អានតួអត្ថបទ
អង់គ្លេស-កូវីដ១៩

អង់គ្លេស​ត្រៀម​ដាក់​ចេញ​វិធាន​ការ​រឹត​ត្បិត​ជាង​មុន​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​កូវីដ

នាយក​រដ្ឋមន្រ្តី​អង់គ្លេស​លោកបូរីស​ ចនសុន​ បាន​លើកឡើង​នៅ​ថ្ងៃ​អាទិត្យ ៣ មករា​ពី​លទ្ធភាព​នៃ​ការ​អនុវត្តន៍​វិធាន​ការតឹងរ៉ឹង​ខ្លាំង​ជាងមុន​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ករណី​ឆ្លង​រាល​ដាល​ខ្លាំង​នៃ​ជំងឺ​កូវីដ​។ ខណៈ​ករណី​ឆ្លង​កូវីដ​នៅ​បន្ត​កើន​ឡើង​ខ្លាំង​ មាន​សំណួរ​លើក​ឡើង​ដែរ​ថា​តើ​អង់គ្លេស​គួរ​បើក​សាសារៀន​នា​ថ្ងៃ​ចន្ទ​ ទី៤ មករា​ដែរ​ឬ​ក៏អត់​?

នាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរីស ចនសុន។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរីស ចនសុន។ AP - Heathcliff O'Malley
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ BBC លោក​បូរីស​ ចនសុន​ បាន​មាន​ប្រសាសន៍​ថា​ នាប៉ុន្មាន​សប្តាហ៍​ខាងមុខ​ រដ្ឋាភិបាល​អង់គ្លេស​ទំនង​ជា​ត្រូវ​ចាត់​វិធាន​ការកាន់​តែ​តឹងរ៉ឹង​បន្ថែមទៀត​នៅ​តាម​តំបន់​ជាច្រើន​នៃ​ប្រទេស​។

អង់គ្លេស​បាន​រាយការណ៍​កាល​ពី​ថ្ងៃសៅរ៍​ អំពី​ការ​បំបែក​កំណត់ត្រាថ្មី​នៃ​អត្រា​អ្នក​ឆ្លងកូវីដ​ដែល​មាន​ចំនួន​រហូតដល់​ទៅ​ ៥៧ ៧២៥ ករណី ​ដែលជា​ចំនួន​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ជំងឺ​រាតត្បាត​កូវីដ​ផ្ទុះឡើង​នៅក្នុង​ប្រទេសមក​។

ដោយ​ករណី​ឆ្លងកូវីដ​ចេះ​តែ​បន្តកើនឡើង​បែបនេះ​ ក្រុម​មន្រ្តី​សុខាភិបាល​អង់គ្លេស​មានការ​ព្រួយ​បារម្ភ​ថា​ ខាង​មន្ទីរពេទ្យ​នឹង​លែង​អាច​ទប់ទល់​ស្ថានការណ៍​បាន​ដោយសារ​ចំនួន​អ្នកជំងឺ​ចាល់​ឡើង​ខ្លាំងពេក​។

ស្របពេល​ដែល​ការ​ឆ្លង​រាលដាល​កូវីដនៅតែ​មាន​សភាព​ធ្ងន់ធ្ងរ​គួរ​ឲ្យព្រួយបារម្ភ​ ក៏មាន​សំណួរ​ចោទ​ឡើង​ផងដែរ​ថាតើ​គេ​គួរ​បើក​សាលារៀនវិញ​នៅ​ថ្ងៃ​ចន្ទ​​ឬ​យ៉ាងណា​? ឆ្លើយតប​នឹង​សំណួរ​ខាងលើ​ លោក​ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​បាន​និយាយ​ថា​ ឪពុកម្តាយ​គួរតែ​បញ្ជូន​កូនៗ​របស់​ពួកគេ​ទៅ​សាលា​បឋមសិក្សា​វិញ​នាថ្ងៃ​ចន្ទ ទី៤ មករានេះ ប្រសិនបើ​សាសា​នៅក្នុង​តំបន់​រស់នៅ​របស់​ពួកគេ​បើកទ្វារ​។

លោក​ចនសុន​ ថា​ លោក​យល់ពី​ការ​រារែក​អល់អែក​ ពី​កង្វល់​របស់​ឪពុកម្តាយ​ និង​អាណាព្យាបាល​នៃ​សិស្ស​ ប៉ុន្តែ​លោកថា​គ្មានអ្វី​ដែល​គួរឲ្យ​ងឿង​ឆ្ងល់​នៅក្នុង​ចិត្ត​របស់​លោក​ឡើយ​ថា​សាលារៀន​ គឺជា​កន្លែង​ដែល​មាន​សុវត្ថិភាព​ ហើយ​ការ​សិក្សា​អប់រំ​គឺជា​ចំណុច​អាទិភាព​មួយ​។ ​លោក​បាន​បន្ថែម​ទៀតថា​ រដ្ឋបាល​របស់​លោក​ពិត​ជា​បាន​ខិតខំ​ប្រឹង​ប្រែង​ខ្លាំងណាស់​ ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ធ្លាក់​ក្នុង​វិបត្តិ​កូវីដ​ដើម្បី​អាច​បើក​ទ្វារ​សាលារៀន​បាន​។

យ៉ាងណាក៏ដោយ​ សមាគមជាតិ​គ្រូ​បង្រៀន​អង់គ្លេស​កំពុង​ជូនព័ត៌មាន​ទៅកាន់​បុគ្គលិក​សាសា​ ថា​ វា​គ្មាន​សុវត្ថិភាព​នោះទេ​ក្នុងការ​វិល​ត្រលប់​ទៅធ្វើការក្រោយឈប់សម្រាកបុណ្យណូអែលនាថ្ងៃចន្ទ​ និង​បាន​អំពាវនាវ​ឲ្យ​មាន​ការបង្រៀន​តាមអនឡាញ​ជំនួស​វិញ​។

ជាមួយគ្នានេះ​ លោក Paul Whiteman ដែលជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​របស់​ប្រទេស​អង់គ្លេស​ បាន​អំពាវនាវ​ផងដែរ​ឲ្យ​រដ្ឋាភិបាល​ពន្យារ​ពេល​បើក​សាលារៀន​ ដើម្បី​ទុក​ពេល​ឲ្យ​អ្នកពាក់ព័ន្ធ​អាច​រិះរក​វិធានការ​កាត់បន្ថយ​ហានិភ័យ​ឲ្យបាន​ត្រឹមត្រូវ​ ដើម្បី​ធានា​ថា​ទាំង​សិស្សសាលា​និង​គ្រូបង្រៀន​មានសុវត្ថិភាព​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ