អានតួអត្ថបទ
ថៃ-វ៉ាក់សាំងកូវីដ​១៩

ថៃបើក​យុទ្ធនាការ​ជាតិ ចាក់​ថ្នាំ​បង្ការ​កូវីដ១៩

មាន​ចំណាត់ការ​ល្អ បាន​ទទួល​ការ​កោត​សរសើរ​ កាលពី​ឆ្នាំ​ទៅ នៅពេល​វិបត្តិ​កូវីដ​១៩​ទើប​ផ្ទុះ​ឡើង​ដំបូង ថៃ​បែរ​ជា​រង​ការ​រិះគន់​ខ្លាំង​ចំពោះភាព​យឺត​យ៉ាវ​ក្នុងការ​ផ្តល់​ថ្នាំ​បង្ការ​ដល់​ប្រជាពលរដ្ឋ។ យុទ្ធនាការជាតិ​​​​ចាក់​ថ្នាំ​បង្ការ​​ប្រឆាំង​កូវីដ១៩ ទើប​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៧ មិថុនា ២០២១​​នេះ តែ​ប៉ុណ្ណោះ។

ពលរដ្ឋ​ថៃ​អង្គុយ​រង់ចាំ​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩ ក្នុង​សាល​ហាត់​កីឡា​​ ថ្ងៃទី ៧​មិថុនា ២០២១
ពលរដ្ឋ​ថៃ​អង្គុយ​រង់ចាំ​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩ ក្នុង​សាល​ហាត់​កីឡា​​ ថ្ងៃទី ៧​មិថុនា ២០២១ REUTERS - SOE ZEYA TUN
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​នេះ​ថៃ​ មាន​​ថ្នាំ​បង្ការប្រឆាំង​កូវីដ​១៩​ AstraZeneca ​ ចំនួន​ជិត​ពីរ​លាន​ដូស ផលិត​នៅ​ក្នុង​ស្រុក​ដោយ​ក្រុមហ៊ុន​​Siam Bioscience។ ក្នុង​អំឡុង​ខែ​មិថុនា​នេះ ថៃ​នឹង​អាច​មាន​វ៉ាក់សាំង​សរុប​ចំនួន​៦​លាន​ដូស។ ​​យុទ្ធនាការ​​​ចាក់ថ្នាំ​បង្ការ​ថ្នាក់​ជាតិ បាន​ចាប់​ផ្តើម តែ​ក្នុង​ខណៈ​ដែល​​​រលក​ចម្លង​កំពុង​ចាប់​ស្ទុះ​ឡើង​ជា​ថ្មី ដោយ​រាប់​ឃើញ​មាន​អ្នក​ឆ្លង​ថ្មី​ ២៦៧១នាក់ និង​ស្លាប់​២៣​នាក់​ នៅ​ថ្ងៃអាទិត្យ​ទី​៦មិថុនា។

អាជ្ញាធរ​បាន​សម្រេច​យក​លក្ខខណ្ឌ​អាយុ និង​មុខ​របប​ ជា​កត្តា​សំខាន់។ បុគ្គលិកពេទ្យ គ្រូបង្រៀន ​ មាន​អាទិភាព​ទៅ​ចាក់​ថ្នាំ​បង្ការ​មុន​គេ​។ អ្នក​មាន​អាជីពដូច​យ៉ាង​អ្នកបើក​ឡាន​តាក់ស៊ីដែល​ប្រឈម​នឹង​ការ​ជួប​មនុស្ស ​ជួប​​​ទេសចរបរទេស​ច្រើន ក៏​ស្ថិត​នៅ​ក្នុង​ចង្កោម​អាជីព​អាទិភាព​អាច​ទៅ​ចាក់​ថ្នាំ​បង្ការ​មុន​គេ​ដែរ ព្រោះ ​​រដ្ឋាភិបាល​សង្ឃឹមថា​វិស័យទេសចរណ៍​​ថៃ ដែល​ជា​បង្គោល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ នឹង​ចាប់​កំរើក​ឡើង​វិញ​ឆាប់ៗ។

ជាក់ស្តែង​ កោះភូកេត​ដ៏​ល្បី​ល្បាញ​របស់​ថៃ នឹងចាប់​បើក​​ទទួល​ភ្ញៀវ​ទេសចរ​ ជា​បណ្តើរៗ​ និង​បន្តិចម្តងៗ ចាប់​ពី​ខែ​កក្កដា​២០២១​នេះ។ ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​រួច​អាច​មក​កំសាន្ត និង​ដើរ​ហើរ​សេរី​​នៅ​លើ​កោះ​ ដោយ​គ្មាន​ជាប់​ចត្តាឡីស័កទេ។ ​ប្រជាពលរដ្ឋ​នៅកោះ​ភូកេត ភាគ​ខាង​ត្បូង​ប្រទេស​ថៃ បាន​ទទួល​ថ្នាំបង្ការ​រួច​ហើយ តាម​រយៈយុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ថ្នាក់​មូលដ្ឋាន ដោយ​ប្រើ​វ៉ាក់សាំង​ចិន។

បើ​តាម​ផែន​ការ​របស់ក្រសួង​សុខាភិបាល​ថៃ ពី​ពេល​នេះ​ដល់​ខែ​កញ្ញា ​ប្រជាពលរដ្ឋ​ចំនួន៧០% នឹង​ទទួល​បាន​​​ថ្នាំ​វ៉ាក់សាំង​ យ៉ាង​ហោច​ណាស់​ម្នាក់​មួយ​ម្ជុល​ដំបូង (ដូស​ទីមួយ)ដែរ។ ហើយ​​ចាប់​ពី​ខែ​កញ្ញា​ដដែល​នោះទៅ​​ ​ទើប​ថៃ​​អនុញ្ញាត​ឱ្យ​​នាំ​ចេញ​ថ្នាំ​បង្ការ​កូវីដ​១៩​ ​ ដែល​ក្រុមហ៊ុន​ថៃ​បាន​ទទួល​សិទ្ធិ​​ពី​ក្រុមហ៊ុន​​​ AstraZeneca ផលិតនៅ​ក្នុង​ស្រុក​ សម្រាប់​ចែក​ចាយ​ទៅ​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ