អានតួអត្ថបទ

ប្រធានាធិបតីបេឡារុស ប្រកាស​​ឱ្យ​ប្រើ«កម្លាំង​យោធា​» ដើម្បីរក្សាបូរណភាព​ដែនដី

ប្រធានាធិបតីបេឡារុស ប្រកាសពី​​ថ្ងៃសៅរ៍ ឱ្យ​ប្រើ«កម្លាំង​យោធា​» ដើម្បីរក្សាអធិបតីភាព​ដែនដី និង​ឱ្យ​យោធាត្រៀមខ្លួន​គ្រប់​វិនាទី ដើម្បីការពារជាតិ​ ទប់ទល់​នឹង​កម្លាំង​ពីខាងក្រៅ។ ការ​ប្រកាសនេះ ដោយសារតែ​ប្រមុខរដ្ឋបេឡារុស មើលឃើញពី​ចរន្ត​រំជើបរំជួល​នៃ​ចលនាបាតុកម្ម​ក្នុងស្រុក​ ដែលកាន់តែពុះកញ្ជ្រោលខ្លាំង​ ហើយ​និង​មាន​សញ្ញាណ​លូកដៃ​រួមកម្លាំងពីប្រទេស​ជិត​ខាង​ជាប់ព្រំដែន។ 

Belarusian President Alexander Lukashenko visits a military firing range near Grodno, Belarus August 22, 2020.
Belarusian President Alexander Lukashenko visits a military firing range near Grodno, Belarus August 22, 2020. via REUTERS - BelTA
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតីបេឡារុស Alexandre Loukachenko ប្រកាសបញ្ជា​ឱ្យ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ត្រូវតែ​ប្រើ​វិធានការ​ឱ្យតឹង​តែងបំផុត ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​ ដើម្បីការពារ​បូរណភាពទឹកដី ហើយ​ កម្លាំង​យោធា​ត្រូវតែ​ស្ថិតនៅក្នុង​សភាព​ត្រៀមប្រយុទ្ធជានិច្ច ឬត្រៀម​ចេញប្រតិបត្តិការប្រ​ចាំ។ បុរសខ្លាំងកាន់អំណាច​២៦ឆ្នាំរូបនេះ  ​ថែមទាំង​ថា​នឹង​ឱ្យ​ធ្វើ​សមរយុទ្ធយោធាយ៉ាង​ធំ​សម្បើម​នៅ​ចុង​ខែសីហានេះ។​

សេចក្តីប្រកាសដូច្នេះ គឺស្តែងឱ្យ​ឃើញថា ​ថ្នាក់ដឹកនាំស្រុកបេឡារុស ​ ក្រពុលមុខ​នឹង​សម្ពាធ​បាតុកម្ម​ តាមដងផ្លូវ​ ដែល​កាន់តែខ្លាំងឡើងៗ​និងជា​ច្រើនថ្ងៃ​ជាប់ៗគ្នា​​​ បន្ទាប់ពី​គណបក្សប្រឆាំងនិងក្រុម​ប្រជាពលរដ្ឋ​នាំគ្នាបះបោរ​បដិសេធ​ទាត់ចោលលទ្ធផល​​បោះឆ្នោត​ ថ្ងៃទី​៩សីហា​។​  ប្រធានាធិបតីបេឡារុស Loukachenko បង្វែរសាច់​រឿង​បន្តិច ដោយ​ចង្អុរ​ចោទប្រកាន់​ថា មាន​កម្លាំង​ពីខាងក្រៅ មករួមដៃ​នឹង​ហ្វូង​បាតុករ គឺ​ហូរចូល​ពី​ច្រកព្រំដែន​ ប៉ូឡូញ និង​លីទុយអានី ជាទីដែល​លោកកំពុងតែ​ត្រួតពល​ នៅថ្ងៃសៅរ៍ ទី​២២សីហា​។

ត្រង់ចំណុច​ចោទ​នេះ ប្រធានាធិបតី​ លីទុយអានី នៅក្បែរខាង គឺ លោក Gitanas Nauseda បាន​ប្រតិកម្មថា «លោក​ Loukachenko កំពុង​កាច់មួល​បង្វែរពី​វិបត្តិ​ផ្ទាល់ខ្លួន​​ក្នុង​ស្រុក មក​បំភ្លៃជា​បញ្ហា​ព្រំដែន​ និងថាជាបញ្ហាមកពីក្រៅ។ នេះការស្រមៃ​ និងបំភ្លៃជ្រុលហួស។»

ទោះយ៉ាងនេះក្តី ក្រសួង​ការបរទេស​លីទុយអានី ក៏បាន​បង្ហើប​ឱ្យដឹងខ្លះដែរ ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP ថា​អនុរដ្ឋមន្ត្រី​ការទូត​​អាមេរិក លោក Stephen Biegun នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ចនៅ​លីទុយអានី ​ ថ្ងៃចន្ទខាងមុខ​នេះ មុននឹងបន្ត​​ចេញទៅ រុស្ស៊ី​ ថែមទៀត។

អតីត​ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុបនៅម៉ូស្កូ និងជា​មន្ត្រីទូត​លីទុយអានី លោក Vygaudas Usakas យល់ឃើញថា «ទស្សនកិច្ចនេះរបស់មន្ត្រីជាន់ខ្ពស់ លំដាប់​លេខ២ នៃក្រសួងការបរទេសសហរដ្ឋ​អាមេរិកនេះ គឺជាសញ្ញាណមួយ​​ដែល​បញ្ជាក់ច្បាស់​ថា សហរដ្ឋអាមេរិក អាច​នឹង​ត្រៀម​ខ្លួន​រួច​ស្រេច សម្រាប់​ដើរតួ​មួយដែរ ​ក្នុង​ដំណោះស្រាយ​នៃវិបត្តិ​នៅ​បេឡារុស ហើយនិង​បញ្ហា​នៅ​រុស្ស៊ី»៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ