របបសឹកភូមាសម្រាលទោសលោកស្រីអ៊ុងសានស៊ូជីឱ្យចេញពីពន្ធនាគារទៅជាប់ឃុំនៅផ្ទះ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណី រដ្ឋាភិបាលសឹកភូមាបានសម្រេចដោះលែងអ្នកទោសចំនួនជាងបីពាន់នាក់។ ប្រមុខដឹកនាំបក្សប្រឆាំងលោកស្រី អ៊ុងសានស៊ូជី គ្មានឈ្មោះក្នុងបញ្ជីដោះលែងនោះទេ ប៉ុន្តែរបបសឹកបានសម្រេចសម្រាលទោស ដោយផ្ទេរលោកស្រីចេញពីពន្ធនាគារ ទៅឃុំឃាំងនៅក្នុងគេហដ្ឋានវិញ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៣
មិនដឹងថាតើករណីលោកស្រីអ៊ុងសានស៊ូជី ជាការសម្រាលទោសជាបណ្តោះអាសន្ន ឬជាសេចក្តីសម្រេច ជាផ្លូវការទេ។ បើតាមប្រភពមិនបញ្ចេញឈ្មោះ របបសឹកផ្ទេរលោកស្រីប្រមុខបក្សប្រឆាំងអ៊ុងសានស៊ូជី និងលោក វីន មីង អតីតប្រធានាធិបតីភូមា ចេញពីពន្ធនាគារហើយ នៅថ្ងៃពុធទី ១៧មេសា២០២៤នេះ ដោយយកទៅឃុំឃាំងនៅក្នុងគេហដ្ឋានវិញ។
នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យរដ្ឋាភិបាលសឹកពន្យល់ថា ដោយហេតុតែរលកកម្តៅសីតុណ្ហភាពឡើងខ្លាំងខុសប្រក្រតី ទើបអាជ្ញាធរសម្រេចចាត់វិធានការការពារអ្នកទោសទន់ខ្សោយ។ ក្រៅលោកស្រីអ៊ុងសានស៊ូជី និងលោក វីន មីង អ្នកទោសវ័យចំណាស់ជាច្រើនផ្សេងសុទ្ធតែបានទទួលថែទាំចាំបាច់ ប្រឈមនឹងផលវិបាកនៃអាកាសធាតុក្តៅខ្លាំង។
ក្នុងវ័យ៧៨ឆ្នាំ មានទោសជាប់ពន្ធនាគារចំនួន២៧ឆ្នាំ ពីបទពុករលួយនិងមិនគោរពច្បាប់កូវីដ ។ល។ លោកស្រី អ៊ុងសានស៊ូជី ដែលរបបសឹកចាប់យកទៅឃុំឃាំងមិនឱ្យសាធារណជនឃើញមុខតាំងពីថ្ងៃធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលមក ទំនងជាមានសុខភាពទ្រុឌទ្រោមខ្លាំង។ បើតាមកាសែតក្នុងស្រុក លោកស្រី មានអាការៈវិលមុខ ក្អួតចង្អោរ និងមិនអាចទទួលទានបានទេនៅពេលខ្លះព្រោះតែឈឺធ្មេញ។ កាលពីខែកុម្ភៈកូនប្រុសរបស់លោកស្រីម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៩១ បានប្រកាសថាម្តាយកំពុងបន្តជាប់ឃុំឃាំងក្នុងពន្ធនាគារនៅទីក្រុងណៃពិដោ។ ជាពន្ធនាគារសង់ពីបេតុង ជ្រាបទឹកពេលខែភ្លៀង ហើយគ្មានប្រព័ន្ធម៉ាស៊ីនត្រជាក់នៅខែក្តៅទេ ពោលគឺលក្ខខណ្ឌដ៏លំបាកផ្ទុយស្រលះនឹងការឃុំឃាំងនៅក្នុងគេហដ្ឋានដែលលោកស្រីធ្លាប់ជាប់រាប់សិបឆ្នាំ កាលសម័យរបបសឹកមុន។
សូមបញ្ជាក់ថា ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីជាប្រពៃណី របបសឹកបានដោះលែង នៅថ្ងៃពុធនេះ អ្នកទោសចំនួន ៣៣០០ នាក់ ក្នុងនោះ១៣នាក់ជាជនជាតិឥណ្ឌូណេស៊ី និងស្រីលង្កា១៥នាក់ដែលត្រូវបណ្តេញចេញពីប្រទេសភ្លាម។ អ្នកទោសផ្សេងទៀត លើកលែងតែអ្នកជាប់ទោសឧក្រិដ្ឋ ភេរវកម្ម និងជួញដូរគ្រឿងញៀន ក៏បានទទួលការសម្រាលទោសចំនួន១ភាគ៦៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ