អានតួអត្ថបទ
អ៊ុយក្រែន-នុយក្លេអ៊ែរ

អ៊ុយក្រែនរម្លឹកខួប ៣៥ឆ្នាំនៃគ្រោះមហន្តរាយនុយក្លេអ៊ែរនៅឈែរណូប៊ីល

នៅ​ថ្ងៃទី២៦ មេសា ឆ្នាំ ២០២១ នេះ ប្រទេស​អ៊ុយក្រែន​រម្លឹក​ខួប ៣៥ឆ្នាំ​នៃ​គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ឈែរណូប៊ីល​កាល​ពី​ថ្ងៃទី២៦ មេសា ឆ្នាំ ១៩៨៦។ គួរ​រម្លឹក​ថា គ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ​នៅ​ឈែរណូប៊ីល​កាល​ពី ៣៥ឆ្នាំ​មុន​មិន​ត្រឹម​បង្ក​ផលវិបាក​តែ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ តែ​បាន​ធ្វើ​ឲ្យ​ប្រទេស​អឺរ៉ុប​មួយ​ភាគ​រង​គ្រោះ​ដោយ​សារធាតុ​វិទ្យុសកម្ម។ ៣៥ឆ្នាំ​ក្រោយ​មក ទីតាំង​គ្រោះថ្នាក់​ដែល​ស្ថិត​ចម្ងាយ​ប្រមាណ ១០០គីឡូម៉ែត្រ​ពី​ទីក្រុង​គៀវ​មួយ​នេះ​កំពុង​ក្លាយ​ជា​កន្លែង​ទាក់ទាញ​អ្នក​ទេសចរណ៍ និង​ដែល​អ៊ុយក្រែង​ចង់​ស្នើ​សុំ​ចុះ​ទីតាំង​នោះ​ទៅ​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។ តើ​ដំណើររឿង​គ្រោះថ្នាក់​បាន​កើត​ឡើង​យ៉ាង​ដូច​ម្តេច​ខ្លះ?

នៅ​អ៊ុយក្រែន មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅ​ឈែរណូប៊ីលដែល​ជួប​គ្រោះ​ថ្នាក់​កាល​ពីឆ្នាំ ១៩៨៦ កំពុង​ក្លាយ​ជា​ទីកន្លែង​ទាក់ទាញ​អ្នក​ទេសចរណ៍។ ចំណែក​អ៊ុយក្រែន​ចង់ស្នើសុំចុះទីតាំងនោះទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
នៅ​អ៊ុយក្រែន មជ្ឈមណ្ឌលនុយក្លេអ៊ែរ​នៅ​ឈែរណូប៊ីលដែល​ជួប​គ្រោះ​ថ្នាក់​កាល​ពីឆ្នាំ ១៩៨៦ កំពុង​ក្លាយ​ជា​ទីកន្លែង​ទាក់ទាញ​អ្នក​ទេសចរណ៍។ ចំណែក​អ៊ុយក្រែន​ចង់ស្នើសុំចុះទីតាំងនោះទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ Gerd Ludwig©
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃទី២៦ មេសា ឆ្នាំ ១៩៨៦ នា​វេលា​ម៉ោង ១ និង​២៣នាទី​ព្រឹក​ម៉ោង​ក្នុង​ប្រទេស​អ៊ុយក្រែន ម៉ាស៊ីន​ប្រតិកម្ម​លេខ ៤ នៃ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឈែរណូប៊ីល​បាន​ផ្ទុះ​ឡើង​ក្នុង​ពេល​ដែល​ក្រុម​បុគ្គលិក​កំពុង​ធ្វើ​តេស្តិ៍​ពី​សុវត្ថិភាព។ ក្នុង​រយៈពេល ១០ថ្ងៃ​ក្រោយ​ការ​ផ្ទុះ គ្រឿង​បញ្ឆេះ​នុយក្លេអ៊ែរ​បន្ត​ឆេះ​ដោយ​បាន​បញ្ចេញ​ទៅ​ក្នុង​បរិយាកាស​នូវ​សារធាតុវិទ្យុសកម្ម​យ៉ាង​សម្បើម។ ព័ត៌មាន​ខ្លះ​បាន​ឲ្យ​ដឹង​ថា សារធាតុ​វិទ្យុសកម្ម​បាន​គ្របដណ្តប់​ដែនដី​អឺរ៉ុប ១ភាគ៤ ពិសេស​ប្រទេស​អ៊ុយក្រែន បេឡារុស និង​ប្រទេស​រុស្ស៊ី​ដែល​កាល​ណោះ​នៅ​ជា​សហភាព​សូវៀត​នៅ​ឡើយ។ ក្នុង​ឆ្នាំ ១៩៨៦ មាន​មនុស្ស​ចំនួន ១១៦ ០០០នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​តំបន់​ជុំវិញ​ទីតាំង​គ្រោះថ្នាក់ ហើយ​នៅ​ឆ្នាំ​បន្ត​បន្ទាប់ មាន​ចំនួន ២៣០ ០០០នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីនោះ។ សព្វ​ថ្ងៃ​នេះ តំបន់​ស្ថិត​ជុំវិញ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​នៅ​ឈែរណូប៊ីល​សឹង​គ្មាន​មនុស្ស​រស់នៅ។

តែ​សំណួរ​កំពុង​បន្ត​ចោទ​ជុំវិញ​ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​គ្រោះថ្នាក់​នោះ។ គណៈកម្មាធិការ​វិទ្យាសាស្រ្ត​អង្គការសហប្រជាជាតិ​បាន​ទទួល​ស្គាល់​ពី​ចំនួន​មនុស្ស​ស្លាប់​ផ្លូវការ​ប្រមាណ ៣០នាក់​ដែល​ជា​អ្នក​ធ្វើ​ការ​នៅ​មជ្ឈមណ្ឌល និង​ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​ដោយ​សារធាតុ​វិទ្យុសកម្ម។ តែ​អង្គការ​ក្រៅ​រដ្ឋាភិបាល Greenpeace បាន​លើក​ឡើង​ក្នុង​ឆ្នាំ ២០០៦ ពី​ចំនួន​អ្នក​ស្លាប់​ដល់​ទៅ ១០០ ០០០នាក់។ នៅ​ដំណាច់​ឆ្នាំ ២០១៦ និង​ដោយ​មាន​ជំនួយ​ពី​សហគមន៍​អន្តរជាតិ ដំបូល​អាច​បត់បែន​មាន​ជញ្ជាំង​ដ៏​ធំ​មួយ​ធ្វើ​ពី​ដែកថែក​ក្នុង​តម្លៃ ២ ១០០លានអឺរ៉ូ​បាន​សាងសង់​ឡើង​ដើម្បី​គ្រប​លើ​ម៉ាស៊ីនប្រតិកម្ម​គ្រោះថ្នាក់។ ដំបូល​នេះ​មាន​គោលដៅ​ធានា​សុវត្ថិភាព​នៅ​ទីតាំង​គ្រោះថ្នាក់​សម្រាប់​រយៈ​ពេល ១០០ឆ្នាំ ពិសេស​ខ្ទប់​ការ​សាយភាយ​សារធាតុ​វិទ្យុសកម្ម។

រដ្ឋអំណាច​អ៊ុយក្រែន​យល់​ឃើញ​ថា គេ​ត្រូវ​រង់ចាំ ២៤ ០០០ឆ្នាំ​ទៀត​ទើប​មនុស្ស​អាច​ចូល​ទៅ​រស់​នៅ​ដោយ​សុវត្ថិភាព​នៅ​ក្បែរ​តំបន់​ស្ថិត​ជុំវិញ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឈែនូប៊ីល។ តែ​អ្វី​ជា​ការ​កត់សម្គាល់​ពេល​នេះ ទីតាំង​គ្រោះថ្នាក់​កាល​ពី ៣៥ឆ្នាំ​មុន​មួយ​នេះ​កំពុង​ក្លាយ​ជា​ទីកន្លែង​ទាក់ទាញ​អ្នក​ទេសចរណ៍ និង​ដែល​អ៊ុយក្រែង​ចង់​ស្នើ​សុំ​ចុះ​ទីតាំង​នោះ​ទៅ​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ។ មួយ​វិញ​ទៀត អវត្តមាន​មនុស្ស​រស់នៅ​លើ​ទីតាំង​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​ព្រៃប្រឹក្សា​រីកលូតលាស់ និង​វត្តមាន​សត្វ ដូច​យ៉ាង​ឥន្ទ្រី​មាន​កន្ទុយ​ពណ៌ ស សត្វខ្លាឃ្មុំ ឬ​មួយ​ឆ្កែ​ចចក​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ