អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ផ្ទុះឃ្លាំងគ្រាប់

ឥណ្ឌូណេស៊ី៖ ផ្ទុះឃ្លាំង​ស្តុកគ្រាប់ នៅក្នុងបន្ទាយ​ទាហាន​មួយ នាជាយក្រុង​ហ្សាកាតា

នៅ​ឥណ្ឌូណេស៊ី បន្ទាប់​ពី​តស៊ូ​អស់​ជាច្រើន​ម៉ោង ក្រុមពន្លត់​អគ្គិភ័យ​បានសម្រេច​ពន្លត់ភ្លើង​នៅ​ឃ្លាំងស្តុកទុកអាវុធ​មួយកន្លែង​នៅជាយក្រុង​ហ្សាកាតា។ ដោយសារ​អគ្គិភ័យ និង​គ្រាប់ផ្ទុះជាបន្តបន្ទាប់ អាជ្ញាធរ​ឥណ្ឌូណេស៊ី​បាន​ជម្លៀស​មនុស្ស​ជាង​១៥០គ្រួសារ​ចេញពីតំបន់​ជុំវិញ។ យោងតាម​មេបញ្ជាការកងទ័ព​សម្រាប់​ទីក្រុង​ហ្សាកាតា គេសង្ស័យ​ថា ប្រតិកម្ម​សារធាតុគីមី នៅក្នុង​ឃ្លាំងស្តុកគ្រាប់ចាស់ៗ អាច​ជាដើមចម​នៃ​ការផ្ទុះឆេះឃ្លាំង​កាលពីយប់ថ្ងៃ​សៅរ៍​ម្សិលមិញ។

ផ្ទុះឃ្លាំង​ស្តុកគ្រាប់ នៅក្នុងបន្ទាយ​ទាហាន​មួយ នាជាយក្រុង​ហ្សាកាតា នៅយប់ថ្ងៃសៅរ៍ទី ៣០ មីនា
ផ្ទុះឃ្លាំង​ស្តុកគ្រាប់ នៅក្នុងបន្ទាយ​ទាហាន​មួយ នាជាយក្រុង​ហ្សាកាតា នៅយប់ថ្ងៃសៅរ៍ទី ៣០ មីនា REUTERS - Ajeng Dinar Ulfiana
ផ្សាយពាណិជ្ជកម្ម

យោងតាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី អគ្គិភ័យ​ផ្តើម​ឆាបឆេះ​ចេញពីក្នុង​ឃ្លាំងស្តុកអាវុធមួយ នៅក្នុង​បន្ទាយទាហាន នៅជាយក្រុង​ហ្សាកាតា។ ភ្លើងឆេះ​សន្ធោសន្ធៅ និង​សំឡេង​គ្រាប់ផ្ទុះ​រន្ទឺរាប់គីឡូម៉ែត្រ ចាប់មានតាំង​ពីម៉ោង ៦កន្លះល្ងាច រហូត​ដល់​ម៉ោងជិត​៤ភ្លឺ ទើប​ក្រុម​ពន្លត់​អគ្គិភ័យ អាច​ប្រកាស​ថា គេអាច​ពន្លត់ភ្លើង​បាន​ទាំងស្រុង។

នៅក្នុង​សន្និសីទ​កាសែត មេបញ្ជាការកងទ័ពសម្រាប់​ទីក្រុង​ហ្សាកាតា លោក Mohamad Hasan ពន្យល់ថា នៅ​ក្នុង​ឃ្លាំង​ស្តុកអាវុធ​ដែលផ្ទុះឆេះ កាលពីយប់​ថ្ងៃ​សៅរ៍ គ្មាន​ចរន្ត​អគ្គិសនីនោះទេ។ ដូច្នេះ គេសង្ស័យថា ប្រតិកម្ម​សារធាតុគីមី នៅក្នុងឃ្លាំង​ដែល​មាន​ស្តុកគ្រាប់​ចាស់ៗ ជាដើមហេតុ​បង្កើត​ឲ្យមានផ្កាភ្លើង ឆេះ​ផ្ទុះគ្រាប់​យ៉ាងដូច្នេះ។ បើតាម​មេបញ្ជាការកងទ័ព​ឥណ្ឌូណេស៊ីដដែល ឃ្លាំងដែលឆេះផ្ទុះ មានស្តុកគ្រាប់ចាស់ៗ​ប្រមាណ ១៦០ ពាន់គ្រាប់ ដែល​គេ​ប្រមូល​យក​មក​ពីតំបន់​Kodam ក្នុងរដ្ឋធានីហ្សាកាតា។ គ្រាប់ចាស់ៗ​មួយ​ចំនួន​ដែល​មាន​អាយុ​ច្រើនជាង​១០ឆ្នាំ ត្រូវ​គេត្រូវស្តុកទុក​ក្នុង​ឃ្លាំង មុននឹងកម្ទេចចោល នៅថ្ងៃខាងមុខ។

អាជ្ញាធរ​ពន្លត់អគ្គិភ័យ​អះអាង​ថា ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ស្លាប់ជីវិត​ភ្នាក់ងារ​ពន្លត់អគ្គិភ័យ គេបានប្រើ​គ្រឿងយន្ត​រ៉ូបូ និង​សារធាតុ​រាវគីមី ដើម្បី​ពន្លត់ភ្លើងនៅ​ឃ្លាំងស្តុកអាវុធ។ អគ្គិភ័យ​លើកនេះ​មិនបានសម្លាប់មនុស្ស ឬ​បង្កឲ្យមានអ្នករបួសម្នាក់ឡើយ។

ប្រជាជន​ជាង​១៥០គ្រួសារ​ដែលរស់នៅ​ក្បែរ​បន្ទាយទាហាន​ដែលមានផ្ទុះឃ្លាំងគ្រាប់​ត្រូវ​បានគេ​ជម្លៀសចេញជាបន្ទាន់​ទៅ​កាន់កន្លែងមានសុវត្ថិភាព។ អ្នកភូមិមួយចំនួននិយាយ​ថា គេ​តក់ស្លុតមែនទែននៅពេល​លឺសំឡេងផ្ទុះ។ ដំបូងឡើយ​ពួកគេ​បានរត់ចេញ​ទៅក្រៅផ្ទះ ព្រោះគិតថា ជា​សំឡេង​គ្រោះរញ្ជួយដី ប៉ុន្តែ នៅពេល​ឃើញ​ផ្សែង អណ្តាតភ្លើង​ពណ៌ទឹកក្រូច ទើបគេដឹងថា សំឡេងផ្ទុះមានប្រភពចេញមកពីក្នុង​បន្ទាយទាហាន។

តាមអាជ្ញាធរ ទោះគេគ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង ពោលគឺលែងមានភ្លើងបង្កគ្រោះថ្នាក់ផ្ទុះឆេះតទៅទៀត ប៉ុន្តែ មេបញ្ជាការ​កងទ័ព​ឥណ្ឌូណេស៊ី​បាន​ណែនាំ​មិន​ឲ្យ​ប្រជាជន​ត្រលប់​ចូល​ផ្ទះ​វិញភ្លាមៗ ឬ​ត្រូវ​ប៉ះពាល់​វត្ថុ​ដែលអាច​ផ្ទុះ ដែល​បាន​ធ្លាក់​បាចសាច​នៅក្នុង​តំបន់ជុំវិញ​ដោយសារ​កម្លាំង​ផ្ទុះឆេះកាលពី​យប់ថ្ងៃ​សៅរ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ