អានតួអត្ថបទ

តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​ចោទប្រកាន់​ប្រធានាធិបតីកូសូវ៉ូ ពីបទឧក្រិដ្ឋកម្ម​សង្រ្គាម

ប្រធានាធិបតី​កូសូវ៉ូ​ត្រូវ​បាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​ICC កាលពី​ថ្ងៃ​ពុធម្សិលមិញ ចោទប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ នៅក្នុង​សង្រ្គាម ប្រយុទ្ធប្រឆាំង​នឹង​ស៊ែប៊ី កាលពី​អំឡុង​ចុង​ទសវត្សរ៍ ៩០។ ដំណឹង​ចោទប្រកាន់​ប្រធានាធិបតី​កូសូវ៉ូ ប្រៀបបាន​នឹង​គ្រាប់ផ្លោង ញ្ជួយ​តំបន់​បាល់កង់ នៅទឹកដីអឺរ៉ុប ព្រោះថា វាធ្លាក់ចំ​ពេល​ដែល​មេដឹកនាំ​របស់​ប្រទេស​គូសត្រូវ​ទាំងពីរ កូសូវ៉ូ និង​ស៊ែរប៊ី កំពុង​ត្រៀម​ជួបចរចា​សន្តិភាព​រវាងគ្នា នៅទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃ​សៅរ៍​ចុងសប្តាហ៍នេះ។

ប្រធានាធិបតីកូសូវ៉ូ លោកHashim Thaci នៅក្នុ​ងជំនួបជាមួយប៉ូលិស​ដែលត្រូវ​ប្រឈម​នឹង​ការ​បះបោរ​របស់​ជនជាតិ​ស៊ែរប៊ី នៅព្រំដែន
ប្រធានាធិបតីកូសូវ៉ូ លោកHashim Thaci នៅក្នុ​ងជំនួបជាមួយប៉ូលិស​ដែលត្រូវ​ប្រឈម​នឹង​ការ​បះបោរ​របស់​ជនជាតិ​ស៊ែរប៊ី នៅព្រំដែន ASSOCIATED PRESS - VISAR KRYEZIU
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​កូសូវ៉ូ​លោក Hashim Thaci ដែល​ត្រូវ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​​ICCចោទប្រកាន់ កាលពីថ្ងៃពុធនេះ គឺ​ជា​អតីត​មេបញ្ជាការ​របស់​ពួកឧទ្ទាម​ទ័ពព្រៃកូសូវ៉ូ​ដែល​បាន​ចេញមុខ ប្រយុទ្ធ​ទាមទារ​បំបែក​ទឹកដី​ចេញពី​ប្រទេស​ស៊ែរប៊ី  កាលពី​ទសវត្សរ៍​៩០។

សង្រ្គាម ប្រយុទ្ធគ្នា​រវាង​កងទ័ព​ស៊ែរប៊ី  និង ពួកឧទ្ទាមទ័ពព្រៃ កូសូវ៉ូ បាន​សម្លាប់​មនុស្ស​១៣០០០​នាក់ ដែនៅក្នុង​នោះភាគច្រើន​ជា​ប្រជាជន​កូសូវ៉ូ ដែល​រងគ្រោះ ដោយសារ​ការវាយប្រហារ​របស់​ទាហានស៊ែរប៊ី ។ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីតយូហ្គោស្លាវី ធ្លាប់​បាន​ផ្តន្ទាទោស រួចហើយ អតីត​ឧប​នាយករដ្ឋមន្រ្តី​ស៊ែរប៊ី  លោក Nikola Sainovic ឲ្យ​ជាប់ពន្ធនាគារ​១៨ឆ្នាំ រួមទាំង​មន្រ្តី​យោធា​ស៊ែរប៊ី ​ជាន់ខ្ពស់​ប៉ុន្មាន​ផ្សេងទៀត។ ប៉ុន្តែ នេះមិនមែន​មានន័យថា ក្រុមឧទ្ទាម​កូសូវ៉ូ​ដឹកនាំ​ដោយ​លោក​ Hashim Thaci រួចខ្លួនដែរ។

នៅឆ្នាំ ២០១៥ តុលាការ​ពិសេស​មួយ​ត្រូវ​បាន​បង្កើតឡើង ដើម្បី​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម ដែល​ពួកឧទ្ទាម​ក្រោមការដឹកនាំ​របស់លោក​ Hashim Thaci បាន​ប្រព្រឹត្ត​ទៅលើ​ប្រជាជន​ស៊ែរប៊ី  ជនជាតិ​រ៉ូម និង​អ្នកប្រឆាំង ជាតិ​អាល់បានី​នៅកូសូវ៉ូ នៅក្នុង​អំឡុង និង​ក្រោយ​សង្រ្គាម ឆ្នាំ​១៩៨៩។

រងបទ​ចោទប្រកាន់​ចំនួន ១០ លោក​Hashim Thaci និង​មេស៊ើបការណ៍​សម្ងាត់​នៃ​ក្រុមឧទ្ទាម​ទាមទារ​ឯករាជ្យ​សម្រាប់​កូសូវ៉ូ ដែល​សព្វថ្ងៃ​ក្លាយ​ជា​ប្រធាន​បក្ស​កាន់អំណាច កូសូវ៉ូ ត្រូវ​បាន​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចោទប្រកាន់ថា ជាអ្នកទទួល​ខុសត្រូវ​លើ​ការបាត់ខ្លួន ការសម្លាប់ ធ្វើទារុណកម្ម មនុស្ស​ជាង ១០០នាក់ នៅ​ក្នុង​អំឡុង​សង្រ្គាម ប្រឆាំង​ស៊ែរប៊ី ។

តារាង​ចោទប្រកាន់​ទៅលើ​លោក​ប្រធានាធិបតី កូសូវ៉ូ និង​អតីតមេស៊ើបការណ៍​សម្ងាត់​កូសូវ៉ូ​ត្រូវ​បាន​ធ្វើរួចហើយ​តាំង​ពី​ថ្ងៃ​ទី​២៤​មេសា​ម្ល៉េះ ប៉ុន្តែ រដ្ឋអាជ្ញា​របស់​តុលាការ​ពិសេស ទើប​បង្ហាញ​ជា​សាធារណៈ​នៅពេលនេះ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន រដ្ឋអាជ្ញា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បានលើកឡើង​ពី​ការប៉ុនប៉ង​របស់​ប្រធានាធិបតី​កូសូវ៉ូ និងបក្សពួក ដើម្បី​រារាំង​ដំណើរការ​ស៊ើបអង្កេត និង​ការបង្កើត​តុលាការ​ពិសេស សម្រាប់ កាត់ទោស បទឧក្រិដ្ឋកម្ម​ដែល​ក្រុមខ្លួន​ធ្លាប់បាន​ប្រព្រឹត្ត នៅក្នុង​អំឡុងសង្រ្គាម កាលពី​៣០ឆ្នាំមុន។

ប្រធានាធិបតី​លុបចោល​ដំណើរ​ទៅចូលរួម​ជំនួបកំពូល កូសូវ៉ូ និង​ស៊ែរប៊ី  នៅក្រោយ​ការចោទប្រកាន់​របស់​ICC

រហូត​មកដល់​ពេលនេះ រដ្ឋាភិបាល​កូសូវ៉ូ​នៅមិនទាន់​មាន​ប្រតិកម្ម​អ្វីនៅឡើយទេ។ នៅ​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ ការិយាល័យប្រធានាធិបតី​ បាន​អះអាងថា លោក​ប្រធានាធិបតី​Hashim Thaci ​បាន​វិលត្រលប់​ចូល​កូសូវ៉ូ​វិញ នៅក្រោយ​លឺ​សេចក្តីសម្រេច​ចោទប្រកាន់​លោក ពី​រដ្ឋអាជ្ញា​តុលាការព្រហ្មទណ្ឌ​អន្តជាតិ។ តាម​កាសែត​កូសូវ៉ូ លោក​ Hashim Thaci បានធ្វើដំណើរ​ទៅ​ដល់​ព្រលាន​យន្តហោះ Franfort ប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃ​ពុធ ដើម្បីបន្តដំណើរ​ទៅ ​ចូលរួម​ចរចា​ទ្វេភាគី ជាមួយ ​ស៊ែរប៊ី  នៅទីក្រុង​វ៉ាស៊ីនតោន។

ថ្វីបើ​លោក​ Hashim Thaciនៅមិនទាន់​ចេញមុខ​និយាយអ្វី​នៅពេលនេះ ប៉ុន្តែ នៅមុន​ពេល​ជាប់ឆ្នោត ក្លាយ​ជា​ប្រធានាធិបតី​កូសូវ៉ូ នៅ​ឆ្នាំ ២០១៦ លោក Hashim Thaci​ធ្លាប់​បាននិយាយ​ហើយថា លោក​គាំទ្រ ពេញទំហឹង ការបង្កើត​តុលាការ​ពិសេស នៅ​ទីក្រុង ឡាអេ ដើម្បី​ស៊ើបអង្កេត​លើ​បទឧក្រិដ្ឋ​ប្រព្រឹត្ត​ដោយ​ក្រុមឧទ្ទាម​កូសូវ៉ូ។ លោក​អះអាងផងដែរថា នឹង​ចូលរួម ឆ្លើយគ្រប់សំណួររបស់​តុលាការ ក្នុង​ដំណើរ​ស្វែងរក​យុត្តិធម៌​សម្រាប់​ទាំងអស់គ្នា។ សម្រាប់​ប្រធានាធិបតី​កូសូវ៉ូ ​លោកគ្មានអ្វី​ដែល​ត្រូវ​លាក់បាំងនោះទេ ព្រោះថា ការប្រយុទ្ធ​របស់​ប្រជាជន​កូសូវ៉ូ និង​ការប្រយុទ្ធតស៊ូ​របស់​ចលនា​ទាមទារ​ឯករាជ្យ​ឲ្យ​កូសូវ៉ូ​ គឺជា​ការប្រយុទ្ធ​ដ៏ត្រឹមត្រូវ និង​ស្អាតបរិសុទ្ធ។

លោក Kadri Veseli ប្រធានបក្ស​កាន់អំណាច​របស់កូសូវ៉ូ ឯណោះវិញ ដែល​ស្ថិតក្នុង​បញ្ជី​ជនសង្ស័យ ជាមួយ​ប្រធានាធិបតី កូសូវ៉ូ បាន​រុញច្រាន​ចោល​ការចោទប្រកាន់ និង​វាយបក​ទៅ​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ថា កំពុង​ចង់​សរសេរ​ប្រវត្តិសាស្រ្ត​ឡើងវិញ។

នៅកូសូវ៉ូ ដំណឹងចោទប្រកាន់ ប្រធានាធិបតី​ដែល​ជា​អតីត មេដឹកនាំ​ក្រុមឧទ្ទាម ទាមទារ​ឯករាជ្យ ឲ្យ​កូសូវ៉ូ​មិន​ត្រូវ​បាន​ទទួល​ស្វាគម​ពី​ប្រជាជន​កូសូវ៉ូ​នោះទេ។ នៅក្នុង​ក្រសែភ្នែក​របស់​ប្រជាជន​កូសូវ៉ូ លោក Hashim Thaci​ជា​វីរបុរស ដែល​ ជួយ​កូសូវ៉ូ​ឲ្យ​បាន​រួចចាកផុត​ពី​ក្រញ៉ាំគ្រប់គ្រង​របស់​ស៊ែរប៊ី ។ ផ្គើន​នឹង​ការគំរាម​របស់​ស៊ែរប៊ី  លោក​ Hashim Thaci​បាន​ដោយប្រកាស​ឯករាជ្យ​កូសូវ៉ូ​នៅ​ឆ្នាំ ២០១០។

ការចោទប្រកាន់​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នឹង​ទៅ​បំផ្លាញ ដំណើរការ​ចរចា​រវាង​កូសូវ៉ូ និង​ស៊ែរប៊ី ?

មេដឹកនាំ​កូសូវ៉ូ និងស៊ែរប៊ី ​ត្រូវ​ជួប​ចរចា​គ្នា នៅ​ទីក្រុង​វ៉ាស៊ីនតោន នៅថ្ងៃ​សៅរ៍នេះ ដើម្បី​ស្វែងរក​សន្តិភាព​រវាង​រដ្ឋសត្រូវ​ទាំងពីរ នៅក្រោម​ការជួយ​សម្របសម្រួល​របស់​អាមេរិក។

ប៉ុន្តែ នៅក្រោយ​រដ្ឋអាជ្ញា​ប្រកាស​បទចោទប្រកាន់​ប្រឆាំង​ប្រធានាធិបតី កូសូវ៉ូ ទាំង​ប្រធានាធិបតី និង​នាយករដ្ឋមន្រ្តី កូសូវ៉ូ​បាន​លុបចោល​ដំណើរ​ទៅ​ទីក្រុង​វ៉ាស៊ីនតោន ជាទី​ប្រធានាធិបតី​កូសូវ៉ូ ត្រូវ​បើកកិច្ចពិភាក្សា​ទ្វេភាគី​ជាមួយ​មេដឹកនាំ​ស៊ែប។ នៅក្នុង​សារTwitter​នៅថ្ងៃ​ព្រហស្បតិ៍ នាយករដ្ឋមន្រ្តី​កូសូវ៉ូ លោក Avdullah Hoti បានសរសេរ​ថា ការវិវឌ្ឍន៍​ថ្មីៗ នៅទីក្រុង​Pristina ធ្វើ​ឲ្យ​លោកមិន​អាច​ទៅ​ចូលរួម​ប្រជុំ​នៅ​វ៉ាស៊ីនតោន។

នៅថ្ងៃ​ពុធ អន្តរការី​អាមេរិក លោក Richard Grenell​បាន​និយាយ​ថា លោក​ប្រធានាធិបតី Hashim Thaci ដែលប្រាប់​សេតវិមានពី​សម្រេច​លុបចោល មិន​ចូលរួម​ក្នុង​ជំនួបកំពូល នៅថ្ងៃ​សៅរ៍​ចុងសប្តាហ៍នេះ។ អន្តរការី​អាមេរិក​អះអាងថា លោកយល់ពីជំហរ​របស់​កូសូវ៉ូ និង​ចង់​ឲ្យ​គេ​ដោះស្រាយ​ជម្លោះក្តីក្តាំ នៅតុលាការ ជាមុនសិន មុន​នឹង​ត្រលប់​មក​ចរចា​ដោះស្រាយ​ជម្លោះទ្វេភាគី ស៊ែរប៊ី  និង​កូសូវ៉ូ។

ទោះជា​សង្រ្គាម​បិទបញ្ចប់ទៅ​អស់​៣០ឆ្នាំ ប៉ុន្តែ កូសូវ៉ូ និង​ស៊ែរប៊ី  នៅតែ​តានតឹង​នឹងក្រោយ ជាពិសេស នៅក្រោយ​កូសូវ៉ូប្រកាសដោយ​អត្តនោម័ត ជារដ្ឋ​ឯករាជ្យ ដែល​ស៊ែរប៊ី ​បាន​ប្រឆាំង​ដាច់ខាត។ ការចរចា បិទបញ្ចប់​ជម្លោះរវាង​ភាគី​ទាំងពីរ  បាន​ជាប់គាំង ជាង​១ឆ្នាំ មកហើយ។ អាមេរិក​ដែល​គាំទ្រ​ការប្រកាស​ឯករាជ្យ​របស់​កូសូវ៉ូ បាន​អញ្ជើញ​ភាគីជម្លោះ​ទាំងពីរ​ទៅ​វ៉ាស៊ីនតោន ក្នុង​ក្តី​សង្ឃឹម​ថា នឹង​ជួយ​ឲ្យ​កូសូវ៉ូ និង​ស៊ែរប៊ី ​អាច​ចុះសម្រុងគ្នា យ៉ាងហោច ត្រឹម​ការដោះដូរ​ពាណិជ្ជកម្ម បើសិន​ភាគីទាំងពីរ មិន​អាច​ទាន់​ដោះស្រាយ ជម្លោះ​នយោបាយ​ទេនោះ។ ប៉ុន្តែ នៅពេល​តុលាការ​អន្តរជាតិ​សម្រេច​នៅពេលនេះ ក្តីសង្ឃឹម​នឹង​ជំរុញ​ឲ្យ​មាន​ការចរចា​ស្រុះស្រួល​គ្នា​រវាង​កូសូវ៉ូ និង​ស៊ែរប៊ី ​នៅពេលនេះ ត្រូវ​រលាយ​ដូចអំបិល​ត្រូវ​ទឹក។

តាម​អ្នកវិភាគ​កូសូវ៉ូ​ម្នាក់​ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ប្រញាប់​ចេញ សេចក្តីចោទប្រកាន់​ប្រធានាធិបតី​កូសូវ៉ូ នៅសប្តាហ៍ មកពី​ហេតុផលថា ភាគី​កូសូវ៉ូ​ចង់​ ឲ្យ​គេលើក​យក​សំណុំរឿង​លុបចោល​តុលាការ​ពិសេស​ប្រឆាំង លោក​Hashim Thaci ទៅ​ដាក់​លើ​តុចរចា​ជាមួយ​ស៊ែរប៊ី  និង​អាមេរិក នៅ​ថ្ងៃ​សៅរ៍​ចុងសប្តាហ៍នេះ។ ការសម្រេច​ចោទប្រកាន់​របស់​តុលាការព្រហ្មទណ្ឌ​អន្តរជាតិ​នៅពេលនេះ អាច​បំផ្លាញ​កិច្ចប្រឹងប្រែង​រកសន្តិភាព​រវាង​ភាគី​ជម្លោះ ប៉ុន្តែ ជាមួយ​គ្នានេះ វា​អាច​ជា​មធ្យោបាយ ដើម្បី ទប់ស្កាត់​ការប៉ុនប៉ង របស់​ប្រធានាធិបតី​កូសូវ៉ូ ដែល​ចង់​ឲ្យ​គេ​លុបចោល  ការងារ​ស៊ើបអង្កេត​របស់​តុលាការ ប្រឆាំង​នឹង​រូបលោក​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ