ក្មេងចិនចូលចិត្តហូបចុករបៀបអឺរ៉ុប ងាយមានគ្រោះកើតជំងឺធាត់ជ្រុល
កុមារ និងក្មេងជំទង់ចិន រស់នៅតាមជនបទ កាន់តែច្រើនឡើងៗ មានជំងឺធាត់ជ្រុលចុកខ្លាញ់។ មូលហេតុ មកពីចិនប្តូរទម្លាប់រស់នៅ និងចូលចិត្តទទួលទានម្ហូបអាហារ តាមបែបប្រទេសលោកខាងលិច។ នេះបើតាមការសិក្សាមួយ ចេញផ្សាយនៅថ្ងៃពុធទី ២៧ មេសា ២០១៦ ក្នុងទំព័រទស្សនាវដ្តីវិទ្យាសាស្ត្រ European Journal of preventive cardiology។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៣
នៅឆ្នាំ១៩៨៥ មានកុមារនិងក្មេងជំទង់ មិនដល់១%ទេ ដែលមានជំងឺធាត់ជ្រុលចុកខ្លាញ់នៅក្នុងប្រទេសចិន។ តែនៅឆ្នាំ២០១៤ អត្រាក្មេងកើតជំងឺនេះបានឡើងដល់ទៅ ១៧% ចំពោះក្មេងប្រុស និង៩%សម្រាប់ក្មេងស្រី។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកវិទ្យាសាស្ត្រ កំណើនអ្នកកើតជំងឺធាត់ជ្រុលនេះ គឺបណ្តាលមកពីពលរដ្ឋចិនប្តូររបៀបរបបរស់នៅ។ ស្រវារកភាពស្រណុកស្រួល ងាកទៅទទួលទានអាហារអឺរ៉ុប-អាមេរិក មានជាអាទិ៍ ដំឡូងបារាំងចៀន ហាំប៊ឺហ្គឺ នំផ្អែម ទឹកក្រូចសូដា ដែលជាម្ហូបអាហារមានជាតិកាឡូរីច្រើនជ្រុល បរិភោគច្រើនលើសតម្រូវការរបស់សរីរាង្គកាយ គឺបុព្វហេតុតែមួយគត់ដែលនាំឱ្យចំនួនក្មេងចិន និងអាស៊ី ធាត់ចុកខ្លាញ់កើនឡើង។
ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ ចិនបានស្គាល់កំណើនសេដ្ឋកិច្ច និងការប្រែប្រួលសង្គម ព្រមទាំងរបបអាហារយ៉ាងខ្លាំង។ ហើយជាចៃដន្យ បរិមាណក្មេងមានជំងឺធាត់មានកំណើនស្របគ្នាកំរិតជីវភាពគ្រួសារ។ ក្នុងពេល១០ឆ្នាំ (២០០២-២០១២) ចំនួនកុមារពីអាយុ៦ ទៅ១៧ឆ្នាំ កើតជំងឺធាត់ជ្រុល បានកើនឡើងដល់ទៅបីដង។ ហើយនិន្នាការនេះ ទំនងជាបន្តកើនឡើងទៅនៅរវាងពីរបីទសវត្សរ៍ទៀតខាងមុខ នៅគ្រប់តំបន់នៃប្រទេសចិន និងតំបន់អាស៊ី។
ជាងនេះទៅទៀត បើតាមអ្នកឯកទេសបារាំង ដោយសារកត្តាGénétique ពលរដ្ឋនៅតាមបណ្តាប្រទេសក្នុងទ្វីបអាស៊ី ដែលជាទូទៅ មានអត្រាកើតជំងឺទឹកនោមផ្អែម (ជំងឺសរសៃឈាមបេះដូង) ខ្ពស់ស្រាប់ផង ងាយនឹងប្រឈមនឹងហានិភ័យកើតជំងឺធាត់ជ្រុលណាស់។ ដូច្នេះមិនគួរជ្រើសរើសទទួលទានម្ហូបអាហារបែបបស្ចឹមលោក ដែលសម្បូរជាតិខ្លាញ់ ជាតិសាច់ ជាតិផ្អែម តែខ្សត់សារធាតុសរសៃទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ