ហ្ស៊កហ្ស៊ី៖ប្រទូសរ៉ាយគ្នាក្នុងសភាដោយសារគម្រោងច្បាប់ស្តីពី « ភ្នាក់ងារបរទេស »
នៅថ្ងៃចន្ទ ទី១៥ មេសា រដ្ឋសភាហ្ស៊កហ្ស៊ីបានចាប់ផ្តើមពិភាក្សាឡើងវិញលើគម្រោងច្បាប់ដ៏ចម្រូងចម្រាសស្តីពី « ភ្នាក់ងារបរទេស » ។ តែស្រាប់នៅក្នុងការពិភាក្សានោះក៏មានផ្ទុះឡើងនូវការវាយតប់គ្នារវាងអ្នកតំណាងរាស្ត្រ។ គួររម្លឹកថាកាលពីឆ្នាំ ២០២៣ គម្រោងច្បាប់ដដែលមួយនេះធ្លាប់បានបង្កឲ្យមានបាតុកម្មប្រឆាំងយ៉ាងខ្លាំងក្លាពីមហាជនដោយពួកគេចាត់ទុកជាគម្រោងច្បាប់សំដៅបំបិទសេរីភាព។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:១៦
រូបភាពនៃសម័យប្រជុំសភាបានបង្ហាញតំណាងរាស្ត្រម្នាក់របស់គណបក្សប្រឆាំងបានស្ទុះទៅដាល់ចំក្បាលតំណាងរាស្ត្រម្នាក់របស់គណបក្សកាន់អំណាចដែលជាសហអ្នកព្រាងច្បាប់ស្តីពី « ភ្នាក់ងារបរទេស »។ ព្រឹត្តិការណ៍មួយនេះក៏បានបង្កឲ្យមានការប្រទូសរ៉ាយគ្នានៅក្នុងសភាទាំងមូលរហូតដល់មានការផ្តាច់ការផ្សាយបន្តផ្ទាល់អំពីសម័យប្រជុំនេះ។ ក្នុងពេលជាមួយគ្នានៅខាងក្រៅរដ្ឋសភា មានបាតុករជាច្រើនពាន់នាក់បានជួបជុំគ្នាតាំងពីព្រឹកព្រលឹមថ្ងៃចន្ទ ទី១៥ មេសានៅមុខរដ្ឋសភាដើម្បីសម្តែងការប្រឆាំងដោយបានលាតសន្ធឹងទង់ជាតិរបស់សហភាពអឺរ៉ុបដែលហ្ស៊កហ្ស៊ីប្រាថ្នាចង់ចូលជាសមាជិក។
ក្រុមបាតុករបានយល់ឃើញថា គម្រោងច្បាប់ស្តីពី « ភ្នាក់ងារបរទេស » នេះត្រូវបានរដ្ឋាភិបាលចម្លងតាមច្បាប់រុស្ស៊ីដែលវិមានក្រេមឡាំងបានប្រើតាំងពីរាប់សិបឆ្នាំដើម្បីបំបិទមាត់ក្រុមប្រឆាំង។ « សង្គមហ្ស៊កហ្ស៊ីមានកម្លាំងគ្រប់គ្រាន់ដើម្បីទប់ប្រទេសកុំឲ្យរអិលចូលក្នុងរបបផ្តាច់ការដូចរុស្ស៊ី » នេះជាការថ្លែងរបស់លោក Saba Gotoua បាតុករម្នាក់ដែលជាស្ថាបត្យករវ័យ ៤៨ឆ្នាំ និងបន្ថែមថា « យើងនឹងមិនទុកបណ្តោយឲ្យសុបិន្តហ្ស៊កហ្ស៊ីដែលចង់ក្លាយជាសមាជិកសហភាពអឺរ៉ុបរបូតចេញពីដៃជាដាច់ខាត »។ កាលពីសប្តាហ៍កន្លងទៅក្នុងក្រុង Tbilissi មានពលរដ្ឋប្រមាណជា ៨ ០០០នាក់ធ្លាប់បានចុះផ្លូវធ្វើបាតុកម្មប្រឆាំងនឹងគម្រោងច្បាប់ស្តីពី « ភ្នាក់ងារបរទេស » នេះ។
គួរបញ្ជាក់ថា អស់រយៈពេលជាកន្លងមកដែលហ្ស៊កហ្ស៊ីមានមហិច្ឆតាបង្កើនទំនាក់ទំនងស៊ីជម្រៅជាមួយបស្ចិមលោក។ តែផ្ទុយទៅវិញ គណបក្សកាន់អំណាចបានជាប់ចោទពីបទមានទំនោរ និងចង់បង្ខិតហ្ស៊កហ្ស៊ីដែលជាអតីតសាធារណរដ្ឋសូវៀតទៅរករុស្ស៊ី។ គម្រោងច្បាប់ស្តីពី « ភ្នាក់ងារបរទេស » ដែលបក្សកាន់អំណាចចង់បានពេលនេះជាសក្ខីកម្មមួយដែលមិនអាចប្រកែកបាន។ អត្ថបទនៅក្នុងគម្រោងច្បាប់នេះបានតម្រូវឲ្យអង្គការណាដែលទទួលបានហិរញ្ញប្បទានពីបរទេសជាង ២០% ត្រូវចុះបញ្ជីក្រោមស្លាកសញ្ញាថា អង្គការនោះបម្រើផលប្រយោជន៍របស់មហាអំណាចបរទេស និងដែលត្រូវជាប់ពិន័យ។
រដ្ឋអំណាចហ្ស៊កហ្ស៊ីប្តេជ្ញាការពារគម្រោងច្បាប់ដែលតម្រូវឲ្យអង្គការទាំងនោះបង្ហាញពីតម្លាភាពនៃមូលនិធិរបស់ខ្លួន។ តែក្រុមប្រឆាំងបានមើលឃើញថា គម្រោងច្បាប់នេះជាឧបករណ៍ដើម្បីបំភិតបំភ័យអង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយណាដែលឯករាជ្យ។ នយោបាយវិទូលោក Ghia Nodia បានគូសបញ្ចាក់ថា គណបក្សកាន់អំណាចតែងអះអាងពីការនាំហ្ស៊កហ្ស៊ីចូលសហភាពអឺរ៉ុប តែតាមពិតទៅ គណបក្សនេះកំពុងបំផ្លាញផ្លូវអឺរ៉ុបពីហ្ស៊កហ្ស៊ីទៅវិញទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ