ស្លាប់មនុស្ស៦នាក់ ដោយការវាយប្រហារចាក់នឹងកាំបិត នៅអូស្ត្រាលី
នៅទីក្រុងស៊ីដនី យ៉ាងហោច ស្លាប់មនុស្ស ៦ នាក់ និងរបួសជាច្រើននាក់ ព្រោះតែការវាយប្រហារចាក់នឹងកាំបិត ថ្ងៃសៅរ៍ ទី១៣មេសា។ ក្នុងចំណោមមរណជនទាំង ៦ នាក់ ភាគច្រើនជាមនុស្សស្រី គឺមាន ៥នាក់ ស្លាប់នឹងកន្លែង ហើយម្នាក់ទៀត បានផុតដង្ហើមនៅមន្ទីរពេទ្យ។ បុរសខ្មាន់កាំបិត បានត្រូវប៉ូលិសបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ។ ភ្លាមៗនេះ នគរបាលអូស្ត្រាលីពុំទាន់ដឹងច្បាស់នៅឡើយទេ អំពីចេតនាពិតរបស់ឃាតករ។ ចំណែកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានបញ្ជាក់ថា ខ្មាន់កាំបិត ធ្វើសកម្មភាពតែម្នាក់ឯង។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣២
ហេតុការណ៍ចាក់នឹងកាំបិត បណ្តាលឲ្យស្លាប់និងរបួសជាច្រើននាក់នេះ បានកើតឡើងនៅរសៀលថ្ងៃសៅរ៍ ក្នុងផ្សារពាណិជ្ជកម្មមួយកន្លែង (Westfield Bondi Junction) ក្នុងទីក្រុងស៊ីដនី ។ តាមរូបភាពកាំមេរ៉ាត្រួតពិនិត្យសុវត្ថិភាព និងតាមសាក្សីនៅកន្លែងកើតហេតុ, ជនដៃដល់បានកាន់កាំបិតធំ១រត់ចូលផ្សារ ហើយធ្វើសកម្មភាពចាក់គេឯងយ៉ាងសាហាវ។ រំពេចនោះ អ្នករងរបួស ក៏ដេកដួលរណូករណែល។
ស្នងការនគរបាលអូស្ត្រាលី បញ្ជាក់ថា ប្រុសខ្មាន់កាំបិត ត្រូវប៉ូលិសបាញ់សម្លាប់ និងថា ក្នុងចំណោមអ្នករបួស ៨ នាក់ដែលបានបញ្ជូនទៅកាន់មន្ទីរពេទ្យ គឺ មានកូនក្មេងអាយុ ៩ ខែ ម្នាក់ផង។ លោកស្នងការរង Anthony Cooke បន្ថែមថា នេះរឿងដ៏ស្មុគស្មាញ។ សំណុំរឿងស៊ើបអង្កេតទើបតែបើកដំណើរការថ្មីថ្មោងពេក ប៉ូលិសនៅមិនទាន់ដឹងនៅឡើយពីចេតនាពិតរបស់បុរសខ្មាន់កាំបិត ហើយប៉ូលិសក៏កំពុងតែពិនិត្យពិច្ច័យដើម្បីកំណត់អត្តសញ្ញាណជនដៃដល់ដែលស្លាប់ទៅហើយ។
ភ្លាមៗ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អង់តូនី អាល់បានីស៊ី ក៏បានថ្លែងសាររំលែកទុក្ខព្រួយជាមួយនឹងគ្រួសារជនរងគ្រោះ និងបានចាត់ទុកព្រឹត្តិការណ៍ វាយប្រហារនៅកណ្តាលផ្សារ នៅថ្ងៃសៅរ៍ដ៏សាមញ្ញដូច្នេះ ថាជា ហេតុការណ៍ដ៏គួរឲ្យរន្ធន់ពន់ពេកក្រៃ ហើយនិង ស្ទើរតែរកយល់ពុំឃើញ និងរកពាក្យសម្តីណា មកថ្លែងរៀបរាប់ឲ្យត្រូវ។ ទោះយ៉ាងនេះក្តី លោកប្រមុខរដ្ឋាភិបាលអូស្ត្រាលី បានសង្កត់ធ្ងន់តាមប្រភពប៉ូលិសថា ខ្មាន់កាំបិត ធ្វើសកម្មភាពម្នាក់ឯង។ ក៏ប៉ុន្តែ អាជ្ញាធរអូស្ត្រាលី ក៏ពុំទាន់បិទលទ្ធភាពថាវាអាចមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះដែរ។
ក្រោយពីទ្រង់ជ្រាបពីហេតុការណ៍ចាក់បង្ហូរឈាមនៅស៊ីដនី, ព្រះមហាក្សត្រអង់គ្លេស ព្រះអង្គ ឆាលស៍ ទី៣ និងព្រះមហេសី ស្តេចបានសព្វព្រះទ័យថ្លែងសេចក្តីរន្ធត់ តក់ស្លុតជាខ្លាំង។ បើតាមសារលិខិតរបស់រាជវាំងអង់គ្លេស, ព្រះរាជាស្តេចយាងចូលរួមរំលែកទុក្ខជាមួយនិងក្រុមគ្រួសារជនរងគ្រោះព្រោះតែខ្មាន់កាំបិតដ៏គ្មានធម៌មេត្តានេះ។
នៅអូស្ត្រាលី ច្បាប់គ្រប់គ្រងការប្រើប្រាស់អាវុធ បានត្រូវរឹងបណ្តឹងយ៉ាងតឹងតែង។ ការវាយប្រហារដោយអាវុធ ឬកាំបិត ជារឿងកម្រកើតឡើងណាស់។ នៅខែវិច្ឆិកា ឆ្នាំ២០១៨ បុរសខ្មាន់កាំបិតម្នាក់ បានចាក់សម្លាប់មនុស្ស ស្លាប់ម្នាក់របួស២នាក់ នៅផ្លូវមួយ ក្នុងក្រុងម៊ែលប៊ន។ កាលណោះ ឃាតករត្រូវនគរបាលអូស្ត្រាលីបាញ់សម្លាប់ ហើយពួកអង្គការរដ្ឋអ៊ីស្លាមជីហាត បានអះអាងថាជាស្នាដៃរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ