អានតួអត្ថបទ
ភូមា-ព្រំដៃនថៃ

ប្រជាជនភូមារត់ឆ្លងចូលដីថៃ ខណៈដែលកងទ័ពនិងក្រុមប្រឆាំងប្រយុទ្ធគ្នា​កាន់តែខ្លាំងនៅរដ្ឋជាប់ព្រំដែន

នៅថ្ងៃអង្គារ ប្រជាជន​ភូមា​រស់នៅក្នុងរដ្ឋ​ជាប់ព្រំដែន​បាន​រត់ឆ្លងចូលទឹកដីថៃ នៅបន្ទាប់ពីលឺ​សំឡេងផ្ទុះគ្រាប់ និងការប្រកាស​របស់​ក្រុមឧទ្ទាមប្រដាប់អាវុធដែរថា ខ្លួន​ទើបវាយដណ្តើមបាន​បន្ទាយទាហាន​របស់​របបសឹកនៅក្បែរព្រំដែនភូមា ថៃ។ បើតាម​ទីភ្នាក់ងារព័ត៌មានបារាំង AFP​ដែលស្រង់សំដីរបស់ប្រជាជនភៀសខ្លួនភូមា គេលឺសំឡេងប្រយុទ្ធគ្នាកាន់តែសន្ធឹក​ខ្លាំង​នៅ​ក្នុងទីក្រុង​Myawaddy ដែលជាច្រកពាណិជ្ជកម្ម​សំខាន់​មួយរបស់​រដ្ឋាភិបាល​ភូមា​ជាមួយ​ប្រទេស​ថៃ។ នៅថ្ងៃអង្គារដដែល រដ្ឋមន្រ្តីការបរទេស​ថៃ​ប្រកាស​ថា ថៃត្រៀមខ្លួន​ដើម្បី​ទទួល​ពលរដ្ឋភៀសសឹកភូមា​ចំនួន ១សែននាក់។

រូបថត​របស់​កងទ័ពថៃ​បង្ហាញ​ប្រជាជនភូមារត់ឆ្លងចូលដីថៃ ខណៈដែលកងទ័ពនិងក្រុមប្រឆាំងប្រយុទ្ធគ្នា​កាន់តែខ្លាំងនៅរដ្ឋជាប់ព្រំដែន
រូបថត​របស់​កងទ័ពថៃ​បង្ហាញ​ប្រជាជនភូមារត់ឆ្លងចូលដីថៃ ខណៈដែលកងទ័ពនិងក្រុមប្រឆាំងប្រយុទ្ធគ្នា​កាន់តែខ្លាំងនៅរដ្ឋជាប់ព្រំដែន AFP - HANDOUT
ផ្សាយពាណិជ្ជកម្ម

នៅក្បែរ​ទីក្រុង​Myawaddy ដែលជាប់ព្រំដែនភូមា ថៃ ការប្រយុទ្ធគ្នា​រវាង​កងទ័ពរដ្ឋាភិបាល​សឹក និង​ក្រុមប្រឆាំង​ភូមាកាន់តែខ្លាំងក្លាឡើង គិតចាប់តាំងពី​ចុងសប្តាហ៍មុន។ នៅ​ថ្ងៃអង្គារ អ្នកភូមិ​ភូមា​រាប់រយនាក់​បាន​រត់​ឆ្លងស្ទឹង​ចូលទៅ​ទីក្រុង​Mae Sot ក្នុងទឹកដីថៃ បន្ទាប់ពី​ពួកគេ​លឺ​សំឡេងផ្ទុះ និងការប្រយុទ្ធគ្នាកាន់តែកៀកចូលក្រុង។

នៅ​ថ្ងៃ​សៅរ៍​កន្លងទៅ ក្រុម​ទាហានរបស់​សហភាពជនជាតិជាតិការ៉ែន ទើបបានអះអាងថា គេ​វាយដណ្តើមយកបាន​បន្ទាយទាហាន​មួយកន្លែងរបស់​របបសឹកភូមា ដែលស្ថិតនៅ​ចម្ងាយ​ជាង ១០គីឡូម៉ែត្រ​ពីទីក្រុង​ Myawaddy។ ទាហាន​ជាង​៦០០នាក់ និង​ក្រុមគ្រួសាររបស់ពួកគេ​បានទម្លាក់អាវុធ លើកទង់ជ័យស ចុះចាញ់។ នេះបើតាម​ក្រុមប្រដាប់អាវុធរបស់​សហភាពជាតិការ៉ែន ។

រដ្ឋាភិបាល​សឹកភូមា​វិញ​មិនព្រម​ឆ្លើយតប​នឹង​សំណួរ​របស់អ្នកកាសែត ទាក់ទង​នឹង​ការអះអាង​របស់​ក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែន។ ប៉ុន្តែ ប្រជាជន​ដែលរត់គេចពីទីក្រុង​ Myawaddy បាន​ប្រាប់អ្នកកាសែតរបស់ទីភ្នាក់ងារAFPថា កាលពីថ្ងៃអង្គារទី​៩​មេសា គេ​មិន​ឃើញ​មានទាហាន​ការ៉ែន ​នៅក្នុង​ទីក្រុង​ Myawaddy។ ម្យ៉ាងស្ពានតភ្ជាប់ទីក្រុង​ Myawaddy​ទៅកាន់ទីក្រុង​Mae Sot ក្នុងទឹកដី​ថៃ​នៅ​តែ​បើកចរាចរណ៍​ធម្មតា។

នេះអាច​ជា​សញ្ញា​ថា ទីក្រុង​របស់​របបសឹកភូមា នៅជាប់ព្រំដែនថៃ​នៅមិនទាន់ធ្លាក់ក្នុងដៃ​របស់​ក្រុមប្រដាប់អាវុធជនជាតិភាគតិច​ការ៉ែននៅឡើយ។​​

នៅថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេស​ថៃ លោក Parnpree Bahiddha Nukara បាននិយាយ​ប្រាប់អ្នកកាសែតថា ទោះមិនទាន់​មានការ​ជម្លៀស​ប្រជាជនទ្រង់ទ្រាយធំ ចេញពីតំបន់​ប្រយុទ្ធគ្នា ប៉ុន្តែ នៅប៉ុន្មានថ្ងៃមកនេះ ប្រជាជន​ភូមា​ចាប់ផ្តើម​ឆ្លងស្ទឹង ចូលទៅក្នុង​ទឹកដីថៃ។ បើតាម​ប្រមុខការបរទេស​ថៃដដែល រដ្ឋាភិបាលបាងកក​ត្រៀមខ្លួន​ទទួល​ជាបណ្តោះអាសន្ន​ ប្រជាជនភៀសខ្លួនភូមា ​១សែននាក់ នៅក្នុង​តំបន់​មានសុវត្ថិភាព​ជាប់ព្រំដែនថៃភូមា។

ការប្រយុទ្ធគ្នា​កាន់តែ​ខ្លាំងរវាង​កងទ័ពភូមា និងក្រុមប្រឆាំង ក្រុមប្រដាប់អាវុធភាគតិច​ការ៉ែន ដើម្បីដណ្តើម​គ្រប់គ្រង​ទីក្រុង​យុទ្ធសាស្រ្ត​ Myawaddy នៅជាប់ព្រំដែនថៃ កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ថៃព្រួយបារម្ភ​ខ្លាចក្រែងស្ថានការណ៍​នៅព្រំដែនប្រទេស​ទាំងពីរកាន់តែ​ធ្លាក់ចុះ​អាក្រក់។ នៅ​ថ្ងៃ​ចន្ទដើមសប្តាហ៍នេះ រដ្ឋាភិបាល​របស់​លោក​សេដ្ឋា ថៈវីស៊ីន​ប្រកាសថា របបសឹកភូមា​បាន​សុំ​ការអនុញ្ញាត​ដើម្បី​បញ្ជូន​យន្តហោះ​មក​ដឹកយកជនជាតិភូមា​ដែល​បាន​រត់គេចចេញពីតំបន់ប្រយុទ្ធ ទៅជ្រកកោនក្នុងទឹកដីថៃ។​​

​​​ជាច្រកព្រំដែនសំខាន់​ទី៣​របស់របបសឹកភូមា Myawaddyស្ថិតនៅផ្លូវ​Asia Highway ដែល តភ្ជាប់ទីក្រុងMae Sotរបស់ប្រទេស​ថៃ​ទៅ​ដល់​ទីក្រុង​រ៉ង់ហ្គូន។ នៅក្នុង​រយៈពេល​មួយឆ្នាំមកនេះ ទំនិញ​តម្លៃជាង​១ពាន់លាន​ដុល្លារ​បាន​ឆ្លងកាត់​ទីក្រុង​មួយនេះ។ នេះបើតាម​ក្រសួងពាណិជ្ជកម្ម​របស់រដ្ឋាភិបាល​សឹកភូមា។

ទីក្រុង​ Myawaddyស្ថិតក្នុងរដ្ឋ​ការ៉ែន ក៏ជាទីដែលក្រុមប្រដាប់អាវុធជនជាតិភាគតិចការ៉ែនប្រយុទ្ធគ្នាជាច្រើនទសវត្សរ៍​ជាមួយ​កងទ័ពភូមាដើម្បីទាមទារគ្រប់គ្រងស្វយ័តទៅលើរដ្ឋការ៉ែន។ ចាប់តាំង​ពី​រដ្ឋប្រហារ​យោធា​ទម្លាក់រដ្ឋាភិបាល​ស៊ីវិល​នៅ​ឆ្នាំ ២០២១ ចលនា​ប្រដាប់អាវុធជនជាតិភាគតិចការ៉ែន​បាន​ផ្តល់ជំរកដល់​ក្រុមប្រឆាំងភូមា និងបាន​បង្វឹកហាត់​ចលនា​យុវជន​ប្រឆាំង​រដ្ឋប្រហារ។ នៅ​ដើម​ឆ្នាំនេះ ឆ្មាំការពារ​ព្រំដែន​ក្នុងរដ្ឋ​ការ៉ែន នៅជាប់ព្រំដែនថៃ បាន​ប្រកាស​ថា ពួកគេ​លែងទទួលបញ្ជា​ពី​ពួកយោធា​ភូមា​តទៅទៀត។ ការណ៍នេះធ្វើ​ឲ្យកងទ័ពភូមា​ដែលកំពុង​ធ្លាក់ដៃ របូតបាត់ទីក្រុង​ធំៗនៅតាម​ព្រំដែនជាមួយ​ចិន ឥណ្ឌា និងបង់ក្លាដែស ​​រឹតតែចុះខ្សោយ​កម្លាំង លែង​អាច​ឈរជើង​នៅ​​រដ្ឋ​ការ៉ែន នៅជាប់ព្រំដែន​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ