អានតួអត្ថបទ
បារាំង-អាហ្រ្វិក

បារាំង-អាហ្រ្វិក៖លោកម៉ាក្រុងអំពាវនាវឲ្យពង្រឹងយុទ្ធនាការប្រឆាំងនឹងពួកជីហាតនៅតំបន់សាហ៊ែល

នៅ​ថ្ងៃ​អង្គារ ទី១៦ កុម្ភៈ ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​ពង្រឹង​យុទ្ធនាការ​ប្រឆាំង​នឹង​ពួក​ជីហាត​ដែល​មាន​ចំណងទាក់ទង​ជាមួយ​ពួក​អាល់កៃដា​នៅ​តំបន់​សាហ៊ែល។ លោក​ម៉ាក្រុង​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​សន្និសីទកាសែត​មួយ បន្ទាប់​ពី​មាន​ជំនួបកំពូល​តាម​អនឡាញ​រៀបចំ​ក្នុង​ប្រទេស​ឆាដ​ជាមួយ​សមភាគី​នៃ ៥ប្រទេស​អាហ្រ្វិក​ក្នុង​ក្រុម G៥ សាហ៊ែល គឺ​ឆាដ នីហ្សេ បួគីណាហ្វាសូ ម៉ាលី និង​ប្រទេស​ម៉ូរីតានី។ លោក​ម៉ាក្រុង​បាន​ធានា​ថា គ្មាន​ការ​កាត់​បន្ថយ​ចំនួន​ទ័ពបារាំង​នៅ​ក្នុង​កម្លាំង​បាកាន​នា​រយៈពេល​ខ្លី​ខាង​មុខ​ទេ និង​ថា ការ​ដែល​បារាំង​បាន​សន្យា​បញ្ជូន​ទ័ព​បារាំង​បន្ថែម​ចំនួន ៦០០នាក់​ទៅ​ក្នុង​កម្លាំង​បាកាន​នៅ​បន្ត​ជា​បច្ចុប្បន្នភាព​ដដែល។ គួរ​រម្លឹក​ថា ការ​សន្យា​របស់​បារាំង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួបកំពូល G៥ សាហ៊ែល​រៀបចំ​ក្នុង​ទីក្រុង​ប៉ូ ប្រទេស​បារាំង​កាល​ពី​មួយ​ឆ្នាំ​មុន។ មាន​កម្មវត្ថុ​ចំនួន​ពីរ​ដែល​លោក​ម៉ាក្រុង​ចង់​ឃើញ​កម្លាំង​បាកាន​សម្រេច​បាន​នៅ​ពេល​ខាង​មុខ ទី១ កម្ទេច​ពួក​ជីហាត​ដែល​មាន​ចំណងទាក់ទង​ជាមួយ​ពួក​អាល់កៃដា និង​ទី២ ការ​វិលត្រឡប់​នូវ​សន្តិសុខ​សម្រាប់​ប្រជាជន​ក្នុង​តំបន់​សាហ៊ែល។

ប្រធានាធិបតី​បារាំងលោកម៉ាក្រុងអំពាវនាវឲ្យពង្រឹងយុទ្ធនាការប្រឆាំងនឹងពួកជីហាតនៅតំបន់សាហែល។
ប្រធានាធិបតី​បារាំងលោកម៉ាក្រុងអំពាវនាវឲ្យពង្រឹងយុទ្ធនាការប្រឆាំងនឹងពួកជីហាតនៅតំបន់សាហែល។ AP - Francois Mori
ផ្សាយពាណិជ្ជកម្ម

« សារ​ទីមួយ គឺ​យើង​មិន​ត្រូវ​បន្ធូរដៃ​ទៅ​លើ​ក្រុម​ភេរវជន​ឡើយ។ យើង​ត្រូវ​បន្ត​យុទ្ធនាការ​នៅ​ក្នុង​តំបន់​នៃ​ព្រំដែន​ទាំង ៣ ជាមួយ​ប្រទេស​ម៉ាលី នីហ្សេ និង​បួគីណាហ្វាសូ។ ចាប់​ពី​ថ្ងៃ​ខាង​មុខ និង​ពី​សប្តាហ៍​ខាង​មុខ​ទៅ យើង​ត្រូវ​បើក​ប្រតិបត្តិ​ពិតប្រាកដ​ដើម្បី​ដណ្តើម​យក​តំបន់​នោះ​មក​កាន់កាប់​វិញ។

ខ្ញុំ​ក៏​គិត​ថា យើង​ត្រូវ​ត្រៀម​កម្លាំង​របស់​យើង​ដើម្បី​ព្យាយាម​កម្ទេច​ពួក​ជីហាត​ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​អាល់កៃដា​ឲ្យ​ដល់​ឫសគល់។ ទន្ទឹម​គ្នា​នេះ យើង​ក៏​មិន​អាច​ផ្តោត​តែ​លើ​គោលដៅ​តាម​កំចាត់​ពួក​ភេរវជន​មួយ​ប៉ុណ្ណោះ​ទេ។ យើង​ក៏​ត្រូវ​គិតគូរ​ផង​ដែរ​ពី​អនាគត​របស់​ប្រជាជន​នៅ​តំបន់​សាហ៊ែល។

នេះ​ជា​គោលដៅ​ទី២ ដែល​យើង​ត្រូវ​សម្រេច​ឲ្យ​បាន មាន​ន័យ​ថា គឺ​ការ​វិល​ត្រឡប់​វិញ​នូវ​សន្តិសុខ និង​សេវាកម្ម​ផ្សេងៗ​សម្រាប់​ប្រជាជន​នៅ​សាហ៊ែល។ នៅ​ត្រង់​ចំណុច​នេះ យើង​ត្រូវ​មាន​ចក្ខុវិស័យ និង​ឆន្ទៈ​ដូច​ដែល​បាន​សន្យា​នា​ជំនួបកំពូល​រៀបចំ​ក្នុង​ទីក្រុង​ប៉ូ ប្រទេស​បារាំង​កាល​ពី​មួយ​ឆ្នាំ​មុន។

ការ​ចូលរួម​ពី​អន្តរជាតិ​ក្នុង​បុព្វហេតុ​តំបន់​សាហ៊ែល​មិន​ដែល​មាន​សន្ទុះ​ខ្លាំងក្លា​ដូច​ពេល​នេះ​ទេ។ ឆ្លៀត​ឱកាស​នេះ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុម​ប្រទេស​ដៃគូ​អឺរ៉ុប​ដែល​បាន​ចូលរួម​នៅ​ក្នុង​កម្លាំងពិសេស​តាគូបា »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ