អានតួអត្ថបទ
បេឡារុស

លោកប៉ាវែល ឡាទូសកូ៖ខ្ញុំចង់ត្រឡប់ចូលប្រទេសកំណើតដើម្បីជួយដោះស្រាយវិបត្តិសព្វថ្ងៃ

នៅ​ក្នុង​ប្រទេស​បេឡារុស ចលនា​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​លោក​អាឡិចសង់ លូកាឆេនកូ​ហាក់​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល។ វិបត្តិ​នយោបាយ​មួយ​នេះ​បាន​ផ្ទុះ​ឡើង បន្ទាប់​ពី​លោក​លូកាឆេនកូ​ដែល​បាន​កាន់​តំណែង​តាំង​ពី ២៦ឆ្នាំ​បាន​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​នា​ការ​បោះឆ្នោត​កាល​ពី ១ខែ​មុន។ ក្រុម​បាតុករ​បាន​ចុះ​ផ្លូវ​តវ៉ា​មិន​សុខចិត្ត​ដោយ​ពួក​គេ​ចាត់​ទុក​ការ​ជាប់​ឆ្នោត​របស់​លោក​លូកាឆេនកូ​ជា​ការ​លួច​សន្លឹកឆ្នោត។ លោក​ប៉ាវែល ឡាទូសកូ អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​ក្នុង​រដ្ឋាភិបាល​របស់​លោក​លូកាឆេនកូ​បាន​ផ្តាច់ខ្លួន​ទៅ​ចូលរួម​ជាមួយ​ក្រុមប្រឆាំង។ សព្វថ្ងៃ លោក​ឡាទូសកូ​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល។ ខណៈ​នេះ លោក​ឡាទូសកូ​កំពុង​ស្ថិត​ក្នុង​ប្រទេស​ប៉ូឡូញ​ដែល​លោក​បាន​ទៅ​ដល់​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៣ កញ្ញា។ ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ពី​ប៉ូឡូញ លោក​ឡាទូសកូ​បាន​បញ្ជាក់​រៀបរាប់​ពី​មូលហេតុ​នៃ​ដំណើរ​ទៅ​កាន់​ប្រទេស​ប៉ូឡូញ​របស់​លោក និង​ពី​គំនាប​ដែល​លោក​បាន​ទទួល​ពី​របប​របស់​លោក​លូកាឆេនកូ។

លោកប៉ាវែល ឡាទូសកូ អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតី​បេឡារុស​លោកលូកាឆេនកូដែលបានផ្តាច់ខ្លួនទៅចូលរួមជាមួយក្រុមប្រឆាំង
លោកប៉ាវែល ឡាទូសកូ អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់ក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតី​បេឡារុស​លោកលូកាឆេនកូដែលបានផ្តាច់ខ្លួនទៅចូលរួមជាមួយក្រុមប្រឆាំង REUTERS - KACPER PEMPEL
ផ្សាយពាណិជ្ជកម្ម

" ខ្ញុំ​គ្មាន​បំណង​សុំ​សិទ្ធិ​ជ្រកកោណ​នយោបាយ​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ក្លាយ​ជា​អ្នក​និរទេសខ្លួន​ដែរ។ ខ្ញុំ​ចង់​ត្រឡប់​ទៅ​បេឡារុស​វិញ​ដើម្បី​ចូលរួម​ជួយ​ដោះស្រាយ​វិបត្តិ​ដែល​ប្រទេស​កំពុង​ជួប​ប្រទះ​ពេល​នេះ។ ពិត​ជា​អភព្វ ចំនួន​សមាជិក​ក្នុង​ក្រុមបឹក្សា​សម្របសម្រួល​នៃ​ក្រុមប្រឆាំង​របស់​យើង​បាន​ថយ​ចុះ។ ក្នុង​ចំណោម​សមាជិក​ទាំង ៧០នាក់​ដែល​យើង​មាន​ពី​ដំបូង គឺ​មាន​នៅ​សល់​តែ ៤០នាក់​ប៉ុណ្ណោះ។

នេះ​មិនមែន​មាន​ន័យ​ថា​អ្នក​ផ្សេង​មិន​ចង់​ចូលរួម​នៅ​ក្នុង​កិច្ចសន្ទនា ឬ​មួយ​ក៏​មិន​ជឿ​លើ​គោលការណ៍​នៃ​ក្រុមបឹក្សា​សម្របសម្រួល​របស់​ក្រុម​ប្រឆាំង​ទេ។ មូលហេតុ​គឺ​សាមញ្ញ​ងាយយល់​ណាស់ គឺ​មក​ពី​សមាជិក​ទាំង​អស់​នៃ​ក្រុមបឹក្សា​សម្របសម្រួល​របស់​ក្រុម​ប្រឆាំង​បាន​ទទួល​រង​គំនាប​ពី​រដ្ឋអំណាច។ កុំ​ថា​ឡើយ​សមាជិក​ក្នុង​ក្រុម​ប្រឹក្សា​នេះ សូម្បី​តែ​មនុស្ស​ធម្មតា​ក៏​បារម្ភ​ពី​ការ​ចាប់​ខ្លួន​ដែរ​នៅ​ពេល​ដែល​មនុស្ស​រូបនោះ​និយាយ​ពី​ទង្វើ​ខុសច្បាប់។

គេ​ដឹង​ច្បាស់​ថា ប្រសិន​បើ​ខ្ញុំ​ត្រូវ​បាន​គេ​ឃាត់ខ្លួន ឬ​ចាប់​ខ្លួន​ដូច​សមាជិក​ដទៃ​ទៀត​នៃ​ក្រុមបឹក្សា​សម្របសម្រួល វា​ជា​ទង្វើ​ដែល​បាន​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ។ តែ​ខ្ញុំ​នៅ​សង្ឃឹម​ថា យើង​នឹង​អាច​ដោះស្រាយ​ស្ថានការណ៍​មួយ​នេះ​ដោយ​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​មាន​ពលរដ្ឋ​បេឡារុស​ណា​ម្នាក់​ចាកចេញ​ពី​ប្រទេស​របស់​ពួក​គេ និង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ម្នាក់ៗ​អាច​បញ្ចេញ​មតិ និង​ការ​យល់ឃើញ​របស់​ខ្លួន។

ម្យ៉ាង​ទៀត រដ្ឋអំណាច​ត្រូវ​តែ​ស្តាប់ ទទួល​យក​នូវ​មតិយោបល់ និង​ការ​យល់ឃើញ​របស់​ពលរដ្ឋ​ម្នាក់ៗ​នៅ​ក្នុង​ការ​សម្រេចចិត្ត "

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ