធា​ហ្វីលីពីន​ដដែល។

ប៉ុន្តែ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់ចិន​វិញ អ្នក​នាំពាក្យ​កង​​ឆ្មាំ​សមុទ្ទ​ចិន​បាន​ប្រកាស​ថា ទូក​ហ្វីលីពីន​បាន​ចចេស​ចូល​ក្នុង​តំបន់​ហាម​ឃាត់​ ទោះ​បី​ជាមាន​ការ​ព្រមាន​ដដែលៗ​ពី​សំណាក់ភាគី​ចិន និង​ក្រុម​ត្រួត​ពិនិត្យ​ចរាចរណ៍​ផ្លូវ​នេះ​ក៏​ដោយ។ ចិន​បាន​ដំណើរការ​ត្រួត​ពិនិត្យ​ រារាំង និង​បណ្តេញ​នាវា​ហ្វីលីពីន​ស្រប​តាម​ច្បាប់។​ ឯ​ឆ្មាំ​សមុទ្ទចិន​ត្រៀម​ជា​ស្រេច​នឹង​ការពារ​បូរណភាព​ដែន​ទឹក​ សិទ្ធិ​និង​ផល​ប្រយោជន៍​ផ្លូវ​ទឹក​របស់​ប្រទេស។ នេះ​បើ​តាម​សារ​បន្ថែម​របស់​អ្នក​នាំពាក្យ​ឆ្មាំ​សមុទ្ទ​ចិនដដែល។

ចិន​ទាមទា​រ​គ្រប់​គ្រង​សមុទ្ទ​ចិន​ខាងត្បូង​តែ​ម្នាក់​ឯង ប្រជែង​រហូត​មាន​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​ជា​ច្រើនរាប់​ទាំង​ហ្វីលីពីន​មួយផង និង​ចិន​បាន​ថែម​ទាំង​ព្រមាន​អាមេរិក​ថា​គ្មាន​សិទ្ធិ​ចូល​លាន់​ក្នុង​ជម្លោះ​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​នេះ​ទេ ក្រោយ​ពី​លោក​ប្រមុខ​ការទូត​អាមេរិក​ប្រកាសនៅ​ថ្ងៃអង្គារពីទីក្រុង​ម៉ានីល ​​ការពារ​ហ្វីលីពីនប្រឈម​​គ្រប់​បញ្ហា​។​ ពីរ​ថ្ងៃ​មុន ឆ្មាំ​សមុទ្ទ​ចិន​បាន​ច្រាន​អ្នក​វិទ្យាសាស្ត្រ​ហ្វីលីពីន មិន​ឱ្យ​ទៅតោង​​ចត​នៅ​ប្រជុំ​កូន​កោះ​ថ្ម​ប៉ប្រះ​ទឹក​Scarborough ទីតាំងជាប់​ជម្លោះ​មួយ​កន្លែង​ទៀតនៃ​សមុទ្ទ​ចិន​ខាង​ត្បូងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ