អានតួអត្ថបទ
មហោស្រពភាពយន្តកានទី​៧៤

អូណូដា ទាហានជប៉ុន​ដែល​ធ្វើបន្ត​ធ្វើ​សង្រ្គាមលោកលើកទី២ អស់​៣០ឆ្នាំនៅហ្វីលីពីន

​មហោស្រពភាពយន្ត​អន្តរជាតិលើកទី​៧៤​នៅទីក្រុង​កាន ប្រទេស​បារាំង ដោយ​ផ្តោត​អារម្មណ៍ជាពិសេស​​ការចាក់បញ្ចាំង​ខ្សែភាពយន្ត​ខ្នាតវែងរឿង អូណូដា ដែលត្រូវ​បានជ្រើសរើស​សម្រាប់​ការប្រកួតប្រជែង​រង្វាន់​ផ្នែកCertains regards របស់មហោស្រព។ រឿងអូណូដា​ត្រូវ​បាន​ថត​មួយផ្នែកធំ នៅប្រទេស​កម្ពុជា កាលពីឆ្នាំ ២០១៩។ ដឹកនាំ​រឿង​ដោយ​សមិទ្ធិករ​បារាំង លោក​ Arthur Harari រឿង​អូណូដា ដកស្រង់ចេញ​ពី​ ​ខែ្សរឿងជីវិតពិត​របស់​ទាហាន​ជប៉ុនម្នាក់ ឈ្មោះ​អូណូដា ដែលមិនព្រមចុះចាញ់ ​ដាក់អាវុធ​នៅក្រោយ​ចប់សង្រ្គាម​លោកលើកទី២ ហើយ​​នៅតែ​បន្ត​ធ្វើ​សង្រ្គាមតែម្នាក់ឯង អស់​៣០ឆ្នាំ នៅ​កោះ លូបង់ ប្រទេស​ហ្វីលីពីន។ 

រឿង អូណូដា ដែលនិយាយ​ពីទាហាន​ជប៉ុន​ចុងក្រោយគេ​ដែល​យល់ព្រមដាក់​អាវុធ ចុះចាញ់​នៅ​៣០​ឆ្នាំ​ក្រោយ​ចប់​សង្រ្គាម​លោកលើកទី​២។ រឿងអូណាដា ដឹកនាំ​ដោយ​សមិទ្ធិករ​បារាំង លោក Arthur Harari
រឿង អូណូដា ដែលនិយាយ​ពីទាហាន​ជប៉ុន​ចុងក្រោយគេ​ដែល​យល់ព្រមដាក់​អាវុធ ចុះចាញ់​នៅ​៣០​ឆ្នាំ​ក្រោយ​ចប់​សង្រ្គាម​លោកលើកទី​២។ រឿងអូណាដា ដឹកនាំ​ដោយ​សមិទ្ធិករ​បារាំង លោក Arthur Harari © Festival de Cannes
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ការបណ្តុះបណ្តាល​ក្នុងកងកម្លាំងពិសេស នាយទាហាន​ Hiroo Honoda ត្រូវបាន​បញ្ជូន​ទៅកាន់​កោះលូបង់ ប្រទេស​ហ្វីលីពីន នៅតែ​ប៉ុន្មានថ្ងៃ​មុន​​ ជប៉ុន​ចុះចាញ់​សង្រ្គាម​លោក​លើកទី២។ ប៉ុន្តែ នៅពេល​អធិរាជជប៉ុន​សុខចិត្ត​ចុះចាញ់​សង្រ្គាម​​ក្រោម​អំណាចគ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិក នាយទាហាន​អូណូដា មិន​ព្រម​ទទួល​ស្គាល់ និងស្តាប់ថា សង្រ្គាម​លោកចប់​នោះទេ។ ដោយ​រើស​ទាហាន​ស្ម័គ្រចិត្ត ៣នាក់ផ្សេងទៀត នៅ​លើ​កោះហ្វីលីពីន អូណូដា នៅបន្ត​ធ្វើ​សង្រ្គាម​សម្ងាត់ អស់៣០ឆ្នាំ។ នៅពេល​សង្រ្គាម​លោក​លើកទី២ចប់​ទាំងស្រុង​នៅ​ឆ្នាំ ១៩៤៥ សង្រ្គាមតស៊ូ​រស់នៅក្នុង​ព្រៃ​របស់​​អូណាដា ដែល​មានរយៈពេល ១ម៉ឺនយប់ បាន​ចប់​នៅ ឆ្នាំ ១៩៧៤។ អូណូដាអាច​យល់​ព្រម​​ដាក់អាវុធ លុះត្រា​តែ ​អតីតមេបញ្ជាការ​របស់ខ្លួន​ចេញមុខផ្ទាល់​ ទៅ​អាន​ព្រះរាជលិខិត​ចុះចាញ់​របស់​អធិរាជជប៉ុន។ សម្រាប់​អ្នកដឹកនាំរឿង លោកArthur Harari រឿងប្រវត្តិរបស់​ទាហានជប៉ុន​អូណូដា គួរចាប់អារម្មណ៍ ព្រោះវាជារឿង​ដែលមិនគួរឲ្យ​ជឿ។ អូណូដា​ដែល​បាន​ជឿ​ងប់ងុល​ថា សង្រ្គាម​នៅមិនទាន់ចប់ នៅតែ​ជឿជាក់ថា ជប៉ុន​នឹង​អាចឈ្នះសង្រ្គាម​តាមរយៈ​សង្រ្គាម​តស៊ូក្នុង​ព្រៃ ក្នុង​រយៈពេល​វែង ដល់​ទៅ ៣០ឆ្នាំ។

"ខ្ញុំមិនជឿថា ខ្ញុំ​បាន​លើកតម្កើងតួអង្គ​ទាហាន​អូណូដា ជាវីរជននោះទេ។ នៅក្នុង​កុន យើងឃើញ​ទាហាន​អូណូដា ធ្វើរឿងដ៏អាក្រក់ ឃោឃៅ ដូចជា​សម្លាប់មនុស្ស រើសអើងពូជសាសន៍ ហើយពេលខ្លះគឺ​ហិង្សា​មែនទែន​សូម្បីជាមួយ​ទាហានជប៉ុន គ្នារបស់គាត់ ឬក៏ក្បាលរឹង​មិនពិភាក្សាអ្វីទាំងអស់ នៅពេល​មានអ្នកមិនជឿទុកចិត្ត​​គាត់។

សម្រាប់ខ្ញុំ បើនិយាយ​ពីអូណូដា គេ​មិនអាច​និយាយ​តែរូបភាព​វីរជននោះទេ។ ប៉ុន្តែ វា​មានអ្វីលើសពីហ្នឹងទៀត។ អូណូដា​បានធ្វើអ្វីមួយ ដែលគ្មាន ឬ​កម្រ​មានអ្នកណា​ធ្វើដូច។ អូណូដា​បាន​យល់ខុសអស់ ៣០ឆ្នាំ។ គាត់​បានធ្វើកំហុសដ៏ធំ។ គេ​បានប្រាប់គាត់ថា សង្រ្គាម​បានចប់ហើយ ប៉ុន្តែ គាត់​មិនព្រមស្តាប់ជឿនោះទេ។ បើនិយាយពីចំណុចនេះ គេ​ពិបាក​នឹង​ចូលចិត្ត​តួអង្គ​អូណូដានេះណាស់។

ចំណែកខ្ញុំ​វិញ ខ្ញុំ​មិន​ចង់​ផ្តោតសំខាន់​លើ​វីរជន ឬ​មិនវីរជនរបស់​អូណូដា​នោះទេ។ ខ្ញុំ​ចាប់អារម្មណ៍​ ចង់​ស្វែងយល់​ភាគច្រើន​ថា តើ​គាត់​ភូតកុហក​ខ្លួនឯង អស់ជាច្រើនឆ្នាំបាន​យ៉ាងម៉េច និ​ងហេតុអ្វីបានជាគាត់ធ្វើដូច្នេះ? ខ្ញុំ​មិនចង់​ធ្វើកុនមួយដែលគ្រាន់តែ​បង្ហាញ​ថា តួអង្គអូណូដា​ជា​វីរជន ព្រោះគាត់​បានធ្វើ​រឿង​ដ៏អស្ចារ្យ​កម្រ​នឹង​មាន នោះទេ។ ប៉ុន្តែ គំនិត​ធ្វើកុន​របស់ខ្ញុំ​គឺ​ចង់​ឲ្យ​គេ​ឃើញ​ពី​អត្តចរឹត​ដ៏ពិបាកយល់​របស់​តួទាហាន​អូណូដា។​"

ធ្វើ​សង្រ្គាម​តស៊ូ​ក្នុង​ព្រៃ តាំង​ពីមាន​គ្នីគ្នា ៤នាក់ រហូត​នៅសល់​តែម្នាក់ឯង អូណូដា ត្រូវ​គេ​ចាត់ទុក​ជា​ទាហាន​ជប៉ុន​ចុងក្រោយគេដែលបាន​ចុះចាញ់​ដាក់​អាវុធ នៅក្នុង​សង្រ្គាម​លោក​លើកទី២។ អូណូដា​​​បាន​ចំណាយ​ពេល​អស់​៣០ឆ្នាំ​នៅ​ក្នុង​ព្រៃ​កោះហ្វីលីពីន។ ប៉ុន្តែ សមិទ្ធិករ​ភាពយន្ត​បារាំង លោក​Arthur Harari  បាន​សង្ខេប​នៅ​តែ​៣ម៉ោង។ ខ្ញុំ​សុំ​មិន​លម្អិត​បន្ថែមសាច់រឿងនេះទេ ដោយ​ទុក​ឲ្យ​លោកអ្នកនាង​ស្វែងតាមដាន​ដោយ​ខ្លួនឯង នៅក្នុង​ខ្សែរឿង អូណូដា ដែល​នឹង​ចាក់ផ្សាយ​នៅប្រទេស​បារាំង ចាប់ពី​ថ្ងៃទី ២១​កក្កដា។ សម្រាប់​ការចាក់បញ្ចាំង​នៅប្រទេស​កម្ពុជា លោក​  ​ Arthur Harari  សង្ឃឹមថា នឹង​អាច​កើតមាន​នៅ​ពេល​ឆាប់ៗ​ខាងមុខ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ