អានតួអត្ថបទ

ក្រុមប្រឆាំងភូមាវាយប្រហារដ្រូនទ្រង់ទ្រាយធំនៅភូមា

នៅ​រដ្ឋធានី​ណៃពិដោរ, របបសឹកភូមា រងការ​វាយប្រហារ​ដោយ​ដ្រូនបំពាក់​គ្រាប់បែក​ ប្រមាណជិត​​ ៣០ គ្រឿង​​។ នេះ​ជា​លើកទី១ហើយ ដែល ​ក្រុម​ប្រដាប់​អាវុធរបស់​រដ្ឋាភិបាល​ស្រមោលភូមា បាន​ប្រកាស​អះអាង​ជាចំហ​ថា​ជា​ស្នាដៃ​របស់ខ្លួន ហើយ​និង​បាន​ព្រមាន​ថា ពួក​យោធា​របបសឹក​លែងអាច​​ដេក​ស្រុក​ស្រួល​ទៀត​ហើយ​។​ របបសឹក​វិញ ជាផ្លូវ​ការ​ បញ្ជាក់ថា​កងកម្លាំង​យោធាភូមា​បាន​បាញ់​កម្ទេច​​ដ្រូន​ទាំងនោះ បាន​ដោយ​ជោគជ័យ ហើយ​គ្មាន​រងការ​ខូចខាត​និង​អ្នក​របួស​សោះឡើយ។​ ​

នាពេលកន្លងទៅ ភូមា​​បាន​កំហិត​ច្បាប់តឹងតែង​ក្នុងការ​ប្រើដ្រូន​។​
នាពេលកន្លងទៅ ភូមា​​បាន​កំហិត​ច្បាប់តឹងតែង​ក្នុងការ​ប្រើដ្រូន​។​ AFP/File
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃព្រហស្បតិ៍ ទី​៤មេសា ដ្រូនបំពាក់​គ្រឿង​ផ្ទុះ​​និងគ្រាប់បែក ប្រមាណ ២៩ គ្រឿង ត្រូវ​បញ្ជា​ទៅវាយប្រហារ​ទម្លាក់​គ្រាប់ សំដៅលើ​ទីតាំង​សំខាន់ៗ​របស់​រដ្ឋអំណាច​របបសឹកភូមា ជាច្រើន​កន្លែង ដូចជានៅ​ព្រលានយន្ត ហោះ ទីបញ្ជាការ​យោធា និង​មូលដ្ឋាន​ទ័ព​អាកាស​។​ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ​​របបសឹក បាន​អះអាងថា មានដ្រូន​១៣គ្រឿងដែល​ហោះ​សំដៅទៅ​កន្លែង​យុទ្ធសាស្ត្រ​នៅ​រដ្ឋធានី​ណៃពិដោរ ​ត្រូវ​យោធាភូមា​បាញ់​កម្ទេច​​អស់​គ្មាន​សល់ និងដែល​គ្មាន​បង្កគ្រោះថ្នាក់ គ្មាន​អ្នក​​របួសនិង​​ខូច​ខាត​អ្វីឡើយ។

បុគ្គលិកម្នាក់​របស់​​ព្រលាន​យន្តហោះភូមា ក្រោម​ក្របខណ្ឌ​មិន​ចេញឈ្មោះ បា​នប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អាអែហ្វប៉េ ថាអាកាសយានដ្ឋា​នត្រូវ​បិទ​ផ្អាក​ដំណើរការជា​បណ្តោះអាសន្ន​ ​នៅ​វេលាម៉ោង​១០ព្រឹក​ ម៉ោង​នៅក្នុងស្រុក។​

ភ្លាមៗដែរ រដ្ឋាភិបាល​រួបរួម​ជាតិ ជា​រដ្ឋាភិបាល​ស្រមោល​ អះអាង​ថា​ជា​ស្នាដៃ​របស់​ខ្លួន។ ​រដ្ឋាភិបាល​ស្រមោល ដឹកនាំដោយ​ក្រុមអ្នក​នយោបាយ​​ប្រឆាំង​នឹង​របបសឹក ហើយ​សមាជិកចំនួនច្រើននាក់ ​ជា​អ្នក​តំណាងរាស្ត្រ​​ មុន​ពេល​របបសឹក​ធ្វើរដ្ឋប្រហារ​។ នេះជាលើកទី១ដែល​រដ្ឋាភិបាល​ស្រមោល អះអាង​ជាចំហ​តែម្តង​ ថាពួក​ខ្លួនជាអ្នកវាយប្រហារ​​ដ្រូន​ ហើយ​ថែមទាំង​ប្រកាស​សារ​ប្រាប់​រដ្ឋ​អំណាច​​ភូមាឲ្យ​យល់ច្បាស់​ថា ពួក​គេ​លែង​មាន​សុវត្ថិភាព​ លែង​អាច​ដេក​ស្រណុក​ស្រួល​ទៀតហើយ​។ ហើយ​បើ​តាម​ព័ត៌មាន​ក្នុងស្រុក, សូម្បីតែ​ និវេសនដ្ឋាន​របស់​ប្រមុខ​របបសឹក លោក មីន អ៊ុងឡាំង​ ក៏​ឋិត​នៅក្នុង​ផ្ទាំង​ស៊ីប​​របស់​ដ្រូន​​ដែរ។​

កម្លាំង​ក្រុមប្រដាប់អាវុធ​ប្រឆាំង​នឹង​របបសឹក​ភូមា​ បាន​រីករាលដាល​​ច្រើន ​និង​កាន់តែ​កើនកម្លាំងខ្លាំង​ ព្រោះតែ​បាន​ជំនួយ​ថវិកា​និងសម្ភារៈ​ពីសំណាក់​​​រដ្ឋាភិបាល​ស្រមោល​។ ​នៅ​ចន្លោះ​ព្រំដែន​រវាង​ចិន​និង​ភូមា ក្រុម​សម្ព័ន្ធ​ប្រដាប់​អាវុធ​​ជនជាតិ​ភាគតិច ៣ក្រុម បាន​វាយ​ដំណើម​យក​ទីតាំង​ឈរជើង​របស់​ពួកទាហាន​របបសឹក ហើយ​ថែមទាំង​គ្រប់គ្រង​ច្រក​នាំ​ទំនិញ​ចេញចូល​ស្រុក​ចិន និងជា​ច្រកផ្លូវ​ដង្ហើម​របស់​របបសឹក​ ទៀត​ផង។​ ចំណែក​ នៅ​ក្បែរព្រំដែន​ បង់ក្លាដែស និង​ឥណ្ឌា មូល​ដ្ឋាន​ទីតាំង​យោធាភូមាមួយ​ចំនួន ក៏​ត្រូវ​​ក្រុម​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​របបសឹក​ យក​ដណ្តើម​ខ្លះ​ដែរ​។ រីឯ​ នៅ​ព្រំដែន​​ថៃ ក៏មាន​ក្រុម​ជនជាតិ​ភាគតិច​ងើប​បះបោរ​ប្រឆាំងទៀត។​ បើតាមបណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​​អង់គ្លេស BBC,​ ពួក​ក្រុម​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​របបសឹក​ បាន​វាយលុក​​ ស្ទើរតែ ​៦០% នៃផ្ទៃប្រទេស។

សង្គ្រាម​ស៊ីវិល​នៅភូមាបាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​រាប់​ពាន់​នាក់។ ប្រជាជន​​ជាង​២លាន​៦សែន​នាក់​រត់​ភៀសខ្លួនចោល​ផ្ទះ​សម្បែង​។ នេះបើតាម​ទិន្ន័យ​នៅ​ឆ្នាំ២០២៤ របស់​ អង្គការ​សហប្រជាជាតិ​ ដោយ​បញ្ជាក់ទៀតថា ជនជាតិ​ភូមា​១២,៩លាននាក់កំពុងតែ​ខ្វះ​ស្បៀង​អាហារទទួល​ទាន​។ នៅបុរី​ញូវយ៉ក ថ្ងៃព្រហស្បតិ៍ ទី​៤មេសា លោកស្រី Lisa Doughten អ្នក​តំណាង​មួយរូប នៃ​ការិយាល័យ​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ បាន​ថ្លែងរំឭក​ដាស់តឿន​​នៅចំពោះ​មុខ​ ក្រុមប្រឹក្សា​សន្តិសុខ ថា​មិនត្រូវ​ភ្លេច ឬ​បំភ្លេច​ប្រជា​ពលរដ្ឋ​ភូមាសោះឡើយ។ ពេល​នេះ ពួក​គេ​កំពុងតែ​ជួប​គ្រោះ​អត់​ឃ្លាន រងអំពើហិង្សា និង​រស់​នៅ​ក្នុងភាព​ភិតភ័យ​ជាប្រចាំ ព្រោះតែ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​របបសឹក​ភូមា​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ