អានតួអត្ថបទ
អេស្ប៉ាញ-កូរ៉ូណាវីរុស

អេស្ប៉ាញក្លាយជាប្រទេសមានអ្នកឆ្លងនិងស្លាប់ដោយកូវីដ១៩ច្រើនជាងគេនៅអឺរ៉ុបបន្ទាប់ពីអ៊ីតាលី

គណៈ​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​អេស្ប៉ាញ​ទាំង​អស់ ត្រូវឆ្លង​កាត់​ការ​ធ្វើ​តេស្ត​វិភាគ​រក​មេរោគ​កូរ៉ូណា​ថ្មី។ អេស្ប៉ាញ បានក្លាយ​ជា​ប្រទេស​ដែល​មាន​ករណីឆ្លង​ និង​ស្លាប់​ដោយ​​កូវីដ​១៩​ច្រើន​ជាង​គេ​ទី​ពីរ នៅ​អឺរ៉ុប បន្ទាប់​ពី​អ៊ីតាលី។ បើតាម​តួលេខ​ចុងក្រោយ នៅ​ថ្ងៃព្រហស្បតិ៍​ទី ១២​មីនា មាន​ពលរដ្ឋ​អេស្ប៉ាញ​ជិត​បីពាន់​ឆ្លង​កូរ៉ូណាវីរុស​ថ្មី និង​៨៤​នាក់​បាន​ស្លាប់។ ​ជំនួប​ប្រជុំ​ដោះស្រាយវិបត្តិ​បន្ទាន់ដឹកនាំ​ដោយ​​​ប្រមុខ​រដ្ឋាភិបាល ប្រព្រឹត្ត​ទៅ​​តាម​រយៈ​វីដេអូ​ខុនហ្វេរ៉ង់។

មន្ទីរពេទ្យ  Torrevieja អេស្ប៉ាញ  ខាង​ផ្នែក​សង្គ្រោះ​បន្ទាន់
មន្ទីរពេទ្យ Torrevieja អេស្ប៉ាញ ខាង​ផ្នែក​សង្គ្រោះ​បន្ទាន់ MANUEL LORENZO/AFP
ផ្សាយពាណិជ្ជកម្ម

សមាជិក​រដ្ឋាភិបាល​អេស្ប៉ាញ​ទាំង​មូល សុទ្ធ​តែ​បាន​ធ្វើ​តេស្ត​​ក្រែង​មាន​ឆ្លង​​មេរោគ​កូរ៉ូណា​ថ្មី។​ រដ្ឋមន្ត្រី​និង​ឧបនាយក​រដ្ឋមន្ត្រី​ដែលបាន​ចុះទៅ​ចូល​រួម​ក្នុង​កម្មវិធី​ជួប​ជុំ​អបអរ​ទិវា​សិទ្ធិនារី​អន្តរជាតិ កាលពី​ថ្ងៃ​អាទិត្យ និង​ដែល​​មាន​ផ្ទុក​មេរោគ​កូវីដ១៩ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ហើយ។ ព្រះ​មហាក្សត្រ មហាក្សត្រីយានី​ បាន​យាង​ទៅ​ចូល​រួម​ក្នុងកម្មវិធី​ជា​រដ្ឋមន្ត្រី​ខាង​លើ ក៏បាន​យាង​ទៅ​ធ្វើ​តេស្ត​​ដែរ។

តាំង​ពី​ដើម​សប្តាហ៍​មក ជំងឺ​រាត​ត្បាត​កូវីដ​១៩ ចាប់​មាន​សន្ទុះ​ខ្លាំង​។ ពេល​នេះ​ អេស្ប៉ាញ​បានក្លាយ​ជា​ប្រទេស​មួយ​ដែល​រាប់​ឃើញ​មាន​ចំនួន​អ្នក​ឆ្លង​និង​អ្នក​ស្លាប់​ដោយ​កូរ៉ូណាវីរុស​ខ្លាំង​ជាងគេ​ទីពីរ នៅ​អឺរ៉ុប​ បន្ទាប់​ពី​អ៊ីតាលី។ រដ្ឋធានី​ម៉ាទ្រីត រងគ្រោះ​ខ្លាំង​ជាងគេ។ សាលារៀន​ទាំង​អស់​ក្នុង​ក្រុង​ បាន​បិទ​ទ្វារ​តាំងពី​ថ្ងៃ​ពុធ​ទី ១១​មីនាមក​។

​បាល់ទាត់​ដែល​ជា​កីឡា​ដ៏​ចំបង​របស់​អេស្ប៉ាញ​ក៏​រង​គ្រោះ​ពី​កូវីដ​ខ្លាំង​ដែរ។ ក្លឹប​Real Madridដ៏​ល្បីល្បាញ ត្រូវ​ដាក់​ឱ្យ​​នៅ​ដាច់​ឡែក​ពី​គេ។ សម្ព័ន្ធ​កីឡា​បាល់​ទាត់​អេស្ប៉ាញ​បាន​ប្រកាស​ព្យូរ​យ៉ាង​តិច​​ការ​ប្រកួតបាល់​ទាត់​ចំនួន​ពីរ។

ប្រឈម​នឹង​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើងៗជា​លំដាប់ ប្រមុខ​រដ្ឋាភិបាល​អេស្ប៉ាញ​បានអះអាង​ថា​រាល់​ជំនួបប្រជុំផ្សេងឬ​រាប់ទាំង​សន្និសីទ​កាសែត​ប្រចាំ​ថ្ងៃ​ផងនឹង​ប្រព្រឹត្ត​ទៅ​តាម​វីដេអូ​ខុនហ្វេរិន​។ ​ ជាក់​ស្តែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១២​មីនា​ លោក​​នាយករដ្ឋមន្ត្រី​​បាន​កោះ​​​ប្រជុំ​​ក្រុមប្រឹក្សាគណៈ​​រដ្ឋមន្ត្រី​វិសាមញ្ញ ​តាម​រយៈ​វីដេអូខុនហ្វេរិន ដើម្បី​អនុម័ត​ផែនការ​សង្គ្រោះសេដ្ឋកិច្ចដែល​រង​វិបត្តិ​កូរ៉ូណាវីរុស​ថ្មីផង និង​ដើម្បីចាត់​វិធានការតឹង​តែង​​កុំ​ឱ្យ​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ដូចអ៊ីតាលីផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ