អានតួអត្ថបទ
កូរ៉េខាងត្បូង-បោះឆ្នោតសភា

កូរ៉េខាងត្បូង៖ អាជ្ញាធររកឃើញ​មាន​កាមេរ៉ា​លួច​បង្កប់ក្នុងការិយាល័យបោះឆ្នោត

កូរ៉េខាងត្បូង​នឹង​រៀបចំការបោះឆ្នោតសភា​នៅ​ថ្ងៃទី ១០​មេសា។ ប៉ុន្តែ នៅមិនដល់​២សប្តាហ៍ផង អាជ្ញាធរ​កូរ៉េខាងត្បូង​បាន​រកឃើញ​មានកាមេរ៉ា​ជាច្រើនគ្រឿង​ដែលលួចបង្កប់នៅក្នុងបន្ទប់​គូសសន្លឹកឆ្នោត ឬ​ហិបសន្លឹកឆ្នោត​នៅក្នុងការិយាល័យបោះឆ្នោត។ នៅថ្ងៃសុក្រទី​២៩​មីនា អាជ្ញាធរបានចាប់ខ្លួន​ជនសង្ស័យម្នាក់​ដែលជាអ្នកលេងយូធូប នៅក្នុងបទចោទប្រកាន់ថា រូបគេជាអ្នកលួចបង្កប់​កាមេរ៉ា​យកការណ៍សម្ងាត់។

Officials from the election management committee carry posters showing candidates before placing on the wall, in Seoul, South Korea, Thursday, March 28, 2024. Official campaigning kicked off Thursday for the April 10 general elections, with the ruling People Power Party (PPP) and the main opposition Democratic Party (DP) vying fiercely for control of the National Assembly, Yonhap news agency reported. (AP Photo/Ahn Young-joon)
Officials from the election management committee carry posters showing candidates before placing on the wall, in Seoul, South Korea, Thursday, March 28, 2024. Official campaigning kicked off Thursday for the April 10 general elections, with the ruling People Power Party (PPP) and the main opposition Democratic Party (DP) vying fiercely for control of the National Assembly, Yonhap news agency reported. (AP Photo/Ahn Young-joon) AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

នៅកូរ៉េខាងត្បូង ការិយាល័យបោះឆ្នោតត្រូវបានរៀបចំរួចរាល់នៅទូទាំង​ប្រទេស នៅ​ប៉ុន្មានសប្តាហ៍មុន​ការបោះឆ្នោតសភា(៣០០អាសនៈ)​ដែលត្រូវ​ប្រព្រឹត្តទៅ​នៅថ្ងៃ​ទី​១០​មេសាខាងមុខ។ ប៉ុន្តែ គណៈកម្មការរៀបចំការបោះឆ្នោត​កូរ៉េខាងត្បូង​ត្រូវ​ទើសទាល់យ៉ាងខ្លាំង ព្រោះថា នៅតែ​ជាង​១០ថ្ងៃ​មុនការបោះឆ្នោត ​គេ​បានរកឃើញ​មាន​កាមេរ៉ា​ ២៦ ត្រូវគេ​លួចបង្កប់នៅក្នុង​ការិយាល័យបោះឆ្នោតចំនួន១៨។

នៅយប់ថ្ងៃ​សុក្រទី​២៩មីនា អាជ្ញាធរ​បានចាប់ខ្លួន​ជនសង្ស័យ​ដែល​បានលួចដាក់កាមេរ៉ា​នៅក្បែរ​ហិបឆ្នោត និង​នៅក្នុង​បន្ទប់​គូសសន្លឹកឆ្នោត។  គឺកាមេរ៉ាតាមដាន​អគារដែលមាន​ការិយាល័យបោះឆ្នោត ដែល​បាន​ជួយ​ឲ្យគេ​កំណត់បាន​អត្តសញ្ញាណ​របស់​ជនល្មើស​ដែលមាន​អាយុប្រមាណជាង ៤០ឆ្នាំ។ តាម​អាជ្ញាធរ​កូរ៉េខាងត្បូង ជនសង្ស័យដែលជាអ្នកលេងយូធូប​បាន​សារភាពថា ខ្លួនគេ​លួចបង្កប់​កាមេរ៉ាវីដេអូ​តាម​ដាន​ការលួចបន្លំសន្លឹកឆ្នោតតែប៉ុណ្ណោះ។ នេះមិនមែនជាលើកទី១ទេ ដែលជនសង្ស័យខាងលើលួចបង្កប់​កាមេរ៉ា​នៅក្នុងការិយាល័យបោះឆ្នោត។ កន្លងមក គេធ្លាប់បង្ហោះវីដេអូដែលគេលួចថតបានពីក្នុងបន្ទប់គូសសន្លឹកឆ្នោត នៅក្នុងអំឡុងបោះឆ្នោតប្រធានាធិបតី​ឆ្នាំ ២០២២។ នៅក្នុងវីដេអូដែល​បង្ហោះក្នុងគណនីយូធូបរបស់ខ្លួន ​ជនសង្ស័យបាននិយាយ​ថា គេរកឃើញមានចំណុចមិនប្រក្រតីមួយចំនួនទាក់ទង​នឹង​ការរាប់សន្លឹកឆ្នោត និងបានអំពាវនាវ​ឲ្យអ្នកដទៃធ្វើតាមខ្លួនដូចជា​ទិញកាមេរ៉ា និងលួចដាក់កាមេរ៉ា​នៅក្នុងបន្ទប់គូសសន្លឹកឆ្នោត និង​ត្រូវ​តវ៉ាពីការលួចបន្លំសន្លឹកឆ្នោត។

គ្មានសំណាងរួចខ្លួនដូចលើកមុនៗ ជនសង្ស័យ​ត្រូវចាប់ឃុំខ្លួន នៅក្នុងដំណាក់កាលស៊ើបអង្កេត​របស់​ប៉ូលិសកូរ៉េខាងត្បូង។

ដោយសារ​តែ​ហេតុការណ៍នេះ អាជ្ញាធរ​កូរ៉េខាងត្បូង​ត្រូវ​បើកការស៊ើបអង្កេត ត្រួតពិនិត្យស៊ីជម្រៅ​នៅ​តាមគ្រប់ការិយាល័យ​ ជាង ៣៥០០នៅទូទាំងប្រទេស ដើម្បីធានាថា គ្មានកាមេរ៉ា​លួចបង្កប់យកការណ៍នៅក្នុងថ្ងៃបោះឆ្នោត។

ដូចនៅក្នុងការបោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ ២០២២ គណបក្ស​កាន់អំណាចរបស់​លោកប្រធានាធិបតី​យូន ស៊ុកយោល និង​គណបក្ស​​ប្រឆាំងគឺ​គណបក្ស​ប្រជាធិបតេយ្យមានសំឡេងគាំទ្រ​យ៉ាងប្រកៀកប្រកិតនៅក្នុងការបោះឆ្នោតសភា។

ការបោះឆ្នោតសភា​ជា​វិញ្ញាសារសំខាន់មួយ​ដើម្បីបញ្ជាក់ថា តើ​គណបក្ស​ប្រឆាំង​នៅបន្តទទួលបានការទុកចិត្ត​ពីប្រជាជន​កូរ៉េខាងត្បូងដើម្បី​បន្តគ្រប់គ្រងសំឡេង​ភាគច្រើន​នៅ​សភាដែរឬទេ។ ការបោះឆ្នោតសភាលើកនេះសំខាន់ណាស់​សម្រាប់​លោកប្រធានាធិបតីយូយូន ស៊ុកយោល ល ព្រោះថា បើសិន​គណបក្ស​អំណាចប្រជាជន​របស់លោក​ទទួលជ័យជំនះ ទទួលបានអាសនៈភាគច្រើននៅរដ្ឋសភា នោះ​លោក​នឹង​អាច​មាន​អំណាច​កាន់តែខ្លាំង ដើម្បីសម្រេច​គោលនយោបាយរបស់លោក ដូចជាការធ្វើកំណែទម្រង់ប្រព័ន្ធសុខាភិបាល ការអប់រំ ការបង្កើតការងារ និងការសន្យារបស់លោក​ដើម្បីលុបចោល​ក្រសួងដើម្បីសមភាពយេនឌ័រ​ដែល​ប្រធានាធិបតីអាណត្តិបានបង្កើតឡើង។ ម្យ៉ាង លោកប្រធានាធិបតី​កូរ៉េខាងត្បូង​សង្ឃឹមថា ជ័យជំនះ​នៅក្នុងការបោះឆ្នោត​សភា​នឹង​ទៅពង្រឹង​គោលនយោបាយរបស់លោក​ដែល​ចង់ឲ្យកូរ៉េខាងត្បូង​ទៅ​ចូលកៀកជិតស្និទ្ធនឹងអាមេរិក។

ផ្ទុយមកវិញ បរាជ័យរបស់គណបក្ស​កាន់អំណាច ដែលនឹងទៅបើកផ្លូវ​ឲ្យ​​គណបក្ស​ប្រឆាំង​នៅបន្ត​គ្រប់គ្រងសភា ​នឹង​ទៅ​បង្កឧបសគ្គ ចាប់ចងដៃ មិន​ឲ្យ​លោកប្រធានាធិបតី​យូន ស៊ុកយោល អាចសម្រេច​គោលដៅ​នយោបាយ។ ម្យ៉ាង គណបក្ស​ប្រឆាំង​ គណបក្ស​ប្រជាធិបតេយ្យ​ក៏ធ្លាប់​ឧស្សាហ៍រិះគន់ថា ​ ជំហរតឹងពេករបស់​លោក​យូន ស៊ុកយោល ជាមួយកូរ៉ខាងជើងកំពុងបង្ក​ឲ្យមានភាពតានតឹងដ៏គ្រោះថ្នាក់។ នេះជាហេតុផលមួយដែលធ្វើឲ្យ​ការបោះឆ្នោតសភានៅកូរ៉េខាងត្បូង​ជាពឹ្រត្តិការណ៍សំខាន់មួយដែរដែល​បរទេស​កំពុងតាមដានមើលដែរ ជាពិសេស​អាមេរិក ជប៉ុន ឬ​កូរ៉េខាងជើង។

ការស្ទង់មតិ​នៅសប្តាហ៍ចុងក្រោយនេះបង្ហាញថា ប្រជាជនកូរ៉េខាងត្យូង​ភាគច្រើន​មិន​សូវពេញចិត្តនឹង​ការដឹកនាំរបស់​លោកប្រធានាធិបតីយូន ស៊ុកយោល នៅក្នុងខណៈពេល​ដែលកូរ៉េខាងត្បូង​កំពុងមានបញ្ហា សេដ្ឋកិច្ច​នៅទ្រឹង ការកើនឡើងចំនួនមនុស្សចាស់ គម្លាតប្រាក់ខែ និងការគំរាមកំហែង​មីស៊ីលរបស់កូរ៉េខាងជើង។ លោកប្រធានាធិបតីកូរ៉េខាងត្បូង​កំពុង​ធ្លាក់កូដប្រជាប្រិយភាព​នៅក្នុងចំណោមយុវជន​ និង​មនុស្ស​វ័យ៥០ឆ្នាំ។ ប៉ុន្តែ ការស្ទង់មតិដដែល​បង្ហាញថា ប្រជាជនកូរ៉េខាងត្បូង​ក៏អស់ក្តីសង្ឃឹមណាស់ដែរ​លើ​គណបក្ស​ប្រឆាំង បន្ទាប់ពី​ប្រមុខដឹកនាំរបស់បក្សនេះគឺលោក លី ចែម៉្ញុង​កំពុងជាប់ ក្តីក្តាំ​នៅតុលាការ​នៅក្នុងសំណុំរឿងប្រព្រឹត្តអំពើពុករលួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ