អានតួអត្ថបទ
ភេរវកម្មនៅម៉ូស្គូ

សន្តិសុខជាតិរុស្ស៊ី ចោទអ៊ុយក្រែន និង បស្ចិមលោក ថាជួយសម្រួលភេរវកម្មនៅម៉ូស្គូ

មេសន្តិសុខជាតិរុស្ស៊ី ​លោក Alexandre Bortnikov នៅថ្ងៃអង្គារទី ២៦ មីនា បានថ្លែងចោទអ៊ុយក្រែន និង បស្ចិមលោក ថាបានជួយសម្រួលការប្រព្រឹត្តភេរវកម្មនៅជាយក្រុងម៉ូស្គូ ភេរវកម្មដែលចេញមុខទទួលខុសត្រូវដោយ ក្រុមជីហាត ”រដ្ឋអ៊ីស្លាម” ប៉ុន្តែរុស្ស៊ីផ្ទាល់ សង្កត់លើចំណងរវាងក្រុងកៀវនិងពួកភេរវជនជាប់សង្ស័យ។ ជាក់ស្តែង លោក Alexandre Bortnikov បានអះអាងថា ជនសង្ស័យដែលរុស្ស៊ីចាប់ខ្លួនបានកាលពីថៃ្ងសៅរ៍សប្តាហ៍មុន គ្រោងរត់គេចទៅប្រទេសអ៊ុយក្រែន ដែលត្រៀមរង់ចាំទទួលពួកគេ ក្នុងនាមជាវីរបុរស។ តែ អ៊ុយក្រែនបានបញ្ជាក់ជាច្រើនដងថា ខ្លួនគ្មានជាប់ពាក់ព័ន្ធនិង ការវាយប្រហារភេរវកម្មនៅម៉ូស្គូ ដែលបានសម្លាប់ជីវិតមនុស្សចំនួន ១៣៩ នាក់ នោះឡើយ។

សន្តិសុខជាតិរុស្ស៊ី ចោទអ៊ុយក្រែន និង បស្ចិមលោក ថាជួយសម្រួលភេរវកម្មនៅម៉ូស្គូ
សន្តិសុខជាតិរុស្ស៊ី ចោទអ៊ុយក្រែន និង បស្ចិមលោក ថាជួយសម្រួលភេរវកម្មនៅម៉ូស្គូ AP - Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

លោក Alexandre Bortnikov បន្តថា ប្រាកដណាស់ ពួកអ៊ីស្លាមជ្រុលនិយម គឺជាអ្នកប្រព្រឹត្តអំពើភេរវកម្មខាងលើ តែក្រុមនេះច្បាស់ជាទទួលបានការជួយសម្រួលពីក្រោយ ដោយប្រព័ន្ធចារកិច្ចបស្ចិមលោក និង ស្ថាប័នស៊ើបការណ៍សម្ងាត់អ៊ុយក្រែន។ លោក បានចង្អុលមុខប្រទេសចំនួនបី ដែលលោកយល់ថា មានជាប់ពាក់ព័ន្ធ ពោលគឺ សហរដ្ឋអាមេរិក អង់គ្លេស និង អ៊ុយក្រែន។

ថ្ងៃចន្ទទី ២៥ មីនា ពោលគឺ ៣ ថ្ងៃក្រោយហេតុការណ៍ភេរវកម្ម លោក វ៉្លាឌីមៀរ ពូទីន បានថ្លែងទទួលស្គាល់ ជាលើកដំបូងថា អង្គការរដ្ឋអ៊ីស្លាម គឺជាអ្នកវាយប្រហារនៅសាលប្រគុំតន្ត្រីក្នុងទីក្រុងម៉ូស្គូ តែលោកនៅបន្តចោទអ៊ុយក្រែន ថាបានរួមចំណែក។ ជាអំណះអំណាង លោក ពូទីន បានលើកឡើងពី ការទម្លាក់គ្រាប់បែកជារឿយៗ ក្នុងទឹកដីរុស្ស៊ី ពីសំណាក់អ៊ុយក្រែន ក្នុងអំឡុងពេលចុងក្រោយនេះ ដែលបង្ហាញច្បាស់ថា អុយក្រែនប្រាកដជា នៅពីក្រោយអំពើភេរវកម្មខាងលើ ដែលជាទង្វើសងសឹកមកកាន់រុស្ស៊ី។ រីឯ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានតបទៅនឹងការចោទប្រកាន់នេះ ដោយចាត់ទុកថា លោក វ៉្លាឌីមៀរ ពូទីន គឺជាបុគ្គលម្នាក់ ដែលឆ្កួតលីលា និង មានគំនិតស្រមើស្រមៃ តែម្នាក់ឯង។

គួររំឭកថា គិតមកទល់ពេលនេះ អាជ្ញាធររុស្ស៊ីបាន ចាប់ខ្លួនជនសង្ស័យ៤នាក់ មានដើមកំណើតនៅ ប្រទេស តាហ្ស៊ីគីស្ថាន ដែលជាអតីតសាធារណរដ្ឋមួយនៃសហភាពសូវៀត នៅអាស៊ីកណ្តាល។ ថ្ងៃចន្ទ សប្តាហ៍នេះ ជនសង្ស័យ ៣ នាក់បន្ថែមទៀត ត្រូវបានគេចាប់ខ្លួន។ បុគ្គលទាំង ៣ នេះ គឺមានឪពុកម្នាក់ និងកូនប្រុសទាំងពីរ ដែលមានកំណើតនៅ តាហ្ស៊ីគីស្ថាន និងមានសញ្ជាតិរុស្ស៊ី នេះបើផ្អែកតាម សារព័ត៌មានរុស្ស៊ី Ria Novosti។ ជនសង្ស័យទី ៨ មានដើមកំណើតនៅប្រទេស កៀហ្គីស្ថាន ជារដ្ឋមួយផ្សេងទៀត នៅអាស៊ីកណ្តាល និង ជាអតីតសមាជិកនៃសហភាពសូវៀតដូចគ្នាដែរ ត្រូវបានអាជ្ញាធររុស្ស៊ីឃុំខ្លួនជាបណ្តោះសន្ន កាលពីអង្គារទី ២៦ មីនា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ