អានតួអត្ថបទ

វិបតិ្ត​កូវីដ​កំពុង​ជួយ​ជំរុញ យន្តការប្រើ​គ្រឿងម៉ាស៊ីន សម្រាប់​ជំនួស​ការងារ​របស់​មនុស្ស

វិបត្តិកូវីដ​១៩ បានធ្វើ​ឲ្យ “ការងារ​នៅ​ថ្ងៃ​អនាគត” មក​ដល់​មុនកាលកំណត់។ របាយការណ៍​ ស្តីពី​អនាគត​ទីផ្សារ​កាងារ ដែល​វេទិកា​សេដ្ឋកិច្ច​ពិភពលោក World Economic Forum ចេញផ្សាយ នៅ​ថ្ងៃ​ពុធនេះ បាន​បង្ហាញថា វិបត្តិកូវីដ បូកផ្សំ​ជាមួយ​កំណើន​បច្ចេកវិទ្យា​នឹង​ជំរុញ ការប្រើប្រាស់​គ្រឿងម៉ាស៊ីន ដែល​នឹង​ប៉ះពាល់​ដល់​ការងារ​របស់​មនុស្ស​ប្រមាណ ៨៥​លាន​ការងារ នៅក្នុង​ពិភពលោក ក្នុង​រយៈពេល​៥ឆ្នាំ​ទៅមុខ។ តាម​អគ្គនាយិកា​របស់ វេទិកា​សេដ្ឋកិច្ច​ពិភពលោក បដិវត្ត​មនុស្សយន្ត ឬគ្រឿងម៉ាស៊ីន នឹងធ្វើ​ឲ្យ​វិសមភាព​នៅ​ទីផ្សារ​ការងារ មានកាន់តែ​ខ្លាំងឡើង។

បុគ្គលិក​បោសសម្អាត​នៅទីក្រុង​ឡុងដ៍ថត ម៉ាស៊ីនយន្ត​ដែល​ដើរបាញ់សម្អាត​អនាម័យ ឈ្មោះ Eco Bot 50
បុគ្គលិក​បោសសម្អាត​នៅទីក្រុង​ឡុងដ៍ថត ម៉ាស៊ីនយន្ត​ដែល​ដើរបាញ់សម្អាត​អនាម័យ ឈ្មោះ Eco Bot 50 REUTERS - HANNAH MCKAY
ផ្សាយពាណិជ្ជកម្ម

វិបត្តិកូវីដ ១៩​បានជំរុញ​ឲ្យ​មាន​ការផ្លាស់ប្តូរ ដ៏លឿន នៅ​ទីផ្សារ​ការងារ។ ការងារ​ ដែល​គេ​រំពឹងថា នឹង​អាច​កើតឡើង នៅថ្ងៃ​អនាគត គឺ​កំពុង​លេចចេញ​រូបរាង​បណ្តើរៗ។ តាម​របាយការណ៍​របស់​អង្គការ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក វិបត្តិ​កូវីដ ហើយ​ការរីកចំរើន​ផ្នែក​បច្ចេកវិទ្យា បាន​ជំរុញ​យន្តការ​ប្រើប្រាស់​គ្រឿងយន្ត នៅក្នុង​ពិភព​ការងារ។

នៅពេល បដិវត្តន៍​មនុស្សយន្ត អាច​បង្កើត​ការងារ ដល់​ទៅ ៩៧លាន​ការងារ​នៅក្នុង​ពិភពលោក វា​ក៏ជា​គ្រោះថ្នាក់ ខ្លាំងណាស់​ដែរ សម្រាប់​អនាគត​ការងារ​របស់​មនុស្ស។

គេ​វាយតម្លៃថា ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០២៥ ពោល​គឺ ក្នុង​រយៈពេល ៥ឆ្នាំ​ទៅមុខ ការបែងចែក​ការងារ​រវាង គ្រឿងម៉ាស៊ីន ហើយ​និង​មនុស្ស នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​មនុស្ស​ប្រមាណ ៨៥លាននាក់ នៅក្នុង​ពិភពលោក។ តាមរបាយការណ៍ របស់​វេទិការ​សេដ្ឋកិច្ច​សកល ប្រធាន​ក្រុមហ៊ុន​ប្រមាណ ៥០ភាគរយ បាន​អះអាងថា គេកំពុង​ជំរុញ​កម្មវិធី ប្រើ​គ្រឿងម៉ាស៊ីន​សម្រាប់​ការងារ​មួយចំនួន នៅក្នុង​ក្រុមហ៊ុន។ ៤៣ភាគយ​នៃ​ក្រុមហ៊ុន​ដែល​គេ​បាន​ជួបសម្ភាសន៍ បាន​បង្ហាញ​ថា ដោយសារតែ​គេត្រូវ​ប្រើ​គ្រឿងម៉ាស៊ីន ជំនួស​មនុស្ស គេ​ត្រៀមខ្លួន​រួចហើយ ដើម្បី កាត់បន្ថយ បុគ្គលិក។

តាម​វេទិកា​សេដ្ឋកិច្ចពិភពលោក ជំងឺរាតត្បាត​កូវីដ លើកនេះ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុនកាន់តែ​ច្រើន ពិចារណា ជ្រើសរើស​បច្ចេកវិទ្យា ដើម្បី​ធ្វើការងារ​តាមបែបថ្មី និង ដើម្បី កាត់បន្ថយ​ការចំណាយ​របស់​ក្រុមហ៊ុន។

នៅពេល​ពិភពលោក​កំពុង​រួបរឹត ដោយសារ​វិបត្តិកូវីដ ការបង្កើត​ការងារ​សម្រាប់​មនុស្ស កាន់តែ​យឺត ចំណែក ការបំផ្លាញ​ការងាររបស់​មនុស្ស មិនថា ក្នុងហេតុផល សេដ្ឋកិច្ច ឬ​កំណើន​បច្ចេកវិទ្យា តាមរយៈ ការប្រើគ្រឿងម៉ាស៊ីន គឺ​កំពុង​បោះជំហាន​លឿនស្លេវ ទៅមុខ។

តាម​របាយការណ៍​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក គឺ​កម្មករនៅតាម​រោងចក្រ និង​បុគ្គលិក​តូចតាច សម្រាប់​ការងារ​រដ្ឋបាល ដែល​ទទួល​បាន​ប្រាក់ខែ​តិចតួចរួចហើយនោះ នឹង​រងគ្រោះ​មុនគេ ដោយសារ​បច្ចេកវិទ្យា ប្រើ​គ្រឿងម៉ាស៊ីន​ជំនួស​មនុស្ស។ ការងារ​មួយចំនួន ដូចជា ការបញ្ចូល​ទិន្នន័យ ការងារ​គណនេយ្យ ឬ​ការងារ​រដ្ឋបាល ជាដើម នឹង​ត្រូវ​ផ្តល់ទៅ​គ្រឿងម៉ាស៊ីន​ជា​អ្នកធ្វើជំនួសវិញ។

គ្រឿងយន្ត​អាច​ដណ្តើម​ការងារ​របស់​មនុស្ស​ដូចជា ការងារ​ពលកម្ម ដែល​ប្រើ​ដៃ នៅតាម​រោងចក្រ ឬ​ការងារ​រដ្ឋាបាល ប៉ុន្តែ គ្រឿងម៉ាស៊ីន មិនអាច មកជំនួស​មនុស្ស សម្រាប់​ការងារ​ដែល​ត្រូវការប្រើ​ខួរក្បាល ប្រើ​ជំនាញ ដូចជា ការងារ​ជា​អ្នកផ្តល់ប្រឹក្សា​យោបល់ អ្នកសម្រេចចិត្ត អ្នកទទួលខុសត្រូវ​លើ​ទំនាក់ទំនង អ្នកជំនាញ​បរិស្ថាន ហើយ​និង​វិស្វកម្ម ដែល​សុទ្ធសឹង​ជាការងារ ចាំបាច់ ទៅថ្ងៃ​អនាគត។ របាយការណ៍​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក​បាន​បង្ហាញថា បើសិន​រដ្ឋាភិបាល ក្រុមហ៊ុន ​សហការគ្នា ដើម្បី បណ្តុះបណ្តាល​សមត្ថភាព របស់​បុគ្គលិកដើម្បី​សម្រប​ទៅតាម​ការវិវឌ្ឍ​របស់​បច្ចេកវិទ្យា នោះ គ្រឿងយន្ត មិនអាច​សម្លាប់​ការងារ​ទាំងស្រុង​របស់​មនុស្ស​បាន​នោះទេ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ