អានតួអត្ថបទ
កូរ៉េខាង​ត្បូង-បោះឆ្នោត

កូរ៉េខាង​ត្បូង៖ បក្ស​កាន់​អំណាច​បរាជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​សភាដែល​មាន​តម្លៃ​ជា​ប្រជាមតិ

បន្ទាប់ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​វិបត្តិ​​ជាក់​ស្តែងជា​ច្រើន​របស់​ប្រទេស នៅ​ថ្ងៃពុធ​ទី​១០មេសានេះ កូរ៉េខាងត្បូង​រៀប​ចំ​ការ​បោះឆ្នោត​សភា​។ ជា​ការ​បោះឆ្នោត​ដ៏​សំខាន់​ដែល​​មាន​តម្លៃ​ដូច​ធ្វើ​ប្រជាមតិ​សម្រាប់លោក​យូន ស៊ុកយោល ​ប្រធានាធិបតី​កំពុង​កាន់​អំណាច​។ ជាប់​ឆ្នោត​យ៉ាង​ប្រផុតប្រផើយ​កាលពី​ឆ្នាំ​២០២២ ​លោក​យូន ស៊ុកយោល ចង់​ឃើញ​គណបក្ស​របស់លោកឈ្នះ​ឆ្នោតនៅ​​លើក​នេះ​និង​មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា ដែល​កាន់​កាប់​ដោយ​បក្ស​ប្រឆាំង​តាំងពី​ឆ្នាំ​២០១៦មក។ ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ បើ​តាម​លទ្ធផល​បឋម​ គណបក្ស​ប្រជាធិបតេយ្យ​ជា​គូ​ប្រជែង​ បាន​ឈ្នះ​ឆ្នោត​យ៉ាង​ត្រចះ​ត្រចង់ ដោយ​ទទួល​បាន​១៩៧​អសនៈ​លើ​៣០០។

សកម្មភាព​​បោះឆ្នោត​សភានៅកូរ៉េខាង​ត្បូង ថ្ងៃទី ១០ មេសា​២០២៤
សកម្មភាព​​បោះឆ្នោត​សភានៅកូរ៉េខាង​ត្បូង ថ្ងៃទី ១០ មេសា​២០២៤ REUTERS - Kim Soo-hyeon
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​កូរ៉េខាង​ត្បូង ត្រូវ​ចេញ​ទៅ​បោះឆ្នោត​សភា ជ្រើសរើស​តំណាង​រាស្ត្រ​៣០០​រូប នៅ​ថ្ងៃពុធ​ទី១០មេសា​នេះ ក្នុង​ជម្រើសមួយ​ដ៏​លំបាក គឺ​រវាង​គណបក្ស​ដែលដឹកនាំ​ដោយ​​ប្រធានាធិបតី​អប្រជាប្រិយបំផុត និង​គណបក្ស​ប្រឆាំង​រួត​រឹត​ដោយរឿង​អាស្រូវ​​អំពើ​ពុក​រលួយផង និង​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​សង្គមតាន​តឹង​ដោយ​លំហប្រជាធិបតេយ្យ​​រួម​តូច​ផង។

ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​លោក​យូន ស៊ុកយោល ​សារព័ត៌មាន​មាន​សេរីភាពពេញ​លេញ​ជា​ទូទៅ​មែន តែ​ដើម្បី​គេច​ពី​បណ្តឹង​បរិហារកេរ្ត៍​ អ្នក​កាសែត​ខ្លះ​ដាក់​កំហិត​ខ្លួន​ឯង​។ កាសែត​រិះគន់​រងការ​ឆែកឆេរ វិទ្យុ​ហ៊ាន​បរិហារ​រឿង​អាស្រូវ​មួយ​បាន​បិទ។ តុលាការ​ធ្លាប់​តែ​ឯករាជ្យ​ក៏​រង​សម្ពាធ​ពី​អ្នក​កាន់​អំណាច​និង​ខ្លះ​មាន​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​។ កូរ៉េខាង​ត្បូងបាន​​ធ្លាក់​ចំណាត់​ថ្នាក់​ពី​លេខ​២៨​​ទៅ​ជាង​៤៧​ក្នុង​ផ្នែក​ប្រជាធិបតេយ្យ។

កូរ៉េខា​ង​ត្បូង​កំពុង​ប្រឈម​នឹងការ​លំបាក​​ជា​ច្រើន​ដូច​ជា​វិបត្តិ​អតិផរណា​ សេដ្ឋកិច្ច​បន្ថយ​ល្បឿន តម្លៃ​អចលនទ្រព្យ​ប៉ោង​ខ្លាំង​ស្ទើរ​ផ្ទុះ ប្រជាពលរដ្ឋ​កាន់​តែ​ចាស់ អត្រា​កំណើត​ធ្លាក់​ទាប​បំផុត​មិនធ្លាប់​មាន​ និង​ខ្លាំង​ជាង​គេ​នៅលើ​ពិភពលោក ព្រមទាំង​បញ្ហា​សន្តិសុខ​និង​ការ​គំរាមកំហែង​ក្នុង​តំបន់​ទៀត។ ​​លោក​យូនស៊ុកយោល ដែល​មាន​នយោបាយ​តឹង​តែង​ខ្លាំង​ដាក់​កូរ៉េខាងជើង ដោយ​សម្រេច​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​អាមេរិក​ និង​ងាក​ទៅ​​​ស្និទ្ធ​នឹងជប៉ុន សង្ឃឹម​ដណ្តើម​បាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​​នៅក្នុង​សភា​ ដើម្បី​អាច​បន្ត​​នយោបាយការ​បរទេស​នេះ។

ប៉ុន្តែ​ជាលទ្ធផល ​គណបក្ស​ប្រឆាំង​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​។ ដឹកនាំ​ដោយ​ លោក​លី ចែម្ញុង ​ដែល​ធ្លាប់ចាញ់​​លោក​យូនស៊ុកយោល ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតីឆ្នាំ​២០២២ គណបក្សប្រជាធិបតេយ្យ​​​ បាន​​​ទទួលជោគជ័យ​ជា​ថ្មី មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា ដល់​ទៅ​​១៩៧​អាសនៈ លើអាសនៈ​សរុប​ចំនួន​៣០០ ​​នៅ​ក្នុង​សម័យ​បោះឆ្នោត​សភា​នៅ​ថ្ងៃ​ពុធ​ទី​១០​មេសានេះ។ ពោល​គឺ​ច្រើន​ជាង​អាណត្តិ​មុន​ទៅ​ទៀត។ ចំណែក​គណបក្ស​ប្រជាជន​របស់​លោក​យូនស៊ុកយោល និង​សម្ព័ន្ធមិត្ត​ បាន​អាសនៈ​សរុប​ប្រមាណ​ពី ៨៥ទៅ​៩៩​កៅ​អី ទល់​នឹង​១១៤​កាល​ពី​មុន។

មាន​ប្រជាប្រិយភាព​ប្រមាណ​ត្រឹម​តែ​៣០% តាំងពី​បាន​​ជាប់​ឆ្នោតក្លាយ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២២មក នេះជា​បរាជ័យ​ដ៏​ធ្ងន់ធ្ងរបន្ថែម​ទៀត​​សម្រាប់​លោក​យូនស៊ុកយោល ដែល​មិន​ត្រឹម​តែ​មិន​អាច​​សម្រេច​កម្មវិធី​ដឹកនាំ​ប្រទេស​បែប​អភិរក្ស​សង្គម​ខ្លាំងរបស់​ខ្លួន​បាន​​ទេ តែ​ថែម​ទាំង​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ពី​តំណែង​ផង។

បើ​រួម​ដៃ​ជាមួយ​គណបក្ស​ស្ថាបនា​កូរ៉េឡើង​វិញ ដែល​ទើប​បង្កើត​ថ្មី​និង​ក្លាយ​ជា​កម្លាំង​នយោបាយទីបី​នោះ គណបក្ស​ប្រជាធិបតេយ្យ អាច​ប្រមូល​​​​​សំឡេង​ភាគ​ច្រើនដាច់​ខ្លាំង​ខ្លាំង​ដល់ជាង​​ ២ភាគ​បី​ ក្នុង​ការ​​រៀប​ចំ​​ដំណើរ​បែប​បទ​សភា​ទម្លាក់​លោក​យូន​ស៊ុកយោល ដែល​លែង​អាច​ប្រើ​​សិទ្ធិ​ប្រឆាំង​វេតូការ​ពារ​តួនាទី​ជា​ប្រធានាធិបតីបាន​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ