អានតួអត្ថបទ
ជំងឺធាត់ជ្រុល

អង់គេ្លស​បើកយុទ្ធនាការ​ធំមួយ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺធាត់ជ្រុល

រដ្ឋាភិបាល​អង់គ្លេស នៅ​ថ្ងៃ​ចន្ទនេះ បាន​ប្រកាស ផែនការ​ដ៏​ធំមួយ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​ធាត់ជ្រុល។ រដ្ឋាភិបាល​បើក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺ​ធាត់ជ្រុល បន្ទាប់​ពី​ការសិក្សា​របស់​ទីភ្នាក់ងារ​សុខភាព​សាធារណៈ អង់គ្លេស ចេញផ្សាយ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​បង្ហាញថា ជំងឺធាត់ជ្រុល ចូលរួម​ចំណែក សំខាន់​ធ្វើ​ឲ្យ​ស្ថានភាពអ្នកជំងឺកូវីដ កាន់តែធ្លាក់ធ្ងន់ធ្ងរ។

ការសិក្សា​របស់​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​អង់គ្លេស នៅថ្ងៃ​សៅរ៍ទី ២៥ កក្កដា ២០២០​បង្ហាញ​ថា ជំងឺធាត់ជ្រុល​តំណាង​ឲ្យ​៤០ភាគរយ​នៃ​គ្រោះថ្នាក់​ដែល​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​ស្លាប់​ដោយសារ​កូវីដ ១៩
ការសិក្សា​របស់​ទីភ្នាក់ងារ​សុខភាព​សាធារណៈ​អង់គ្លេស នៅថ្ងៃ​សៅរ៍ទី ២៥ កក្កដា ២០២០​បង្ហាញ​ថា ជំងឺធាត់ជ្រុល​តំណាង​ឲ្យ​៤០ភាគរយ​នៃ​គ្រោះថ្នាក់​ដែល​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​ស្លាប់​ដោយសារ​កូវីដ ១៩ ASSOCIATED PRESS - Kirsty Wigglesworth
ផ្សាយពាណិជ្ជកម្ម

ហាមមិនឲ្យមាន​ការផ្សាយ​ពាណិជ្ជកម្ម របបចំណីអាហារ​មិនត្រឹមត្រូវ។ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ផលិតចំណីអាហារ​ត្រូវ​លម្អិត បញ្ជាក់​ពី​ចំនួនកាឡូរី នៅក្នុង​អាហារ ឬ​សំបុត្រពេទ្យ សម្រាប់​ធាក់កង់ ធ្វើកីឡា។ ទាំងនេះ ជាវិធានការ​ដែល​រដ្ឋាភិបាល​អង់គ្លេស បាន​ប្រកាស​ នៅថ្ងៃ​នេះ នៅក្នុង​គោលដៅ ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ធាត់ជ្រុល​ចុកខ្លាញ់។

តាម​រដ្ឋមន្រ្តី​សុខាភិបាល​អង់គ្លេស លោក Matt Hancock ជំងឺ​ធាត់ជ្រុល​ជា​កត្តា​ជំរុញ​ឲ្យ​ស្ថានភាព​របស់​អ្នកជំងឺ​កាន់តែធ្លាក់ធ្ងន់ធ្ងរ និង​អាច​ស្លាប់​ដោយសារ​កូរ៉ូណាវីរុស។ ដូច្នេះ វា​មាន​សារៈសំខាន់ណាស់​ដែល​រដ្ឋាភិបាល​ត្រូវ​ចាត់វិធានការ​ដើម្បី កែលម្អ​សុខភាព​ប្រជាជន និង​ដើម្បី ការពារ សេវា​សុខភាព​សាធារណៈ​របស់​អង់គ្លេស។

នៅក្នុង​ចំណោម​វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺធាត់ជ្រុល មានផងដែរ ការហាម​ផ្សាយ​ពាណិជ្ជកម្ម រាល់​ចំណីអាហារ ​មិនល្អ​សម្រាប់​សុខភាព នៅ​តាម​ទូរទស្សន៍ ឬ​អ៊ីនធ័រនែត នៅមុន​ម៉ោង ៩យប់ ម៉ោង​ដែល​កុមារ អាច​អង្គុយ​មុខកញ្ចក់​ទូរទស្សន៍។ រដ្ឋាភិបាល​នឹង​ហាម​ផងដែរ មិន​ឲ្យ​ហាង ផ្សារ​លក់ទំនិញ លក់​បញ្ចុះតម្លៃ ឬ​តាំងបង្ហាញ​ផលិតផល ចំណីអាហារ ដែល​មិន​ល្អ សម្រាប់​សុខភាព នៅតាម​កន្លែង​ដ៏​ទាក់ទាញ សម្រាប់​អតិថិជន ដូចជា​នៅ​ច្រកចេញ ក្បែរ​កន្លែង​គិតលុយជា​ដើម។ គោលដៅ​របស់​រដ្ឋាភិបាល គឺ​កាត់បន្ថយ ជំងឺធាត់ជ្រុល ចុកខ្លាញ់ ដែល​បណ្តាល​មកពីការបរិភោគ​អាហារ​មិនត្រឹមត្រូវ ដែល​មានជាតិផ្អែមច្រើន ខ្លាញ់ច្រើន និង​សាច់ច្រើន។

ក្រៅតែ​ពី​កែលម្អ​របប​អាហារ​របស់​ប្រជាជន​អង់គ្លេស រដ្ឋាភិបាល​ផ្តោតសំខាន់​ផងដែរ លើ​ការហាត់ប្រាណ ដើម្បី​បញ្ចុះទម្ងន់ ដូចជា គ្រូពេទ្យ អំណើះតទៅ នឹង​អាច​ចេញ​វេជ្ជបញ្ជា​ឲ្យ​អ្នកជំងឺ​ហាត់ប្រាណ ដូចជា​ធាក់កង់ ជាដើម។

សូមបញ្ជាក់ថា នៅអង់គ្លេស មនុស្ស​ជិត ២ភាគ​៣ (៦៣%)​មាន​ទម្ងន់​លើសគីឡូ ដែល​គេ​ចាត់ទុក​ថា មាន​សុខភាព​ល្អ។ នៅក្នុង​ចំណោមនោះ មាន​៣៦%​ជាអ្នកដែល​ធាត់​លើសគីឡូ និង​សល់ពីនោះ គឺ ធាត់ជ្រុល​ចុកខ្លាញ់។

រដ្ឋាភិបាល​អង់គ្លេស​មិន​បាន​បញ្ជាក់​ចំនួន​ថវិកា​ដែល​ត្រូវ​ចំណាយ​សម្រាប់​ផែនការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ធាត់ជ្រុល នោះទេ។ ប៉ុន្តែ កាសែត អង់គ្លេស Guardian បាន​ចុះផ្សាយថា វិធានការ​របស់​រដ្ឋាភិបាល មានតម្លៃ ប្រមាណ ១១​លាន​អឺរ៉ូ។

រដ្ឋាភិបាល​អង់គ្លេស​ប្រកាស​ផែនការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​ធាត់ជ្រុល ចុកខ្លាញ់ នៅពេលនេះ គឺ​នៅបន្ទាប់​ពី​ការសិក្សា​របស់ ទីភ្នាក់ងារ​សុខភាព អង់គ្លេស កាលពី​ថ្ងៃ​សៅរ៍​បង្ហាញថា ជំងឺធាត់ជ្រុល ចុកខ្លាញ់ ជា​កត្តាធ្វើ​ឲ្យ​ស្ថានភាព​អ្នកជំងឺ​កូវីដ កាន់តែ​ធ្លាក់ធ្ងន់ធ្ងរ។ សម្រាប់​នាយករដ្ឋមន្រ្តី អង់គ្លេស លោក​បូរីស ចនសុន ផែនការ​របស់​រដ្ឋាភិបាល​នឹងជួយ​​កាត់បន្ថយ ការប្រឈម​នឹង​ជំងឺ និង​អាច​ជួយ​ឲ្យ​គេ​ការពារខ្លួន ពី​ជំងឺកំណាច កូវីដ។ នាយករដ្ឋមន្រ្តី​អង់គ្លេស ដឹង​រឿងនេះ​ច្បាស់ណាស់ ព្រោះថា លោក​ធ្លាប់​កើតជំងឺកូវីដ កាលពី​ប៉ុន្មាន​ខែ​មុននេះ។ តាម​គ្រូពេទ្យ​អង់គ្លេស ដោយសារ​តែ​លោក​ចនសុន ធាត់ មាន​ទម្ងន់​ហួសកំណត់ ស្ថានភាព​ជំងឺ​របស់​លោក​ ធ្លាក់​ធ្ងន់ធ្ងរ ម្តងម្តាល នៅពេលលោកចូលសម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ