អានតួអត្ថបទ

បេឡារុស​ បន្តចាប់ឃុំខ្លួន​បាតុករ​ជាង​១០០នាក់ថែមទៀត ក្នុង​ឱកាស​បាតុកម្ម​ថ្ងៃ​អាទិត្យ​

ថ្ងៃអាទិត្យ ទី​១៨តុលា  បាតុករ​​រាប់ពាន់នាក់​ បាន​ចុះផ្លូវ​ តវ៉ា​ប្រឆាំង​នឹង​ប្រធានាធិបតី​បេឡារុស នៅកណ្តាលរដ្ឋធានី និង​បណ្តាទី​ក្រុង​ធំៗ ដូច​សព្វ​ដង​។ កម្លាំងនិងស្មារតីរបស់​ហ្វូង​​​បាតុករ ហាក់​គ្មាន​ការ​ស្រកស្រុតសោះ​​ បើទោះបី​ជា​រដ្ឋអំណាច​គំរាម​បាញ់កាំភ្លើងប្រើ​គ្រាប់​ពិត ដើម្បី​បំបែក​ចលនា​បាតុកម្ម យ៉ាងណា​​ក្តី។ ទីបំផុត ក្រុម​បាតុករ និង អ្នក​កាសែត ​ជាង​១០០នាក់ ត្រូវ​ចាប់​ខ្លួន ក្នុង​នោះ ប្រមាណ​៦០នាក់ ត្រូវ​ប៉ូលីស​ចាប់នៅ​កណ្តាល​រដ្ឋធានី  Minsk ។

បេឡារុស​ បន្តចាប់ឃុំខ្លួន​បាតុករ​ជាង​១០០នាក់ថែមទៀត ក្នុង​ឱកាស​បាតុកម្ម​ថ្ងៃ​អាទិត្យ​។
បេឡារុស​ បន្តចាប់ឃុំខ្លួន​បាតុករ​ជាង​១០០នាក់ថែមទៀត ក្នុង​ឱកាស​បាតុកម្ម​ថ្ងៃ​អាទិត្យ​។ AFP - -
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី Loukachenko ដែល​កាន់​អំណាច​ ដោយកណ្តាប់​​ដៃដែក ​២៦ឆ្នាំហើយ គឺមិន​ព្រម​បន្ទន់​ដៃ ធ្វើ​សម្បទាន​តាមការ​ទាមទារ​របស់​ហ្វូង​បាតុករ​នោះឡើយ។ បាតុករ​ដែល​​ញាក់​ខ្សែ​ដោយ​បក្សប្រឆាំង បាន​ច្រាន​ចោល​លទ្ធផល​បោះឆ្នោត​ថ្ងៃទី​៩សីហា ដោយ​ចោទថា​មា​នការ​លួច​បន្លំ​ ហើយនិង នាំគ្នា​ចុះផ្លូវ​​​តវ៉ា​ឱ្យ​ប្រមុខរដ្ឋ​ចុះ​ចេញ​ពីតំណែង។

មេបក្ស​ប្រឆាំង ​លោកស្រី Tikhanovskaïa ដែល​រត់​ភៀសខ្លួន​ទៅ​​ប្រទេស​ជិត​ខាង បាន​ដាក់​ឱសានុវាទ​ ត្រឹមថ្ងៃ​២៥តុលា​ខាងមុខ ទុកពេល​​ឱ្យ​រដ្ឋអំណាច​បេឡារុស ដោះលែង​អ្នក​ទោស​មនសិការ​ ដោះលែង​អ្នក​កាសែត និងបាតុករ ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន ប៉ុន្មាន​ជាង​ពីរ​ខែ​មកនេះ។ ទន្ទឹមនឹង​គ្នា​នេះ​ អ្នក​នយោបាយ​ស្រី​និរទេស​ខ្លួនរូបនេះ នៅតែបន្ត​ជំរុញ​ឱ្យ​ហ្វូង​បាតុករ​ធ្វើ​បាតុកម្ម​ជានិច្ច ធ្វើ​ដោយ​អហិង្សា លុះត្រា​ទាល់តែ​មានការរៀប​ចំ​បោះឆ្នោត​ប្រធា​នាធិបតី​ សា​ជាថ្មី ដោយ​សុចរិត​ត្រឹមត្រូវ​។​ លោកស្រី​បាន​ធ្វើ​នយោបាយ​ការបរទេស ទាក់ទាញ​ បារាំង​និង​អាល្លឺម៉ង់ ជាដើម​ ឱ្យ​ឈរ​នៅខាងខ្លួន។​ តែចំណុច​នេះ ត្រូវ​រដ្ឋបាល​ក្រុង​ម៉ូស្កូ ចោទថា បច្ចិមលោក លូកដៃ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​បេឡារុស។​

ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​នៅលោកខាងលិច​ មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ ថ្ងៃទី​៩សីហា​ឡើយ។​សហភាព​អឺរ៉ុប​ បាន​​ដាក់ទណ្ឌកម្ម​ថ្នាក់ដឹកនាំកំពូលៗ របស់​បេឡារុស  ចំនួន​៤០នាក់ ក្នុង​នោះ​ក៏​មាន​រដ្ឋមន្ត្រី​និងអនុរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ផង។ រដ្ឋមន្ត្រីមហាផ្ទៃ​ និងមេប៉ូលីស​ មិន​ព្រឺ​ញញើត​នឹង​សម្រែក​បាតុករ ហើយកាលពីថ្ងៃចន្ទ ​បាន​ព្រមាន​​ឱ្យ​កងកម្លាំង​របស់​ខ្លួន​ប្រើ​គ្រាប់​កាំភ្លើង​ពិត ដើម្បីបាញ់​បំបែក​ហ្វូង​បាតុករ។

តាំងពីពេល​ផ្ទុះ​បាតុកម្ម​ជាច្រើន​សប្តាហ៍​មក មនុស្ស​យ៉ាង​ហោច​៣នាក់បាន​ស្លាប់ ហើយច្រើន​រយនាក់​រងរបួស។ ​បាតុករ​រាប់​ពាន់​នាក់​ត្រូវ​ចាប់​ខ្លួន។ ក្រុម​បាតុករ​ ដែល​ប្រព័ន្ធ​ឃោសនា​​សារព័ត៌មាន​បរទេស ​តែងតែ​ជជក់មាត់​សរសើរ គឺ​ក្រុមស្រីៗ​ និង​យុវ​ជន ​អ្ន​ករៀន​សូត្រ ដែល​តែងតែ​មាន​មុខ​ជានិច្ច​ ក្នុង​បាតុកម្ម បណ្តេញពួកជន​ដែល​គេយល់ថា ផ្តាច់ការ​ និង​ស្រេក​ឃ្លា​ន​អំណាច នៅ​ក្រុង​ Minsk​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ