អានតួអត្ថបទ
G៧-អង់គ្លេស

បារាំង និងអាមេរិកសាទរលើកិច្ចព្រមព្រៀងរបស់ G៧ ស្តីពីការយកពន្ធអប្បបរមាលើក្រុមហ៊ុនពហុជាតិ

កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស G៧ រយៈពេល ២ថ្ងៃ​ក្នុង​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស​បាន​បិទបញ្ចប់​នា​រសៀល​ថ្ងៃ​សៅរ៍ ទី៥ មិថុនា។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម G៧ បាន​អនុម័ត​លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​យក​ពន្ធ​ក្នុង​អត្រា​អប្បបរមា​ចំនួន ១៥% ពី​ក្រុមហ៊ុន​ពហុជាតិ និង​ការ​បែងចែក​លុយ​ពន្ធ​ដែល​ប្រមូល​បាន​ពី​ក្រុមហ៊ុន​ពហុជាតិ ពិសេស​ក្រុមហ៊ុន​ឌីជីថល​ពហុជាតិ​គ្រាក់ៗ។ អាមេរិក​តាម​រយៈ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​បាន​សាទរ​លើ​កិច្ចព្រមព្រៀង​របស់ G៧ ដោយ​ចាត់​ទុក​ជា​កិច្ចព្រមព្រៀង​មិន​ធ្លាប់​មាន។ ចំណែក​រដ្ឋមន្រ្តី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បារាំង​លោក​ប៊្រុយណូ ឡឺមែរ​ក៏​បាន​សាទរ និង​ចាត់​ទុក​ជា​កិច្ចព្រមព្រៀង​មួយ​ជា​ប្រវត្តិសាស្រ្ត​ដែល​បារាំង​បាន​ធ្វើ​ការ​តស៊ូ និង​ទាមទារ​អស់​ពេល ៤ឆ្នាំ​មក​ហើយ។

រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំងលោកប៊្រុយណូ ឡឺមែរ។
រដ្ឋមន្រ្តីសេដ្ឋកិច្ច និងហិរញ្ញវត្ថុបារាំងលោកប៊្រុយណូ ឡឺមែរ។ AP - Daniel Leal-Olivas
ផ្សាយពាណិជ្ជកម្ម

« គឺ​ជា​កិច្ចព្រមព្រៀង​មួយ​ជា​ប្រវត្តិសាស្រ្ត។ អស់​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក នេះ​ជា​លើកទី១ ដែល​ប្រទេស​សមាជិក​ក្នុង​ក្រុម G៧ បាន​ឯកភាព​គ្នា​ក្នុង​ការ​កំណត់​ចេញ​នូវ​ច្បាប់​សម្រាប់​ប្រព័ន្ធ​អន្តរជាតិ​នៃ​សតវត្សរ៍​ទី២១។ គឺ​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​បារាំង​មិន​អាច​លាក់បាំង​ពី​មោទនភាព​របស់​ខ្លួន​បាន​ឡើយ។

បារាំង​មាន​មោទនភាព ព្រោះ​អស់​រយៈពេល ៤ឆ្នាំ​មក​ហើយ​ដែល​បារាំង​បាន​ធ្វើ​ការ​តស៊ូ និង​ទាមទារ​នៅ​ក្នុង​គ្រប់​វេទិកា​ទាំង​អស់ ទាំង​នៅ​ក្នុង​វេទិកា​អឺរ៉ុប និង​វេទិកា​អន្តរជាតិ ដូច​ជា​នៅ G៧ ពេល​នេះ ឬ​មួយ​ក៏​នៅ G ២០ ដើម្បី​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ឌីជីថល​ពហុជាតិ​បង់ពន្ធ​ត្រឹមត្រូវ និង​ដើម្បី​ឲ្យ​មាន​ការបង់ពន្ធ​អប្បបរមា​ពី​ក្រុមហ៊ុន​ពហុជាតិ។ ឥឡូវ​នេះ ការ​តស៊ូ និង​ការ​ទាមទារ​របស់​យើង​បាន​សម្រេច​ហើយ។

ក្រោយ​ការ​តស៊ូ ទាមទារ​អស់​រយៈពេល ៤ឆ្នាំ ប្រទេស​បារាំង​ទទួល​បាន​ជោគជ័យ។ ពិត​ជា​នឹង​មាន​ការ​បង់ពន្ធ​របស់​ម្ចាស់​ក្រុមហ៊ុន​ឌីជីថល​ពហុជាតិ ហើយ​ពិត​ជា​នឹង​មាន​ការ​បង់​ពន្ធ​អប្បបរមា​របស់​ក្រុមហ៊ុន​ពហុជាតិ។ កម្មវត្ថុ​នៃ​ការ​បង្កើត​ឲ្យ​មាន​ពន្ធ​នេះ​ឡើង គឺ​ដើម្បី​បញ្ជៀស​ការ​គេច​ពន្ធ និង​ដើម្បី​បង្កើន​ប្រសិទ្ធិភាព​ក្នុង​វិស័យ​សារពើពន្ធ។

កិច្ចព្រមព្រៀង​ដែល​ក្រុម​ប្រទេស G៧ បាន​សម្រេច​ពេល​នេះ​ជា​កិច្ចព្រមព្រៀង​មួយ​ប្រកប​ដោយ​មហិច្ឆតា។ អត្រា​ពន្ធ​អប្បបរមា​ដែល​យើង​បាន​កំណត់​ឲ្យ​ក្រុមហ៊ុន​ពហុជាតិ​បង់​មាន​ចំនួន ១៥%។ ខ្ញុំ​ចង់​បញ្ជាក់​ថា តិច​បំផុត​ត្រូវ​បង់ ១៥% ហើយ​នេះ​គ្រាន់​ជា​ចំណុច​ចាប់​ផ្តើម​ប៉ុណ្ណោះ។ នៅ​ប៉ុន្មាន​ខែ​ខាង​មុខ យើង​នឹង​ធ្វើ​ការ​តស៊ូ​បន្ថែម​ទៀត​ដើម្បី​ឲ្យ​អត្រា​ពន្ធ​អប្បបរមា​នេះ​នឹង​កើន​ឡើង​ខ្ពស់​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ