អានតួអត្ថបទ
ចិន-កងទ័ពអ៊ីនធ័រនែត

លោក​ស៊ី ជីនពីង​​​សម្ពោធ​​បង្កើតអង្គភាពទ័ពបច្ចេកវិទ្យា​ ដើម្បីយកឈ្នះក្នុងសង្រ្គាមសម័យទំនើប

ចិន​បង្កើតកម្លាំង​ទ័ពបច្ចេកវិទ្យា មិនឲ្យ​ចាញ់ប្រទេសលោកខាងលិច។ កាលពីថ្ងៃ​សុក្រទី ១៩​មេសា លោកប្រធានាធិបតី​ចិន ស៊ី ជីនពីង ក្នុងនាមជា​ប្រធានគណៈកម្មការកងទ័ពមជ្ឈិមបក្ស ដែលជា​តំណែងដឹកនាំកំពូល​នៅ ប្រទេស​ចិន បាន​ប្រកាស​បង្កើត​អង្គភាពទ័ពបច្ចេកវិទ្យា នៅក្នុងជួរកងទ័ពចិន។ ស្អាតស្អំ ​គួរឲ្យទុកចិត្ត និង​ស្មោះស័គ្រ​ចំពោះបក្ស​កុម្មុយនិស្តចិន អង្គភាព​ទ័ពបច្ចេកវិទ្យា​ ត្រូវ​ចិន​បង្កើតឡើង​ដើម្បីជួយ​ឲ្យចិន​យកឈ្នះនៅក្នុងសង្រ្គាមសម័យទំនើប។

លោក​ស៊ី ជីនពីង​​​សម្ពោធ​​បង្កើតអង្គភាពទ័ពបច្ចេកវិទ្យា​ ដើម្បីយកឈ្នះក្នុងសង្រ្គាមសម័យទំនើប
លោក​ស៊ី ជីនពីង​​​សម្ពោធ​​បង្កើតអង្គភាពទ័ពបច្ចេកវិទ្យា​ ដើម្បីយកឈ្នះក្នុងសង្រ្គាមសម័យទំនើប AP - Li Gang
ផ្សាយពាណិជ្ជកម្ម

នៅក្នុងពិធីសម្ពោធកាលពីថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ​ក្នុងឯកសណ្ឋានបដិវត្តចិនពណ៌កាគី បាន​ប្រកាស​​បង្កើត​អង្គភាពទ័ពបច្ចេកវិទ្យាថ្មី​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​កសាង​កងទ័ពដ៏ខ្លាំងរឹងមាំមួយ។

តាម​ប្រសាសន៍​របស់លោក​ស៊ី ជីនពីង អង្គភាពទ័ពបច្ចេកវិទ្យា ដែល​ចិន​ដាក់ឈ្មោះថា កងកម្លាំងផ្តល់ព័ត៌មាន​​ គឺ​ជាមែកធាង​យុទ្ធសាស្រ្ត​មួយ​របស់​កងទ័ពចិន ដែល​ដើរតួសំខាន់​ក្នុងការជំរុញ ការអភិវឌ្ឍគុណភាព និងសមត្ថភាព​របស់​កងទ័ពចិន នៅក្នុង​សម័យសង្រ្គាមទំនើប។ មាននាទីជា​ប្រធានគណៈកម្មការកងទ័ពមជ្ឈិមបក្ស​ដែលជាតំណែងដឹកនាំកងទ័ពកំពូល​នៅ​ប្រទេស​ចិន លោក​ស៊ី ជីនពីង​បាន​បញ្ជា​ឲ្យ​អង្គភាពទ័ពបច្ចេកវិទ្យា​ត្រូវ​តែគោរព ធ្វើតាម​ការបញ្ជា​របស់​បក្ស ស្មោះស្ម័គ្រដាច់ខាត ស្អាតស្អំ និង​គួរឲ្យជឿទុកចិត្ត ពឹងអាស្រ័យ។

នៅក្រោមការដឹកនាំ​របស់លោកប្រធានាធិបតី ស៊ី ជីនពីង​តាំងពីឆ្នាំ ២០១៣ ចិន​បាន​ធ្វើទំនើបកម្មកងទ័ព ផលិតគ្រឿងសព្វាវុធ​ដ៏ទំនើបអស្ចារ្យ ប្រកបដោយ​សមត្ថភាពប្រយុទ្ធយ៉ាងខ្លាំងក្លា រហូត​ធ្វើ​ឲ្យ​ចិន​ក្លាយជាប្រទេសមហាអំណាច​យោធា​ឈានមុខគេ​នៅអាស៊ី។ ដោយ​បង្កើន​ថវិកាកងទ័ពមិនឈប់ឈរ ប្រមាណ ២៣១ពាន់លាន​ដុល្លារ សម្រាប់ឆ្នាំ ២០២៤ ពោល​គឺ​កើនឡើង ជាង ៧%​បើប្រៀបធៀបនឹង​ឆ្នាំមុន មហាអំណាច​ចិន​រត់តាមទាន់ និង​វ៉ាដាច់គេឯង ឡើងដល់​​ចំណាត់ថ្នាក់ទី​២ បន្ទាប់ពីអាមេរិកដែលនាំមុខគេ​ក្នុងលោក ក្នុងនាមជាប្រទេស​ដែលចំណាយច្រើនបំផុត​សម្រាប់កងទ័ព ប្រមាណ ៨២៥ពាន់លាន​ដុល្លារ (បីដង​នៃថវិកាកងទ័ពចិន)។

ស្ថិតនៅចំណាត់ថ្នាក់លេខពីរ បន្ទាប់ពីអាមេរិក ក្នុងនាមជាប្រទេស​ដែលមាន​ថវិកាយោធា​ច្រើនសំបើមមែន ប៉ុន្តែ ចិន​នៅយឺតយ៉ាវ​ខ្លាំង​ក្នុងផ្នែកយុទ្ធសាស្រ្តកងទ័ព​បច្ចេកវិទ្យា។ នៅក្នុង​ពិភពលោកមួយដែល​សំបូរការវាយប្រហារ​តាមអ៊ីនធ័រនែត និង​ដើម្បី​ត្រៀមទប់ទល់​សង្រ្គាម​ព័ត៌មានវិទ្យា ប្រទេស​កាន់តែច្រើន​ចាប់ផ្តើម​សម្រួចសម្រាំង បង្កើត​អង្គភាព​ទ័ពអ៊ីនធ័រនែត។ នៅមុន​ចិន​ បារាំងកាលពី​ឆ្នាំ ២០១៩ ​ប្រកាស​គម្រោងវិនិយោគ ជាង ១៦០០​លាន​អឺរ៉ូសម្រាប់ជំរុញ​វិស័យការពារព័ត៌មានវិទ្យា យ៉ាងយូរនៅ​ឆ្នាំ ២០២៥។ បារាំង​បាន​ដើរតាម​ក្រោយអង់គ្លេស និង​អាមេរិក ដែលបាន​បំពាក់យុទ្ធសាស្រ្ត​វាយប្រហារ​តាមអ៊ីនធ័រនែត​ឲ្យកងទ័ពរបស់ខ្លួន តាំង​ពី​១៥ឆ្នាំមុន។ ជាក់ស្តែង អង់គ្លេស​មាន​កងទ័ពអ៊ីនធ័រនែត ប្រមាណ ២ពាន់នាក់ ប៉ុន្តែ នៅតិចណាស់​បើធៀប​នឹង​ឆ្មាំអ៊ីនធ័រនែតអាមេរិក ដែលមាន​ចំនួន ៧ពាន់នាក់។ ចំនួននេះ នឹង​កើនឡើង​៣ដង នៅ​ចុងឆ្នាំ ២០២៨។

នៅភាគីចិន គេ​មិនបាន​បង្ហាញ​ពីចំនួន​កងទ័ពអ៊ីនធ័រនែតចិននិង​តួនាទី​ច្បាស់លាស់របស់​អង្គភាពទ័ពបច្ចេកវិទ្យា ដែលលោកប្រធានាធិបតី​ស៊ី ជីនពីង​សម្ពោធបង្កើតកាលពីថ្ងៃ​សុក្រ។ ប៉ុន្តែ ចង់ ឬមិនចង់ ការបង្កើតកម្លាំងការពារ​បច្ចេកវិទ្យា​របស់​ចិនដើម្បី​យកឈ្នះនៅក្នុង​សង្រ្គាម រឹតតែ​បង្កើនក្តីបារម្ភ​របស់អាមេរិក និង​ប្រទេស​ជិតខាងរបស់ចិន ដែលកំពុងមានជម្លោះដើមទឹកដី ដែនសមុទ្រ​ជាមួយ​ចិន ដូចជា​ជប៉ុន ហ្វីលីពីន វៀតណាម និង​ចុងក្រោយ​គឺ​តៃវ៉ាន់ ដែល​ចិន​ធ្លាប់គំរាមយក​មកគ្រប់គ្រង ទោះត្រូវ​ប្រើ​កម្លាំងយោធា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ