អានតួអត្ថបទ
តៃវ៉ាន់-រញ្ជួយ​ដី

តៃវ៉ាន់​រងគ្រោះ​រញ្ជួយ​ដី​ដ៏​កំណាចខ្លាំង​ ​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់

មាន​ស្លាប់យ៉ាង​ហោច​ណាស់៧​នាក់ និង​ជាង​៧០០នាក់​រង​របួស នៅក្នុង​គ្រោះ​រញ្ជួយ​ដី នៅ​តំបន់​ភាគ​ខាង​កើត​កោះ​តៃវ៉ាន់ នាព្រឹក​​ថ្ងៃពុធ​ទី​៣​មេសា​២០២៤​នេះ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​អាជ្ញាធរ​តៃវ៉ាន់​។ ជា​គ្រោះ​រញ្ជួយ​ដី​ដ៏​កំណាច​ដែល​តៃវ៉ាន់​មិនធ្លាប់​ប្រទះ​ទេ​​ក្នុង​រយៈ​ពេល​២៥​ឆ្នាំកន្លងមក​នេះ និង​ដែល​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ហ្វីលីពីន​និង​ជប៉ុនទាញ​សញ្ញា​អាសន្ន​រលកយក្ស​ស៊ូណាមីផង មុន​លើក​ចេញ​នៅ​ពេល​បន្តិ​ច​ក្រោយមក។

រញ្ជួយ​ដី​នៅ​តៃវ៉ាន់​ធ្វើ​ឱ្យ​ស្លាប់​មនុស្ស​និង​រលំអាគារ​ជា​ច្រើន នៅ​Hualien, ថ្ងៃ​ទី ៣មេសា២០២៤
រញ្ជួយ​ដី​នៅ​តៃវ៉ាន់​ធ្វើ​ឱ្យ​ស្លាប់​មនុស្ស​និង​រលំអាគារ​ជា​ច្រើន នៅ​Hualien, ថ្ងៃ​ទី ៣មេសា២០២៤ via REUTERS - TAIWAN NATIONAL FIRE AGENCY
ផ្សាយពាណិជ្ជកម្ម

ទូរទស្សន៍​តៃវ៉ាន់​បាន​បង្ហាញរូបភាព អាគារ​យ៉ាងហោច​២៦​ខ្នង ត្រូវ​ដួល​រលំ សំណង់អាគារ​ជា​ច្រើន​ផ្សេង​ទៀតបាន​ផ្អៀង ទ្រេត លែង​មាន​លំនឹង​ ហើយ​មាន​មនុស្ស​រាប់​សិប​នាក់​​កំពុង​ជាប់​កុន​ក្នុង​គំនរ​ថ្ម​បាក់​បែកនៅឡើយ។ ពលរដ្ឋ​ជាង​៦០​នាក់​ត្រូវ​បាន​សង្គ្រោះ​ឱ្យ​រួច​ពី​ស្លាប់​បាន​ទាន់​ពេលវេលា។ ចំណែក​អ្នក​​បាត់​បង់​ជីវិតទាំងអស់​សុទ្ធ​សឹង​​ជា​អ្នក​រស់​នៅ​តំបន់​Hualien ដែល​ជា​តំបន់​​ភ្នំ​ ជាប់​មាត់​សមុទ្ទ​ និង​ក្បែរ​ស្នូល​រញ្ជូយ​ដី។

ស្នូល​ដី​ស្ថិត​ក្នុង​​ជម្រៅ​១៥,៥គីឡូម៉ែត្រ​ក្រោម​បាត​សមុទ្ទ​​​ ប៉ែក​ខាង​កើត​កោះ​តៃវ៉ាន់ បាន​រញ្ជួយឡើង​នៅ​វេលា​ម៉ោង​៨ព្រឹក​ម៉ោង​នៅ​តៃវ៉ាន់ ត្រូវ​ចំពេលមនុស្ស​ម្នា​ត្រូវ​ចេញ​ទៅ​សាលា​រៀនឬ​ទៅ​ធ្វើការ ក្នុង​កម្រិត​៧,៥​នៃ​មាត្រដ្ឋាន​រីស្ទែរ។ នេះ​បើ​តាម​វិទ្យាស្ថានឧតុនិយម​ជប៉ុន​ និង​៧,៤​បើ​តាម​វិទ្យាស្ថាន​​សិក្សាភូគព្ភសាស្ត្រអាមេរិក។ ឯ​​អ្នក​វិទ្យាសាស្ត្រ​តៃវ៉ាន់​បានវាស់​ឃើញចលនា​​​រញ្ជួយ​ដីថ្ងៃ​នេះថា​​មាន​កម្លាំង​ស្មើ​នឹងការ​ផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​៣២គ្រាប់។​

​កម្លាំង​រញ្ជួយ​ដី​ដ៏​ខ្លាំង​ដែល​តៃវ៉ាន់​មិន​ធ្លាប់​ជួបប្រទះ​នារយៈ​ពេល​២៥​ឆ្នាំ​ចុងក្រោយ​មក​នេះ បាន​អង្រួញ​កោះ​តៃវ៉ាន់​ទាំងមូល និង​រង្គើ​ដល់​បណ្តា​កោះ​ជិត​ខាង​ផ្សេង​ទៀត អម​ដោយ​រលក​រញ្ជួយ​តូច​តាម​ក្រោយ​ប្រមាណ​៥៨​ដង​ ព្រម​​ទាំងបង្ក​ឱ្យ​មាន​​រលក​ស៊ូណាមិ​ជា​ច្រើន វាយដល់​ឆ្នេរ​ខាង​ត្បូង​បំផុត​របស់​កោះ​អូគីណា​ជប៉ុនផង។ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​ជប៉ុន និង​ហ្វីលីពី​ទាញ​សញ្ញា​អាសន្ន​ស៊ូណាមិ​ភ្លាមដូច​តៃវ៉ាន់​ដែរ​ មុន​នឹង​​ប្រកាស​លើក​ចេញ​វិញ នៅ​ពី​រម៉ោង​ក្រោយ។

ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី សៃអ៊ីនវេន បាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល តំបន់​និង​មូលដ្ឋាន​ទាំងអស់​សហការ​គ្នា​ជួយ​សង្គ្រោះ​។ ក្រុម​យោធា​ក៏​នឹង​ចេញ​មកជួយ​​ធ្វើ​អន្តរាគមន៍​ដែរ។ ​មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​នៅ​លើ​ថាស​តំណ​តិចតូនិក តៃវ៉ាន់ឧស្សាហ៍​រងគ្រោះ​រញ្ជួយ​ដី​ណាស់ តែ​ដោយ​មាន​ច្បាប់សុវត្ថិភាព​​សំណង់តឹង​តែង ទើប​មិន​សូវ​មានការ​ខូត​ខាត​។​ គ្រោះ​រញ្ជួយ​ដី​ដ៏​មរណៈ​បំផុត​ប្រចាំ​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​តៃវ៉ាន់ គឺ​ មហន្តរាយរញ្ជួយ​ដី​កាលពី​​ខែ​កញ្ញា​​ឆ្នាំ១៩៩៩ ដែលបាន​ផ្តាច់ជីវិត​​មនុស្ស​អស់​២៤០០នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ