អានតួអត្ថបទ

ប្រធានាធិបតីតួកគី បញ្ជាឲ្យហាម កុំឲ្យជនភៀសខ្លួនឆ្លងទៅក្រិកតាមផ្លូវសមុទ្រ

នៅតាម​ព្រំដែន រវាងក្រិក និងតួកគី កំពុងតែមានភាពតានតឹងយ៉ាងខ្លាំង ទាក់ទិននឹងបញ្ហាជនភៀសខ្លួនស៊ីរី ដែលធ្វើដំណើរមកពីតួកគី ចង់ឆ្លងចូលទឹកដីអឺរ៉ុប តាមរយៈប្រទេសក្រិក។ លោកអ៊ែរដូហ្កាន់ ប្រធានាធិបតីតួកគី បានចេញបញ្ជា កាលពីថ្ងៃសៅរ៍ទី​៧មីនា ដោយបានហាមដាច់ខាត មិនឲ្យ​ជនភៀសខ្លួន ឆ្លងទៅកាន់ប្រទេសក្រិក ​តាមផ្លូវសមុទ្រឡើយ ដោយហេតុ​ប្រឈមគ្រោះថ្នាក់ខ្លាំង។ តែយ៉ាងណាក្រិក​បាន​ចោទតួកគី ថាជាអ្នកបើកផ្លូវ បង្ហូរជនភៀសខ្លួនស៊ីរីរាប់ពាន់នាក់ ឲ្យសម្រុក​ចូលមក​ទឹកដីខ្លួន។

ជនភៀសខ្លួនរងចាំនៅតាមព្រំដែនតួកគី និងក្រិក មាត់​ច្រកKastanies របស់ក្រិក។ ថ្ងៃទី​៧ មីនា ២០២០
ជនភៀសខ្លួនរងចាំនៅតាមព្រំដែនតួកគី និងក្រិក មាត់​ច្រកKastanies របស់ក្រិក។ ថ្ងៃទី​៧ មីនា ២០២០ REUTERS - HUSEYIN ALDEMIR
ផ្សាយពាណិជ្ជកម្ម

ដោយយោងលើកត្តាប្រឈមគ្រោះថ្នាក់ខ្ពស់ លោកប្រធានាធិបតីតួកគី បានចេញបញ្ជា ឲ្យឆ្មាំសមុទ្រតួកគី ហាមដាច់ខាតនូវការឆ្លងទូកតាមសមុទ្ររបស់ជនភៀសខ្លួន ទៅកាន់ដែនកោះរបស់ក្រិក។ តែមិនមែនមានន័យថា តួកគី នឹងហាមមិនឲ្យជនភៀសខ្លួន ធ្វើដំណើរទៅកាន់ព្រំដែនក្រិក តាមផ្លូវផ្សេងនោះឡើយ។

កាលពីថ្ងៃសៅរ៍ទី៧មីនា ឆ្មាំសមុទ្រតួកគី បានអះអាងថា ខ្លួនបានសង្រ្គោះជនភៀសខ្លួន ចំនួន​៩៧នាក់ ហើយបានចោទថា អាជ្ញាធក្រិកថាគ្មានមនុស្សធម៌ កំទេចទូករបស់ជនភៀសខ្លួន​ និងបាន​រារាំងទូកមិនឲ្យចូលចតនៅឆ្នេររបស់ខ្លួន។ ចំណែកភាគីក្រិកវិញ បាន​ចោទថា គឺតួកគីទេ ដែលជាអ្នកទទួលខុសត្រូវ ព្រោះជាអ្នកបើកផ្លូវ បង្ហូរជនភៀសខ្លួន ឲ្យផ្សងជីវិតធ្វើដំណើរមកកាន់ព្រំដែនក្រិក។ ក្រិកបានអះអាងថា គេនឹងប្រើគ្រប់វិធី ដើម្បីការពារព្រំដែន មិនឲ្យជនភៀសខ្លួនចូលទៅក្នុងទឹកដីគេឡើយ។ នៅរសៀលថ្ងៃសៅរ៍ទី៧មីនា នៅចំណុចព្រំដែនគោក តំបន់Kastanies គេសង្កេតឃើញ អាជ្ញាធរក្រិក ​បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹក ទៅលើក្រុម​ជនភៀសខ្លួន ដែលព្យាយាមឆ្លងព្រំដែន។

ដោយឡែក នៅតាមកោះក្រិក ដូចជាកោះLesbos ប៉ុន្មានថ្ងៃចុងក្រោយនេះ មានជនភៀសខ្លួន ភាគច្រើន​ជាជនជាតិស៊ីរី ចំនួន​ប្រមាណ​១៧០០នាក់ បានទៅដល់។ លើកោះតូចរបស់ក្រិក​នេះ មានជនភៀសខ្លួន​ប្រមាណ​ជា៣៨០០០នាក់រួចទៅហើយ ហើយដែលក្រិកអំពាវនាវរកជំនួយ និងដំណោះស្រាយ។

គួរកត់សំគាល់ថា កាលពីចុងខែកុម្ភៈ លោកប្រធានាធីបតីតួកគី បានប្រកាសថា តួកគីនឹងលែងគោរពកិច្ចព្រមព្រៀងឆ្នាំ២០១៦ ដែលតួកគីបានចុះសន្យាជាមួយសហភាពអឺរ៉ុបទៀតហើយ។ កិច្ចព្រមព្រៀងនេះ បានតម្រូវឲ្យតួកគីទប់ជនភៀសខ្លួនស៊ីរី កុំឲ្យឆ្លងចូលទឹកដីអឺរ៉ុប ជាថ្នូរនឹងប្រាក់ជំនួយ ជាច្រើនពាន់លានអឺរ៉ូ។ ក្រោយការប្រកាសដូចនេះ សហភាពអឺរ៉ុប បានស្នើបន្ថែមទឹកប្រាក់ឲ្យតួកគី តែលោកប្រធានាធិបតីតួកគី បានបដិសេធ ដោយបាន​រន្ធាន់ឲ្យសហភាពអឺរ៉ុប ត្រូវគាំទ្រខ្លួន ក្នុងប្រតិបត្តិការយោធានៅស៊ីរី ពុំនោះទេ តួកគីនឹងបើកឲ្យជនភៀសខ្លួនសម្រុកចូលអឺរ៉ុប។

រហូតមកត្រឹមពេលនេះ មិនទាន់មានដំណោះស្រាយណាមួយទេ។ សហភាពអឺរ៉ុបបានបរិហារតួកគី ថាយក​ជនភៀសខ្លួនជាចំណាប់ខ្មាំង ដើម្បី​សម្រេចគោលដៅវាទទីឥទ្ធិពលរបស់ខ្លួនក្នុងទឹកដីស៊ីរី។ កាលពីថ្ងៃទី៧មីនា លោកអ៊ែរដូហ្កាន់ បាននិយាយទូរស័ព្ទជាមួយនឹងលោកស្រីអង់ហ្គេឡា មែរកិល តែគេមិនទាន់ដឹងអំពីលទ្ធផលនៃការនិយាយគ្នា រវាងមេដឹកនាំទាំងពីរនេះទេ។ សម្រាប់ពេលនេះ អង្គការមនុស្សធម៌ជាច្រើន បានរន្ធាន់ឲ្យមានការសម្រេចឆាប់ៗ ព្រោះជនភៀសខ្លួនកំពុងស្ថិតក្នុងស្ថានភាព​លំបាកជាទីបំផុត នៅតាមព្រំដែនក្រិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ