អានតួអត្ថបទ
តួកគី-បោះឆ្នោត

បក្សកាន់អំណាចតួកគីបាក់អំណួត ដោយសារបរាជ័យនៅក្នុងការបោះឆ្នោតឃុំសង្កាត់

នៅតួកគី គណបក្ស​កាន់អំណាច​បរាជ័យ អាម៉ាស់មុខ ​នៅក្នុងការបោះឆ្នោត​ក្រុង​ឃុំសង្កាត់ កាលពី​ថ្ងៃអាទិត្យទី ៣១​មីនា។ គណបក្ស​របស់លោកប្រធានាធិបតី​រេស៊េប អ៊ែរដូហ្កាន​មិនត្រឹមតែ មិនអាច​ដណ្តើម​រដ្ឋធានី​អង់ការ៉ា​ពី​បក្ស​ប្រឆាំង​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ នៅបន្តបាត់​ទីក្រុងធំៗសំខាន់ៗ​ជាច្រើនទៀត​ទៅ​ក្នុងការបោះឆ្នោតលើកនេះ។ បញ្ហា​សេដ្ឋកិច្ច និងចរន្ត​ចង់​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំនយោបាយ​ជា​ហេតុផល​ដែល​ធ្វើ​ឲ្យគណបក្ស​AKP របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន​បរាជ័យ​ខ្លាំង នៅ​ក្នុង​ការបោះឆ្នោត។

នៅតួកគី គណបក្ស​កាន់អំណាច​បរាជ័យ អាម៉ាស់មុខ ​នៅក្នុងការបោះឆ្នោត​ក្រុង​ឃុំសង្កាត់ កាលពី​ថ្ងៃអាទិត្យទី ៣១​មីនា។
នៅតួកគី គណបក្ស​កាន់អំណាច​បរាជ័យ អាម៉ាស់មុខ ​នៅក្នុងការបោះឆ្នោត​ក្រុង​ឃុំសង្កាត់ កាលពី​ថ្ងៃអាទិត្យទី ៣១​មីនា។ AFP - OZAN KOSE
ផ្សាយពាណិជ្ជកម្ម

នៅតួកគី គណបក្ស​កាន់អំណាច របស់​លោក​ប្រធានាធិបតី​រេស៊េប អ៊ែរដូហ្កាន​បាន​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ នៅ​ចំពោះមុខ​គណបក្ស​ប្រឆាំង ដែល​ដណ្តើមគ្រប់គ្រង​បាន​ទីក្រុង​សំខាន់ៗជាច្រើន​របស់​តួកគី នៅក្នុងការបោះឆ្នោត​ឃុំសង្កាត់ កាល​ពីថ្ងៃ​អាទិត្យ។ លទ្ធផល​ឆ្នោត​ឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ​បង្ហាញថា គណបក្ស​AKP របស់​លោកប្រធានាធិបតី​តួកគី រេស៊េប អ៊ែរដូហ្កាន​មិនត្រឹមតែ មិនអាច​ដណ្តើម​យក​ទីក្រុង​អ៊ីស្តង់ប៊ូល​ពីដៃ របស់​បក្ស​ប្រឆាំង​តែប៉ុណ្ណោះទេ ប៉ុន្តែ គណបក្ស​កាន់អំណាច​នៅ​បាន​របូត​បាត់​អស់​ទីក្រុង​ធំៗ​មួយ​ចំនួន​ទៀត ដែល​ធ្លាប់​ជា​មូលដ្ឋាន​ចាក់គ្រឹះ​របស់​បក្ស​កាន់អំណាច​ជាច្រើន​ទសវត្សរ៍​មកហើយ។

នៅពេល​ឈ្នះឆ្នោត នៅ​ឆ្នាំ ២០២៣ ដើម្បី ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​តួកគី សម្រាប់​អាណត្តិទី៣ លោក​រេស៊េបអ៊ែរដូហ្កាន ដែល​កាន់អំណាច ជាង ២០ឆ្នាំ​មកហើយ ធ្លាប់បាន​សន្យា​ជា​ឱឡារិកថា គណបក្ស​AKP​របស់​លោក​នឹង​ដណ្តើម​យក​ទីក្រុង​សេដ្ឋកិច្ច អ៊ីស្តង់ប៊ូល និង​រដ្ឋធានី អង់ការ៉ា ដែល​ធ្លាក់​ក្នុងដៃ​របស់​បក្ស​ប្រឆាំង​កាលពី​៥ឆ្នាំមុន។ បើតាម​អ្នកសង្កេតការណ៍នយោបាយ​តួកគី ទោះឈ្នះឆ្នោត​ក្លាយជា​ប្រធានាធិបតី ៣អាណត្តិជាប់គ្នា លោក​អ៊ែរដូហ្កាន​ផ្តោតក្តីសង្ឃឹម​ថា ជ័យជំនះ​របស់​គណបក្ស​កាន់អំណាច នៅក្នុងការបោះឆ្នោត​ឃុំសង្កាត់ ជាសញ្ញា​គាំទ្រ​របស់​ប្រជាជន​តួកគី ដែលនឹង​ជំរុញ​ឲ្យលោក​ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បី​អនុញ្ញាត​ឲ្យ​លោក​អាច​មាន​សិទ្ធិ​ឈរឈ្មោះ មួយ​អាណត្តិ​បន្តទៀត។

តាមច្បាប់សព្វថ្ងៃ លោក​អ៊ែរដូហ្កាន​ អាយុ​៧០ឆ្នាំ អាច​ឈរឈ្មោះ ត្រឹមតែ​៣អាណត្តិប៉ុណ្ណោះ ហើយ​អាណត្តិចុងក្រោយ​របស់​លោកនឹង​ផុត​នៅ​ឆ្នាំ ២០២៨។

ប៉ុន្តែ ក្តីរំពឹង​របស់​លោក​អ៊ែរដូហ្កាន​ត្រូវ​រលាយសូន្យ ព្រោះថា នេះ​ជាលើកទី១ នៅក្នុង​ប្រវត្តិសាស្រ្ត​របស់​តួកគី គណបក្សប្រឆាំង គឺគណបក្ស​សាធារណរដ្ឋ​ប្រជាជន CHP​ទទួល​ជ័យជំនះ​យ៉ាងធំធេង ដោយ​ដណ្តើម​បាន​​ទីក្រុង​ធំៗ ជាង​១០ នៅទូទាំងប្រទេស ដែលនៅក្នុងនោះ មានទីក្រុង​សេដ្ឋកិច្ច​អ៊ីស្តង់ប៊ូល និង​រដ្ឋធានី​អង់ការ៉ា។ សម្រាប់​ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំងតួកគី ជ័យជំនះ​របស់​ធំធេង​របស់​គណបក្ស​ប្រឆាំងសបញ្ជាក់​ថា ប្រជាជន​ចង់​មាន​ការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីនដឹកនាំ។ ម្យ៉ាង វាជាសារ​របស់​ប្រជាជន​តួកគី ទៅកាន់​អ្នកដឹកនាំថា ពួកគេ​លែងចង់​ឲ្យតួកគី​ក្លាយជា​ប្រទេស​គ្មានការគោរពច្បាប់តទៅទៀត។

សម្រាប់អ្នកតាមដាននយោបាយ ប្រជាជន​តួកគី​បាន​ធ្វើ​បដិវត្ត នៅ​បន្ទប់​គូស​សន្លឹកឆ្នោត។ លោក​អ៊ែរដូហ្កាន​ឈ្នះឆ្នោត​ក្លាយជាប្រធានាធិបតី​តួកគី កាលពី​ឆ្នាំ ២០២៣​មែនពិត ប៉ុន្តែ តាមរយៈ ការបោះឆ្នោត​ជ្រើសរើស​បក្ស​ប្រឆាំង​ឲ្យ​ដឹកនាំ​ទីក្រុង​សេដ្ឋកិច្ច​ធំៗ​របស់​តួកគី ប្រជាជន​តួកគី​ចង់​ផ្ញើសារ​ក្រើនរំលឹក​គណបក្ស​កាន់អំណាច​របស់​លោកប្រធានាធិបតី ថា ពួកគេ​នឹង​ដើរផ្លូវដូចគ្នានេះ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាណត្តិក្រោយ ឆ្នាំ ២០២៨ បើសិន គណបក្ស​កាន់អំណាច​នៅតែ​ព្រងើយកន្តើយ មិន​យកចិត្តទុកដាក់ ជួយប្រជាជន។

គេវាយតម្លៃថា បញ្ហា​សេដ្ឋកិច្ច អតិផរណា​ហក់ខ្ពស់ដល់ ៦៧% ចំណែក​អត្រាការប្រាក់​កើនឡើង​ដល់​អត្រាដ៏ខ្ពស់ ប្រមាណ ៥០% ជា​ហេតុផលចំបង​ដែលធ្វើ​ឲ្យ​ប្រជាជន​តួកគី​ដោះដៃពីគណបក្ស​កាន់អំណាច។ ជំហរជិតស្និទ្ធរបស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កានជាមួយ អ៊ីស្រាអែលដែលកំពុងធ្វើសង្រ្គាម​បង្កទុក្ខវេទនាដល់ប្រជាជន​ប៉ាឡេស្ទីន ជាហេតុផល​បន្ទាប់បន្សំមួយទៀត ដែលធ្វើ​ឲ្យ​អ្នកគាំទ្រ​បក្ស​កាន់អំណាច​ដែលជាមនុស្សអភិរក្សនិយម និង​កាន់សាសនា​អ៊ីស្លាម ដកឃ្លា ឃ្លាតឆ្ងាយ​ពីគណបក្ស​AKP៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ