អង្គការសុខភាពពិភពលោកទាញសញ្ញាអាសន្នពីជំងឺធាត់ជ្រុលក្នុងប្រទេសកំពុងអភិវឌ្ឍន៍
កុមារក្រោមអាយុ៥ឆ្នាំ កើតជំងឺធាត់ជ្រុលចុកខ្លាញ់ បានកើនឡើងគួរឱ្យព្រួយបារម្ភបំផុត ! នេះបើតាមការព្រមានរបស់អង្គការសុខភាពពិភពលោក ដែលបានទាញសញ្ញាអាសន្នបញ្ជាក់បន្ថែមទៀតថា ជំងឺធាត់ចុកខ្លាញ់នេះកំពុងផ្ទុះកើតមានជាពិសេសនៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍។
ចុះផ្សាយនៅថ្ងៃ៖
ភាពធាត់ចុកខ្លាញ់របស់កុមារក្រោយអាយុ៥ឆ្នាំ មិនត្រូវបានចាត់ទុកជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភទេពីមុនមក ប៉ុន្តែបើតាមការអង្កេតរបស់អង្គការសុខភាពពិភពលោក រយៈពេលពីរឆ្នាំ ក្នុង១០០ប្រទេស ចំនួនកុមារមានជំងឺធាត់ជ្រុលបានកើនឡើងស្ទើរមួយទ្វេជាពីរនៅទ្វីបអាហ្វ្រិក ពី៥,៤លាននាក់នៅឆ្នាំ១៩៩៤ មក១០,៣លាននាក់នៅឆ្នាំ២០១៤។ ចំណែកនៅអាស៊ី គេពិបាកគុណគិតបន្តិច ប៉ុន្តែជាទូទៅ ចង្កោមក្មេងដែលចាត់ចូលថាមានជំងឺធាត់ចុកខ្លាញ់ នៅលើពិភពលោក ជិតពាក់កណ្តាលនៃកុមារ(៤៨%) រស់នៅក្នុងទ្វីបអាស៊ី មួយភាគបួនរស់នៅទ្វីបអាហ្វ្រិក។
នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍ គឺកូនចៅក្នុងត្រកូលក្រីក្រដែលប្រឈមនឹងគ្រោះងាយកើតជំងឺធាត់នេះ ព្រោះរបបអាហារគ្មានលំនឹង។ ឯនៅប្រទេសក្រីក្រកំពុងអភិវឌ្ឍន៍ គឺកូនចៅអ្នកធូរធារ ដែលមានហានិភ័យខ្ពស់ ព្រោះយល់ថាការធាត់ទ្រលុកទ្រលន់ ជាសញ្ញានៃសុខភាពល្អ។
របបចំណីអាហារមិនត្រឹមត្រូវ ការបញ្ចេញសកម្មភាពធ្វើកីឡាថយចុះ ចំណីអាហារ នំនែក ផលិតដោយគ្មានគោរពបទដ្ឋានសុខភាព ... សុទ្ធសឹងជាបុព្វហេតុធំៗនាំកាន់តែងាយកើជំងឺធាត់ជ្រុល។ នេះបើតាមរបាយការណ៍ដដែល ដែលបានណែនាំឱ្យរដ្ឋាភិបាល និងអ្នកគ្រប់គ្រងនយោបាយសុខភាពសាធារណៈទាំងអស់ នៅលើពិភពលោក ពួតដៃគ្នាទប់ស្កាត់ការរាតត្បាតនៃជំងឺធាត់ជ្រុលនេះ។ វិធានការដែលជាកាយវិការនិងសារដ៏សាមញ្ញ ៖ អប់រំឱ្យមានទម្លាប់ល្អក្នុងការហូបចុក ចៀសវាងការទទួលទានអាហារមានខ្លាញ់និងស្ករច្រើន ផលិតបែបឧស្សាហកម្មរយ អប់រំឱ្យស្រលាញ់និងចូលចិត្តធ្វើកីឡា តាមដាននិងអប់រំសតិអារម្មណ៍កុមារដែលមានជំងឺធាត់ជ្រុល... ពិតជាមិនគ្រប់គ្រាន់ឡើយ។
អង្គការសុខភាពពិភពលោកបានព្រមានថា បើគ្មានការទប់ស្កាត់ជំងឺធាត់ជ្រុលលើកុមារទេ ភាពជឿនលឿនក្នុងវិស័យសុខាភិបាលដែលបានជួយមនុស្សឱ្យមានអាយុយឺនយូរ នឹងក្លាយជាអស់ន័យ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ