អានតួអត្ថបទ
បេឡារុស-នយោបាយ-បាតុកម្ម

ប្រធានា​ធិប​តី​បេឡារុស​ ថា​មិន​ព្រម​ចុះ​ចេញ​ពី​តំណែង​ទៅ​តាម​សម្រែក​ទាមទារ​របស់​ក្រុម​ប្រឆាំង

ប្រធានាធិបតី​បេឡារុស​លោក អាឡិចសង់​ លូកាស្ហិនកូ​ (Alexander Lukashenko) បាន​ប្តេជ្ញា​នៅ​ក្តោបក្តាប់​តំណែង​ជា​មេដឹកនាំ​ប្រទេស​ និង​បាន​ច្រានចោល​នូវ​ការអំពាវនាវ​ឲ្យ​លោក​ចុះចេញ​ពី​អំណាច​ នៅក្នុង​សុន្ទរកថា​ទៅកាន់​អ្នកគាំទ្រ​ នាថ្ងៃ​អាទិត្យ​ ទី១៦ សីហា​។ ការប្រកាស​របស់​លោក​ លូកាសិនកូ​នេះ​ ធ្វើឡើង​គាប់​ជួន​ដែល​ក្រុម​អ្នកប្រឆាំង​រាប់ម៉ឺននាក់​បាន​ទៅ​ប្រមូល​ផ្តុំគ្នាដែរ​នៅទីក្រុង​មីនស្កិ៍​ ដើម្បី​ធ្វើ​បាតុកម្ម​ដ៏ធំ​ប្រឆាំង​ទៅនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​ ដែល​ថា​លោក​ លូកាសិនកូ​ បាន​ឈ្នះ​ភ្លូកទឹក​ភ្លូកដី​។

ប្រធានាធិបតីបេឡារុសលោក លោក អាឡិចសង់ លូកាស្ហិនកូ ក្នុងពេលថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រ នៅជិតវិមានរដ្ឋាភិបាលនៅឯទីលានឯករាជ្យក្នុងទីក្រុងមីនស្កិ៍ប្រទេសបេឡារុស នាថ្ងៃអាទិត្យ ទី១៦ សីហា ឆ្នាំ២០២០។
ប្រធានាធិបតីបេឡារុសលោក លោក អាឡិចសង់ លូកាស្ហិនកូ ក្នុងពេលថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រ នៅជិតវិមានរដ្ឋាភិបាលនៅឯទីលានឯករាជ្យក្នុងទីក្រុងមីនស្កិ៍ប្រទេសបេឡារុស នាថ្ងៃអាទិត្យ ទី១៦ សីហា ឆ្នាំ២០២០។ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

បុរសខ្លាំង​បេឡារុស​ លោក អាឡិចសង់​ លូកាស្ហិនកូ​ ដែល​បានឡើង​គ្រប់គ្រង​ប្រទេស​រយៈពេល​ ២៦​ ឆ្នាំ​មកហើយនោះ​ កំពុង​តែប្រឈមទៅនឹង​បាតុកម្ម​ប្រឆាំង​កាន់តែធំ​មិនធ្លាប់មាន​ពីមុនមក​ចំពោះ​បែបផែន​ដឹកនាំ​ផ្តាច់ការ​របស់​លោក​។

នៅក្នុង​ពេល​ជួបជាមួយ​អ្នកគាំទ្រ​នៅ​កណ្តាល​ទីក្រុង​មីនស្កិ៍ (Minsk) នាថ្ងៃអាទិត្យ​ លោក លូកាស្ហិនកូ​ បានប្រៀបប្រដូច​ក្រុមអ្នកប្រឆាំង​ ថា​មិនខុសអី​ពី​សត្វ​ "កណ្តុរ" ឡើយ​។ ក្រៅពីនេះ ​លោក​បាន​និយាយ​ទៅកាន់​ក្រុមអ្នកគាំទ្រ​ប្រមាណ​ ១ម៉ឺននាក់​ថា​ លោក​បាន​អញ្ជើញ​ពួកគេ​មក​ មិនមែន​ដើម្បី​ឲ្យ​ការពារ​រូប​លោក​នោះទេ​។ ក៏ប៉ុន្តែ​ លោក​ចង់​សុំឲ្យ​អ្នកគាំទ្រ​ទាំងអស់​ក្រោកការពារ​ប្រទេស​និង​ឯករាជ្យភាព​របស់​ប្រទេស​ដែល​លោក​ចង់​សំដៅ​ថា​បាន​ញាំញី​ដោយ​បាតុកម្ម​ប្រឆាំង​នៅ​បេឡារុស​ប៉ុន្មាន​ថ្ងៃ​មក​នេះ​។

ឈរ​នៅលើ​វេទិកា​ លោក​ លូកាស្ហិនកូ​ បាន​បញ្ជាក់ពី​ភាព​ស្របច្បាប់​នៃ​ការ​ជាប់ឆ្នោត​សាជាថ្មី​ក្លាយ​ជា​មេដឹកនាំ​បេឡារុស​របស់​លោក​ ក្នុងការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ ទី៩​ សីហាកន្លង​ទៅ​។ លោក​ បាន​អះអាង​ទៀត​ថា​បានទទួល​ជ័យជម្នះ​លើ​គូបដិបក្ខ​លោកស្រី ស្វេតឡាណា ទីខានូវស្កាយ៉ា (Svetlana Tikhanovskaya) ដែលជា​មេបក្ស​ប្រឆាំង​ចំនួន​ ៨០%​ នៃ​សំឡេង​ឆ្នោត​សរុប​។ “ការបោះឆ្នោត​មាន​សុពលភាព​។ វា​មិន​អាច​ទៅរួចនោះទេ​ដែល​ច្រើនជាង​ ៨០ %​នៃ​សន្លឹ​កឆ្នោត​សរុប​ត្រូវបាន​ក្លែង​បន្លំនោះ​។ ដូច្នោះហើយ​ យើង​នឹង​មិនប្រគល់​អំណាចឲ្យ​ទៅ​បក្សប្រឆាំង​ឡើយ​”។ នេះ​គឺជា​សម្តី​របស់​បុរសខ្លាំង​បេឡារុស​។

គួរជ្រាបថា​ លោក​ប្រធានាធិបតី​ អាឡិចសង់​ លូកាស្ហិនកូ​ បាន​ទៅជួប​ក្រុមអ្នកគាំទ្រ​នៅ​ទីក្រុង​មីនស្កិ៍​ បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ្ល៉ាឌីមៀរ​ ពូទីន​ បាន​សន្យា​ជួយការពារ​រដ្ឋាភិបាល​របស់​លោក​ ក្នុង​ករណី​មាន​ការគំរាមកំហែង​យោធា​ពី​ខាងក្រៅ​។ ការបោះដៃ​ជួយរបស់​រុស្សី​នេះ​លេច​ចេញ​មក​ក្រោយ​លោក លូកាស្ហិនកូ​ បាន​ទៅជួប​និយាយ​ចរចាពីរដង​ជាមួយ​លោកពូទីន​នៅចុង​សប្តាហ៍​។

គួរជ្រាបទៀតថា​ នៅថ្ងៃ​អាទិត្យ ១៦​ សីហា​ដែរ​ ក្រុម​អ្នកប្រឆាំង​រដ្ឋាភិបាល​របស់​លោក​ លូកាស្ហិនកូ​ ជាច្រើន​ពាន់នាក់​ បាន​ទៅ​ប្រមូលផ្តុំគ្នា​នៅក្បែរ​ស្តូប​អនុស្សាវរីយ៍​សង្គ្រាម​លោកលើកទី២ ក្នុង​ទីក្រុង​មីនស្កិ៍​ ស្របទៅ​តាម​ការ​អំពាវនាវ​របស់​លោកស្រី​ ទីខានូវស្កាយ៉ា​។

លោកស្រី​ ទីខានូវស្កាយ៉ា​ មេបក្ស​ប្រឆាំង​បេឡារុស​ និង​ដែលទើប​បាន​និរទេសខ្លួន​ទៅ​ប្រទេស​លីទុយអានី​ បន្ទាប់ពី​ត្រូវជាប់ឃុំរយៈពេល ៧ ម៉ោង ដោយសារការដាក់ពាក្យប្រឆាំងតវ៉ានឹងលទ្ធផលឆ្នោត ទៅកាន់គណៈកម្មាធិការរៀបចំការបោះឆ្នោតបេឡារុស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ