អានតួអត្ថបទ
មនុស្សនិងធម្មជាតិ

សមាជ​ដើម្បី​ស្រោចស្រង់​ធម្មជាតិ​ដែល​កំពុង​ជិតផុតរលត់​ពីលើ​ផែនដី

សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ ដែលជា​អង្គការ​ការពារ​ធម្មជាតិ របស់​អង្គការ​សហប្រជាជាតិ​បាន​បើក​សមាជ​ពិភពលោក កាលពី​ថ្ងៃ​សុក្រ​ទី ៣​កញ្ញា ក្នុង​គោលដៅ​ជំរុញ ឲ្យគេ​ចូលរួម​ការពារ ផែនដី ដែល​កាន់តែ ទុ្រឌទ្រោម ដោយសារ​ស្នាដៃ​របស់​មនុស្ស។ ជាសញ្ញាទាញអាសន្ន ដើម្បី​ឲ្យ​គេ​ចាត់វិធានការ​បន្ទាន់ អង្គការ​ការពារ​ធម្មជាតិ​របស់​អង្គការ​សហប្រជាជាតិ នឹង​បញ្ចេញ នៅថ្ងៃ​សៅរ៍នេះ នូវ​តារាង​សត្វ និង​រុក្ខជាតិ ដែល​កំពុង​ប្រឈមខ្លាំង​នឹង​ការរលាយ​ផុតពូជ​ពីលើ​ផែនដី។

សត្វស្វា Orangutans របស់​ខេត្តស៊ូម៉ាត្រា ត្រូវ​ចាត់បញ្ចូល​ក្នុង​ប្រភេទសត្វ​ដែលកំពុង​ប្រឈមនឹង​គ្រោះថ្នាក់ខ្លាំង។ ប្រឈមនឹង​គ្រោះថ្នាក់ព្រោះដោយសារ​តែបាត់បង់ជំរកដែលបណ្តាលមកពីការកាប់ព្រៃ ការប្រមាញ់ ហើយនិង​ការខ្វះចំណី ដោយសារ​កត្តាប្រែប្រួលអាកាសធាតុ
សត្វស្វា Orangutans របស់​ខេត្តស៊ូម៉ាត្រា ត្រូវ​ចាត់បញ្ចូល​ក្នុង​ប្រភេទសត្វ​ដែលកំពុង​ប្រឈមនឹង​គ្រោះថ្នាក់ខ្លាំង។ ប្រឈមនឹង​គ្រោះថ្នាក់ព្រោះដោយសារ​តែបាត់បង់ជំរកដែលបណ្តាលមកពីការកាប់ព្រៃ ការប្រមាញ់ ហើយនិង​ការខ្វះចំណី ដោយសារ​កត្តាប្រែប្រួលអាកាសធាតុ ASSOCIATED PRESS - Wong Maye-e
ផ្សាយពាណិជ្ជកម្ម

ជីវចម្រុះ​ធ្លាក់ថយចុះ គួរឲ្យកត់សំគាល់។ សត្វ និង​រុក្ខជាតិ​ជិត​១លាន​ប្រភេទ កំពុង​ប្រឈម​នឹង​ការរលាយ​ផុតពូជ​ពីលើ​ផែនដី។ អ្នកជំនាញ​ខាង​ជីវចម្រុះ​របស់​អង្គការ​សហប្រជាតិ​ធ្លាប់​បាន​ព្រមាន​តាំង​ពី​ឆ្នាំ​២០១៩ មកម្ល៉េះថា ធម្មជាតិ​បាន​ចាប់រិចរិល ថយចុះ​យ៉ាង​លឿនរហ័ស មិនធ្លាប់​មាន ក្នុង​ប្រវត្តិមនុស្សជាតិ។

ការធ្លាក់ថយចុះ​នៃ​ចំនួន​ជីវចម្រុះ ដែល​គេ​វាយតម្លៃថា អាចជា​ការលាយផុតពូជ​ក្នុង​ទ្រង់ទ្រាយ​ធំ កំពុង​ចោទជា​បញ្ហា ដល់ ការរស់រាន មានជីវិត​របស់​មនុស្ស​នៅលើ​ផែនដី។ នេះគេនៅមិនទាន់​និយាយ​ដល់​គ្រោះមហន្តរាយ​ធម្មជាតិ ដូចជា ខ្យល់ព្យុះ ទឹកជំនន់ ភ្លើងឆេះព្រៃ ភាពរាំងស្ងួត ដែលជា​លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ ដែលមនុស្សជាអ្នកបង្កឡើង។

សម្រាប់​អគ្គលេខាធិការសហភាព​អន្តរជាតិ​ដើម្បីអភិរក្ស​ធម្មជាតិ មនុស្សជាតិ​កំពុង​ប្រឈម​នឹង​វិញ្ញាសារ​ដ៏ធំ។ “យើងឃើញ​ការប្រែប្រួលអាកាសធាតុ​បង្កផលប៉ះពាល់​ប៉ុណ្ណា​ដល់សង្គមរស់នៅ។ យើងឃើញ ជីវចម្រុះ​រលាយបាត់ខ្លួន ចំណែក ជំងឺរាតត្បាត​កំពុងវាយបំផ្លាញ សេដ្ឋកិច្ច​របស់យើង គ្រួសារយើង និង​សុខភាពយើង។ ជាមួយគ្នានោះ យើង​ក៏ដឹងដែរថា បញ្ហាទាំងនោះ មានជាប់ទាក់ទង​នឹង​សកម្មភាព​របស់មនុស្ស​យើងនេះដែរ។” នេះជា​ប្រសាសន៍​របស់​លោក Bruno Oberle នៅប៉ុន្មានម៉ោង​មុន​បើកសមាជ កាលពីថ្ងៃសុក្រ ទី ៣ខែ​កញ្ញា។

ស្ថានភាព​ទឹកសមុទ្រ​ដែលប៉ះពាល់​ដោយសារ​ការប្រែប្រួលអាកាសធាតុ ការបំពុល ជាពិសេស កាកសំណល់ប្លាស្ទិក ជាប្រធានបទសំខាន់​មួយ​របស់​សមាជ ដែល​មាន​មនុស្ស​ចុះឈ្មោះ ចូលរួមជាង ៥ពាន់នាក់។ នៅក្នុង​ពិធី​បើកសម្ពោធ សមាជកាលពីថ្ងៃ​សុក្រ​ទី ៣​កញ្ញា លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាស​ថា បារាំងនឹង​រៀបចំ​ជំនួបកំពូល​ស្តីពីមហាសមុទ្រ នៅ​ចុងឆ្នាំ ២០២១ ឬ​ដើមឆ្នាំ ២០២២។

សមាជ​ស្តីពីការពារ​ធម្មជាតិ​ដែលត្រូវ​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃទី ១១​កញ្ញា ត្រូវ​បោះឆ្នោត​ផងដែរ លើ​ញត្តិ ដែលទាមទារ​ឲ្យ​រដ្ឋាភិបាល​ដាក់បញ្ចូល ការការពារ​ធម្មជាតិ ក្នុងផែនការ ជំរុញសេដ្ឋកិច្ច នៅក្រោយ សម័យកូវីដ។ ដើម្បី​បញ្ចុះបញ្ចូល ឲ្យ​គេយល់ច្បាស់ ពីគ្រោះថ្នាក់​ពិតៗ នៃការធ្លាក់ចុះ ជីវចម្រុះ សហភាព ដើម្បីការពារ​ធម្មជាតិ នឹង​បង្ហាញ ឈ្មោះ សត្វ និង​រុក្ខជាតិ ដែល​ស្ថិតក្នុង​បញ្ជីក្រហម ប្រឈម​នឹង​ការរលាយ​ផុតពូជ ដោយសារ​សកម្មភាពបំផ្លាញ មិនឈប់ឈរ របស់​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ