អានតួអត្ថបទ
អាមេរិក-ចិន

លោក​បៃដិន សន្យាការពារ​ហ្វីលីពីន ក្នុងករណី​មានការវាយប្រហារនៅសមុទ្រចិនខាងត្បូង

កាលពីថ្ងៃព្រហស្បតិ៍ ទី​១១មេសា លោក​ប្រធានាធិបតី ចូ បៃដិន បានដឹកនាំជំនួបកំពូលត្រីភាគី​ពិសេសមួយ ជាមួយ​នឹងលោក​ប្រធានាធិបតី​ហ្វីលីពីន និ​ងលោក​នាយករដ្ឋមន្ត្រីជប៉ុន​។ ជំនួបកំពូលត្រីភាគីនៅទីក្រុងវ៉ាស៊ីនតោននេះ​ គឺផ្តោតសំខាន់ទៅ​លើ​ការការពារសន្តិសុខ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាទីដែល​ចិនកំពុងតែ​ពង្រីកសកម្មភាព​យោធា​កាន់តែខ្លាំង​។ នៅក្នុងជំនួបនេះ លោក​ចូ បៃដិនបានប្រាប់ទៅ​លោក​ម៉ារកូស ប្រធានាធិបតីហ្វីលីពីនថា សហរដ្ឋអាមេរិក​សន្យាការពារហ្វីលីពីន ប្រសិន​បើមានការវាយប្រហារណាមួយ​ នៅក្នុងសមុទ្រចិនខាងត្បូង​។

លោកចូ បៃដិន ឈរថតរូបជាមួយ​លោក​ប្រធានាធិបតីហ្វីលីពីន  Ferdinand Marcos Jr. និង​លោក​នាយករដ្ឋមន្ត្រីជប៉ុន​ Fumio Kishida ក្នុងឱកាស​ជំនួបកំពូលត្រីភាគី នៅសេតវិមាន ក្រុងវ៉ាស៊ីនតោន ថ្ងៃទី១១ មេសា ២០២៤
លោកចូ បៃដិន ឈរថតរូបជាមួយ​លោក​ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. និង​លោក​នាយករដ្ឋមន្ត្រីជប៉ុន​ Fumio Kishida ក្នុងឱកាស​ជំនួបកំពូលត្រីភាគី នៅសេតវិមាន ក្រុងវ៉ាស៊ីនតោន ថ្ងៃទី១១ មេសា ២០២៤ REUTERS - Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ក្នុងឱកាសជំនួបកំពូលត្រីភាគី ជាមួយ​លោក​​ប្រធានាធិបតីហ្វីលីពីន ហ៊ែរឌីណង់ ម៉ារកូស និង​លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា លោក​ចូ បៃដិន បាន​ប្រកាសថា គ្រប់ការវាយប្រហារទាំងអស់នៅក្នុងតំបន់សមុទ្រចិនខាងត្បូង មិនថាធ្វើមកលើ​យន្តហោះ ឬនាវារបស់កងទ័ពហ្វីលីពីនទេ គឺវានឹង​ញ៉ាំងឲ្យ​មាន​ការអនុវត្ត សន្ធិសញ្ញា​ជួយការពារគ្នាទៅវិញទៅមករវាងហ្វីលីពីននិងសហរដ្ឋអាមេរិក។ បើនិយាយឲ្យងាយស្តាប់ គឺលោក​ចូ បៃដិន បាន​អះអាងថា​​ ក្នុងករណីដែលហ្វីលីពីន រងនូវការវាយប្រហារណាមួយនៅក្នុងសមុទ្រចិនខាងត្បូង គឺអាមេរិកនឹងទៅជួយការពារ​ហ្វីលីពីនភ្លាម។

ទោះបី លោកចូ បៃដិន មិនបញ្ចេញឈ្មោះឲ្យចំ តែគ្រប់គ្នាដឹងយ៉ាងច្បាស់ ថាលោក​បានសំដៅ​ទៅលើចិន ដែលកំពុងតែវាតទីអាងយ៉ាង ប្រើប្រាស់វត្តមានយោធា នៅក្នុងតំបន់សមុទ្រចិនខាងត្បូង​។ លោក​ចូ បៃដិន បានអះអាង​បន្ថែមថា ការសន្យារបស់សហរដ្ឋអាមេរិក​ នៅក្នុងការការពារសន្តិសុខរបស់ហ្វីលីពីន និងជប៉ុន​ គឺគ្មានថ្ងៃរង្គោះរង្គើ​ជា​ដាច់ខាត​។ លោក​​ចូ បៃដិន បាន​រំលឹកឡើងវិញ អំពី​កម្មវត្ថុរួម បំណងប្រាថ្នារួម ដែលចង់​ធ្វើ​ឲ្យ​តំបន់​អាស៊ីប៉ាស៊ីហ្វិក ជាតំបន់ “សេរី បើកចំហ មានវឌ្ឍនភាព និងមានសុវត្ថិភាព”។

ប៉ុន្មានម៉ោងក្រោយ​ចប់ជំនួបកំពូលនៅវ៉ាស៊ីនតោន មេដឹកនាំទាំង​៣​​ បានចេញលិខិតប្រកាសរួម ដោយ​បានលើកឡើង អំពីការព្រួយបារម្ភកាន់តែខ្លាំង ប្រឈមនឹង​​សកម្មភាព​ដ៏គ្រោះថ្នាក់ និង​ព្រហើនកោងកាច​របស់​សាធារណរដ្ឋប្រជាមានិត្យចិន​ នៅក្នុងតំបន់សមុទ្រចិនខាងត្បូង​។ មេដឹកនាំទាំងបី បាន​គូស​បញ្ជាក់ពីការព្រួយបារម្ភ ទាក់ទិននឹងសកម្មភាពក៏ដូចជាការបោះទីតាំងយោធា នៅតាមដែនកោះ និង​ដែនទឹក ដែល​ចិន​ដណ្តើមគ្រប់គ្រង​ដោយ​ខុសច្បាប់​។​

ព្រឹក​ថ្ងៃ​សុក្រ ទី​១២មេសា លោកស្រី ម៉ៅ នីង អ្នកនាំពាក្យ​ក្រសួង​​ការបទេសចិន បាន​ប្រតិកម្មតបទៅនឹង​ការលើកឡើងទាំងនេះ ដោយ​លោកស្រីបានអះអាងថា សកម្មភាពរបស់ចិន​នៅក្នុងតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង គឺជាសកម្មភាពត្រឹមត្រូវស្របច្បាប់ និងគ្មានអ្វី​អាចមក​ស្តីបន្ទោសបានឡើយ​។ អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​រូប​នេះ បាន​បន្ថែមថា ចិន​នឹង​ប្រឆាំងជាដាច់ខាត ចំពោះសកម្មភាព​រករឿង បង្កបញ្ហា បង្កើតជម្លោះ ដែលប៉ះពាល់​មកលើសន្តិសុខ និង​ផលប្រយោជន៍យុទ្ធសាស្ត្ររបស់ប្រទេសដ៏ទៃ​។

គួរកត់សំគាល់ថា ប្រមាណ​២ឆ្នាំចុងក្រោយនេះ សន្តិសុខតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង បានជួបនូវបញ្ហាតានតឹងកាន់តែខ្លាំង។ ការគំរាមប្រើកម្លាំងវាយយកកោះតៃវ៉ាន់ ពីសំណាក់ចិន បានធ្វើឲ្យជប៉ុនព្រួយបារម្ភ ដល់សន្តិសុខខ្លួន។ បន្ថែមពីនេះ ការប៉ះទង្គិចគ្នា​រវាងកងទ័ពចិននិង​ឆ្មាំសមុទ្រហ្វីលីពីន បានកើតឡើងកាន់តែញឹកញាប់។ ហេតុផលទាំងនេះហើយ ទើបធ្វើ​ឲ្យ​មេដឹកនាំ​ហ្វីលីពីននិងជប៉ុន​ ទាមទារចង់​បាន​ការសន្យាជាក់ច្បាស់ពីសំណាក់សហរដ្ឋអាមេរិក ថាពិតជាជួយការពារគេពិតមែន ក្នុងករណី​ដែលមានការវាយប្រហារឈ្លានពានណាមួយពីចិន នៅថ្ងៃខាងមុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ