អានតួអត្ថបទ
បារាំង អាកាសធាតុ

បារាំង៖សមាជពលរដ្ឋ​ដើម្បី​​អាកាសធាតុ ស្នើ​ប្រជាមតិ​ បញ្ចូលសញ្ញាណ​​​​ការពារ​ប្រព័ន្ធ​​​​​ជីវចម្រុះ​​ទៅក្នុង​រដ្ឋធម្មនុញ្ញ​

សមាជពលរដ្ឋបារាំងដើម្បីអាកាសធាតុ បានធ្វើសេចក្តីសន្និដ្ឋានរួម និងបានផ្ញើសំណើរបស់ខ្លួនទៅកាន់រដ្ឋាភិបាលបារាំង កាលពីថ្ងៃអាទិត្យទី២១មិថុនា​។ នៅក្នុងសំណើរនោះ មានជាអាទិ៍ ការស្នើឲ្យមានការបោះឆ្នោតប្រជាមតិ ដើម្បីចាត់បញ្ចូលសញ្ញាណ​នៃការប្រយុទ្ធប្រឆាំង នឹងការកើនឡើង​នូវកំដៅផែនដៅ ទៅក្នុង​រដ្ឋធម្មនុញ្ញបារាំង ព្រមទាំងការបង្កើតឲ្យ​មានទោសព្រហ្មទណ្ឌទាក់ទិនទង្វើបំផ្លាញ​ប្រព័ន្ធជីវចម្រុះ។ សូមបញ្ជាក់ថា សមាជពលរដ្ឋបារាំងនេះ មានសមាជិកចំនួន​១៥០នាក់ ដែលត្រូវបានបង្កើតឡើង ក្រោមការផ្តួចផ្តើមរបស់លោកម៉ាក្រុង ដើម្បីឆ្លើយតបទៅនឹងវិវាទក្នុងសង្គម ទាក់ទិននឹងបញ្ហាអាកាសធាតុ បរិស្ថាន។

សមាជិកទាំង១៥០នាក់ នៃសមាជពលរដ្ឋបារាំងដើម្បីអាកាសធាតុ ជួបប្រជុំគ្នា នៅថ្ងៃអាទិត្យ​ទី​២១មិថុនា២០២០​ដើម្បីបោះឆ្នោត​ លើសំណើចុងក្រោយ ផ្ញើទៅកាន់រដ្ឋាភិបាល​បារាំង។
សមាជិកទាំង១៥០នាក់ នៃសមាជពលរដ្ឋបារាំងដើម្បីអាកាសធាតុ ជួបប្រជុំគ្នា នៅថ្ងៃអាទិត្យ​ទី​២១មិថុនា២០២០​ដើម្បីបោះឆ្នោត​ លើសំណើចុងក្រោយ ផ្ញើទៅកាន់រដ្ឋាភិបាល​បារាំង។ RFI/ Agnès Rougier
ផ្សាយពាណិជ្ជកម្ម

ឆ្លងកាត់៩ខែនៃការជជែកដោះដូរយោបល់គ្នា រវាងសមាជិក​១៥០នាក់ ជាប្រជាពលរដ្ឋសាមញ្ញ តំណាងមកពីគ្រប់មជ្ឈដ្ឋានសង្គម សាមជពលរដ្ឋដើម្បីអាកាសធាតុ បានបិទបញ្ចប់ការងារ និងបានធ្វើសំណើររួមមួយទៅកាន់រដ្ឋាភិបាលបារាំង។ លោកស្រី Elisabeth Borne រដ្ឋមន្ត្រី​ទទួលបន្ទុកអន្តរកម្ម​អេកូឡូស៊ី និងសាមគ្គី ដែលជាអ្នកទទួលសំណើនេះ នៅរសៀលថ្ងៃអាទិត្យទី​២១មិថុនា។

ចំណុចសំខាន់បំផុតនៅក្នុងសំណើនេះ គឺការសុំឲ្យមានការបោះឆ្នោត ធ្វើប្រជាមតិទូទាំងប្រទេស ដើម្បីបញ្ចូលសញ្ញាណនៃការប្រយុទ្ធប្រឆាំង នឹងការកើនឡើង​នូវកំដៅផែនដៅ ទៅក្នុង​រដ្ឋធម្មនុញ្ញបារាំង ព្រមទាំងបង្កើតទោសព្រហ្មទណ្ឌពិសេសមួយ ផ្តន្ទាទោសទង្វើបំផ្លិចបំផ្លាចប្រព័ន្ធជីវចម្រុះ (Ecocide)។

ក្រៅពីនេះ សមាជពលរដ្ឋដើម្បីអាកាសធាតុ បានធ្វើបញ្ជីរាយនូវសំណើរជាច្រើនផ្សេងទៀត ក្នុងគោលដៅកាត់បន្ថយការខ្ជះខ្ជាយថាមពល និងកាត់បន្ថយ​ការ​​បញ្ចេញឧស្ម័នកាបូនិក រៀបចំសង្គមដែលផ្តោតការយកចិត្តទុកដាក់ជាអាទិភាព​ ទៅលើបញ្ហាបរិស្ថាន អាកាសធាតុ និងប្រព័ន្ធជីវចម្រុះ។ សំណើ​ទាំងអស់នេះ​ សមាជពលរដ្ឋបានរុញទំលាក់ទៅឲ្យ​រដ្ឋាភិបាល ជាអ្នកទទួលបន្ទុក រៀបចំវិធានការអនុវត្តភ្លាមៗ។

សំណើទាំងនោះ មានជាអាទិ៍ ទាក់ទិននឹងការជំរុញឲ្យ​ប្រជាពលរដ្ឋ បោះបង់ចោល នូវ​​ធម្យោបាយធ្វើដំណើរ ដែលប្រើ​រថយន្តដែលបញ្ចេញឧស្ម័នពុលខ្លាំង ហើយងាកមកប្រើមធ្យោបាយ​ធ្វើដំណើររួម ឬយានជំនិះដែលមិនបញ្ចេញឧស្ម័នពុល។ សមាជពលរដ្ឋ ក៏បានស្នើផងដែរ នូវការហាមឃាត់ការផ្សាយពាណិជ្ជកម្ម នូវមុខទំនិញមួយចំនួន​ដែលជះផលអវិជ្ជមាន មកលើបរិស្ថានធម្មជាតិ និងសុខភាព​របស់ប្រជាពលរដ្ឋ។

លោក Cyril Dion អ្នកដឹកនាំរឿង និងជាសកម្មជនបរិស្ថានម្នាក់ដ៏ល្បី ដែលឈរឈ្មោះតំណាងឲ្យ​សមាជពលរដ្ឋដើម្បីអាកាសធាតុនេះ បានលើកឡើងថា សំណើទាំងអស់ដែលសាមជិក​បាន​បោះឆ្នោត គឺជាសំណើដែលពោរពេញដោយសេចក្តីក្លាហាន។ លោកបន្តថា ពេលនេះ ប្រជាជនបានបោះបាល់ទៅឲ្យរដ្ឋាភិបាលហើយ ដូច្នេះ វាគឺជាតួនាទី​របស់រដ្ឋាភិបាល ដែលត្រូវសម្រេចថា​លេងបន្ត ឬយ៉ាងណា។

អង្គការ Greenpeace បានថ្លែងអបអរ ចំពោះសំណើរដែលសម្រេចបានដោយ​សមាជពលរដ្ឋបារាំងនេះ។ តំណាងអង្គការនេះលើកឡើងថា នេះគឺជាការបោះជំហានមួយដ៏សំខាន់​ ដើម្បីឈានទៅផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សក្នុងសង្គម ហើយរដ្ឋាភិបាល ត្រូវតែឆ្លើយតប តាមរយៈវិធានការ​ជាក់ស្តែង មិនមែនគ្រាន់តែ ជាវិធានការជានិម្មិតរូប ធ្វើយកតែនាមនោះឡើយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ