អានតួអត្ថបទ
G២០-អ៊ីតាលី

អ៊ីតាលី៖កិច្ចប្រជុំ G២០ ផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច អាកាសធាតុ និងការយកពន្ធពីក្រុមហ៊ុនពហុជាតិ

ថ្ងៃ​សៅរ៍ ទី១០ កក្កដា​ជា​ថ្ងៃទី២ នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស G២០ ដែល​រៀបចំ​នៅ​ក្នុង​ទីក្រុង​វឺនី ប្រទេស​អ៊ីតាលី។ បញ្ហា​សេដ្ឋកិច្ច អាកាសធាតុ និង​ការ​យក​ពន្ធ​ពី​ក្រុមហ៊ុនពហុជាតិ​ជា​ប្រធានបទ​សំខាន់​នៃ​កិច្ចប្រជុំ G២០ ពេល​នេះ។ ថ្លែង​នា​ថ្ងៃ​សុក្រ ទី៩ កក្កដា រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោកស្រី​ចានែត យេលែន​បាន​អំពាវនាវ​ឲ្យ​សមភាគី G២០ ចាត់​វិធានការ​ជា​បន្ទាន់​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៅ​ក្នុង​បរិយាកាស។ តាម​លោកស្រី​យេលែន ក្រុម​ប្រទេស G២០ ជា​អ្នក​ទទួល​ខុសត្រូវ​នៃ​ការ​បញ្ចេញ​ឧស្ម័នកាបូនិក​ចំនួន ៨០% ទៅ​ក្នុង​បរិយកាស។ ការ​អំពាវនាវ​ដូច​គ្នា​នេះ​ក៏​មាន​ពី​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារាំង​លោក​ប៊្រុយណូ ឡឺមែរ​ដែរ។ តែ​ទន្ទឹម​គ្នា​នេះ លោក​ប៊្រុយណូ​ក៏​មិន​ភ្លេច​និយាយ​ពី​កិច្ចព្រមព្រៀង​នៃ​ការ​យក​ពន្ធ​អប្បបរមា​ចំនួន ១៥% លើ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុនពហុជាតិ​ដែល G៧ បាន​ឯកភាព​កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ។ លោក​ប៊្រុយណូ​សង្ឃឹម​ថា កិច្ចព្រមព្រៀង​មួយ​នេះ​នឹង​អាច​អនុម័ត​នៅ​ក្នុង​ក្របខណ្ឌ G២០ និង​ថា បារាំង​នឹង​ធ្វើ​ការ​តស៊ូ​បន្ត​ទៀត​ដើម្បី​ឲ្យ​អត្រា​អប្បបរមា​មាន​លើស​ពី ១៥%។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំងលោកប៊្រុយណូ ឡឺមែរ
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំងលោកប៊្រុយណូ ឡឺមែរ AP - Luca Bruno
ផ្សាយពាណិជ្ជកម្ម

 

« អ្វី​ដែល​យើង​ត្រូវ​សម្រេច​ឲ្យ​បាន​ពេល​នេះ គឺ​កិច្ចព្រមព្រៀង​មួយ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ក្រុម​ប្រទេស G២០ ស្តីពី​ការ​យក​ពន្ធ​ក្នុង​អត្រា​អប្បបរមា​លើ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុនពហុជាតិ។ ប្រទេស​ទាំង ២០ នៅ​ក្នុង G២០ តំណាង​ឲ្យ ៨៥% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក​របស់​ពិភពលោក។ យើង​មាន​លទ្ធភាព​ដែល​ថា ប្រទេស​សមាជិក G២០ និយាយ​ចុះ​សម្រុង​គ្នា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ពន្ធអាករ​អន្តរជាតិ​សម្រាប់​សតវត្ស​ទី២១។

កិច្ចព្រមព្រៀង​មួយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​យើង​យក​ពន្ធ​លើ​ក្រុមហ៊ុន​ឌីជីថល​ពហុជាតិ​គ្រាក់ៗ​ដែល​កំពុង​រួច​ខ្លួន​ពី​ការ​បង់ពន្ធ។ ការ​រួច​ខ្លួន​ពី​ការ​បង់ពន្ធ​នេះ​ជា​រឿង​មួយ​ដែល​គ្មាន​អ្នក​ណា​អាច​យល់​បាន និង​​ក៏​គ្មាន​អ្នក​ណា​អាច​ទទួល​បាន​ដែរ។ យើង​មាន​លទ្ធភាព​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​យក​ពន្ធ​ក្នុង​អត្រា​អប្បបរមា​លើ​ក្រុមហ៊ុន​ឌីជីថល​ពហុជាតិ​គ្រាក់ៗ។

ការ​ធ្វើ​យ៉ាង​នេះ​គឺ​ដើម្បី​បញ្ចៀស​ពី​ការ​គេច​ពន្ធ​ផង និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ក្នុង​វិស័យ​សារពើពន្ធ​ផង។ ប្រទេស​បារាំង​នឹង​ធ្វើ​ការ​តស៊ូ​ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​មួយ​នេះ​សម្រេច​បាន​នៅ​ក្នុង​កិច្ចប្រជុំ G២០ ក្នុង​ទីក្រុង​វឺនី។ ទន្ទឹម​គ្នា​នេះ បារាំង​ក៏​នឹង​ធ្វើ​ការ​តស៊ូ​ប្រកប​ដោយ​សេចក្តីក្លាហាន​ដើម្បី​ឲ្យ​ការ​យក​ពន្ធ​អប្បបរមា​មាន​អត្រា​លើស​ពី ១៥%។ នេះ​ជា​ជំហរ​របស់​បារាំង​ដែល​ខ្ញុំ​នឹង​ការពារ​នៅ​ក្នុង​កិច្ចប្រជុំ G២០ ថ្ងៃ​នេះ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ