អានតួអត្ថបទ
កូរ៉េខាងត្បូង-ផ្កាយរណបចារកិច្ច

កូរ៉េខាង​ត្បូង​បង្ហោះ​ផ្កាយ​រណប​ចារកិច្ច​ទីពីរ​ ដោយ​ជោគជ័យ

កូរ៉េខាង​ត្បូង​បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី ៨ មេសា២០២៤​នេះ បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកិច្ច​ទៅពីរ ទៅ​ក្នុង​គន្លង​តារាវិថី​ដោយ​ជោគជ័យ។ នេះ​ជា​ផ្កាយ​រណប​ដែល​ផលិត ​នៅ​លើ​ទឹក​ដី​កូរ៉េខាង​ត្បូង ផ្ទាល់​តែ​ម្តង ហើយពាំ​​បង្ហោះ​ដោយ​ក្រុមហ៊ុន​អាមេរិក​SpaceX។

​ផ្កាយ​រណប​ចារកិច្ច​ទីពីររបស់​កូរ៉េខាង​ត្បូង បាញ់​បង្ហោះ​ដោយ​ជោគជ័យ​នៅថ្ងៃទី ៨​មេសា​២០២៤
​ផ្កាយ​រណប​ចារកិច្ច​ទីពីររបស់​កូរ៉េខាង​ត្បូង បាញ់​បង្ហោះ​ដោយ​ជោគជ័យ​នៅថ្ងៃទី ៨​មេសា​២០២៤ AP
ផ្សាយពាណិជ្ជកម្ម

បង្ហោះ​ចេញ​ដោយ​កាំជ្រួច​Falcon៩ របស់​ក្រុមហ៊ុន​SpaceX ផ្កាយរណប​ចារកិច្ចទីពីរ​របស់​យោធា​កូរ៉េខាង​ត្បូង បាន​​ផ្តាច់​​ចូល​ក្នុង​គន្លង​តារាវិថី​នៅ​វេលា​ម៉ោង​៩និង​២នាទី ម៉ោង​នៅក្នុង​ស្រុក។ ជាងមួយ​ម៉ោង​ក្រោយ​មក ពោល​គឺនៅ​ម៉ោង​១០និង​៥៧នាទី ផ្កាយរណប​បាន​ភ្ជាប់​ទំនាក់ទំនង​ពីអវកាសមក​កាន់​​ស្ថានីយ៍​នៅ​ផ្ទាល់​ដី នៅ​បរទេស។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​​របស់​ក្រសួង​ការពារ​ជាតិកូរ៉េខាង​ត្បូង។ ​

នៅពេល​​​ផ្កាយរណប​ចារកិច្ច​ទីពីរនេះ​ចាប់​ផ្តើមបំពេញ​បេសកកម្មរបស់​ខ្លួន​ ​ យោធា​កូរ៉េខាង​ត្បូង​នឹង​អាច​ឈ្លប​មើលហេដ្ឋា​​រចនា​សម្ព័ន្ធ​សំខាន់​ៗ​របស់​កូរ៉េខាង​ជើង ជារៀង​រាល់​ពី​រម៉ោង​ម្តង។ កាលពី​ខែ​ធ្នូ២០២៣ កូរ៉េខាង​ត្បូង​បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកិច្ច​ទី​មួយ ដែល​មាន​សមត្ថភាពថតរូបភាព​ប្រកប​ដោយ​គុណភាពខ្ពស់​បំផុត អំពី​សកម្មភាពនៅកណ្តាល​ក្រុង​ព្យុងយ៉ាង បញ្ជូនមក​ឱ្យ​អាជ្ញាធរ។ ផ្កាយ​រណបមួយ​​នេះ​ចាប់​បំពេញ​តួនាទីរបស់​ខ្លួន​នៅ​ខែ​មិថុនា។​

សម្រាប់​យោធា​កូរ៉េខាងត្បូង សមត្ថភាព​ចារកិច្ច ស៊ើបរក​ព័ត៌មាន និង​តាមដានដោយ​ឯករាជ្យ​ របស់​កូរ៉េខាង​ត្បូង ត្រូវ​បានពង្រឹង​យ៉ាងខ្លាំង​ តាម​រយៈជោគជ័យ​នៃ​ការ​បង្ហោះ​ផ្កាយរណបជា​លើក​ទីពីរ​​ថ្ងៃ​នេះ។ ដូច្នេះ​សេអ៊ូលនឹងបន្ត​​បង្ហោះ​ផ្កាយ​រណប​ថ្មីៗ​ទៀត ដោយ​​រំពឹង​ថានឹង​អាច​មាន​ផ្កាយ​រណប​ចារកិច្ច​ចំនួន​សរុប​៥​គ្រឿង នៅ​ឆ្នាំ​២០២៥ សម្រាប់​ឈ្លប​មើល​កូរ៉េខាង​ជើង។

លោក ស្ហ៊ិន វុនស៊ិក រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិកូរ៉េខាង​ត្បូងបាន​អះអាង​នៅ​ថ្ងៃចន្ទ​នេះ​ថា​ កំពុង​តាមដាន​កូរ៉េខាង​ជើងយ៉ាង​ប្រុង​ប្រយ័ត្ន​បំផុត ព្រោះ​ព្យុងយ៉ាង​ ​ក៏​ទំនង​កំពុងមាន​ចំណាត់ការ​បន្ថែម​ដើម្បី​​រៀប​ចំ​​បង្ហោះ​ផ្កាយ​រណប​មួយ​ទៀត​ដែរ​នៅ​ថ្ងៃ​រវាង​ថ្ងៃ​ទី​១៥មេសា​ខាង​មុខ​នេះ បន្ទាប់​ពី​គ្រោង​បង្ហោះ​កាលពី​ខែមីនា​មិន​បាន​សម្រេច។ តាម​ទម្លាប់ នៅ​ថ្ងៃ​១៥មេសា​ដែល​ជា​ថ្ងៃ​ខួប​កំណើតរបស់​ប្រមុខ​គីមអ៊ីលស៊ុង បិតា​ស្ថាបនា​ជាតិ​កូរ៉េខាង​ជើង ព្យុងយ៉ាង​តែង​អបអរ​ដោយ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ឬ​ព្យុះហយាត្រា​ធំៗ។ បន្ទាប់​ពី​បរាជ័យ​អស់​ពីរ​លើក​ កូរ៉េខាង​ជើង​បាន​ប្រកាស​បង្ហោះ​ផ្កាយរណប​ចារកិច្ច​ទីមួយ​របស់​ខ្លួន​ទៅក្នុង​គន្លង​តារាវិថី ដោយ​ជោគជ័យ​ដែរ កាលពី​​ខែ​វិច្ឆិកា​២០២៣ ហើយ​បានទទួល​​រូបភាព​ជា​ច្រើន​ទាក់ទង​នឹង​មូលដ្ឋាន​យោធា​អាមេរិក​Pearl Harbor នៅ​ហាវៃ និង​ទីតាំង​រសើបៗ​របស់​កូរ៉េខាង​ត្បូង​ផង។ បើ​ជា​ប្រតិបត្តិការ​ជោគជ័យមែន កូរ៉េខាង​ជើង​អាច​ប្រមូល​ព័ត៌មាន​ស្តីពី​កូរ៉េខាង​ត្បូង​បានកាន់​តែ​ច្រើន​និង​មាន​ទិន្នន័យ​សំខាន់ៗ​លើ​គ្រប់​ជម្លោះ។ នេះ​បើ​តាមការ​សន្និដ្ឋាន​របស់​​អ្នក​ជំនាញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ