អានតួអត្ថបទ
បេឡារុស

បេឡារុស កាត់​ទោសមេដឹកនាំ​ចលនា​ប្រឆាំង​ដាក់​ពន្ធនាគារ​១១​ឆ្នាំ

នៅ​ថ្ងៃ​ចន្ទ​ទី ៦​កញ្ញា​២០២១​នេះ តុលាការ​បេឡារុស​ បាន​ដាក់​ទោស​ អ្នកស្រី ម៉ារីយ៉ា កូឡេស្នីកូវ៉ា Maria Kolesnikova មេដឹកនាំ​ចលនាបាតុកម្ម​ម្នាក់ ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​១១​ឆ្នាំ។ ជា​ទោស​ដ៏​ធ្ងន់​ដែល​បញ្ជាក់​ថា​របប​សឹកនាំ​របស់​​លោក​អាឡិចសង់​លូកាឆេនកូ បង្ក្រាប​មិន​រើស​មុខ​ រាល់​គ្រប់​ទម្រង់​នៃ​ការ​បះបោរ​ប្រឆាំង​នឹង​រដ្ឋាភិបាល។ សហភាពអឺរ៉ុប​បាន​បរិហារ​ក្រុង​ Minsk ថា​ម៉ាក់ងាយ សិទ្ធិមនុស្ស​ ដោយ​ឥត​លាក់​លៀម​។

អ្នកស្រី Maria Kolesnikova និង​លោក​ Maxime Znak មេដឹកនាំ​ចលនា​ប្រឆាំង​បេឡារុស​ដែល​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១១​និង​១០​ឆ្នាំ នៅ​ថ្ងៃទី ៦ កញ្ញា​២០២១
អ្នកស្រី Maria Kolesnikova និង​លោក​ Maxime Znak មេដឹកនាំ​ចលនា​ប្រឆាំង​បេឡារុស​ដែល​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១១​និង​១០​ឆ្នាំ នៅ​ថ្ងៃទី ៦ កញ្ញា​២០២១ © Ramil Nasibulin/BeITA, Reuters
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ​៣៩​ឆ្នាំ អ្នកស្រី ម៉ារីយ៉ា កូឡេស្នីកូវ៉ា ​ត្រូវ​តុលាការ​បេឡារុស​ដែល​បាន​បើក​សវនាការ​ដោយ​បិទ​ទ្វារ​តាំង​ពី​ដើម​សីហា​មក​ រកឃើញ​ថា​មាន​​ទោស​ពី​បទ​ផ្សំ​គំនិត​ក្បត់ចង់​ផ្តួល​រដ្ឋ​​អំណាច នាំ​គេ​ធ្វើ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ និង​បាន​បង្កើត​ក្រុម​ជ្រុលនិយម។ ដោយ​សារ​ទោស​កំហុស​នេះ អ្នក​ស្រី​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន​១១​ឆ្នាំ ចំណែក​តំណាង​បក្ស​ប្រឆាំង​ម្នាក់​ទៀត ដែល​អ្នក​ស្រី​ កូឡេស្នីកូវ៉ា ធ្វើ​ការ​ជាមួយ ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន​១០​ឆ្នាំ។

ដៃ​ជាប់​ខ្នោះ បបូរមាត់​លាប​ក្រែម​ក្រហម​ឆ្អៅ​ កាត់​សក់​ខ្លី​ អ្នក​ស្រី កូឡេស្នីកូវ៉ា មាន​ទឹកមុខ​ញញឹម​ស្រស់ និងដើម្បី​បង្ហាញ​ពី​ភាព​មិន​ទុក​ចិត្ត​លើ​រដ្ឋាភិបាល អ្នក​ស្រី​រាំ​ ​ក្នុង​​ទ្រុង​​ក្រចក​សេះ​សម្រាប់​ដាក់​អ្នក​ជាប់​ចោទ ផង មុន​​នឹង​សវនាការ​ប្រកាស​សាលក្រម។ ​នេះ​បើ​តាម​រូប​ភាព​វីដេអូ បង្ហោះ​តាម​ប្រព័ន្ធ​តេឡេក្រាម។

ការ​កាត់​ទោស​ដាក់​ពន្ធនាគារ​អ្នក​ស្រី កូឡេស្នីកូវ៉ា ​រង​ការ​រិះគន់​និង​បរិហារ​ពី​គ្រប់​ទិសទី។ សហភាពអឺរ៉ុប​បាន​ចាត់​ទុក​ទង្វើ​របស់​បេឡារុស​ថាបាន​​ប្រមាថ​ “សិទ្ធិមនុស្ស”​ យ៉ាង​ងងើល។ ចំណែក​បែរឡាំង​វិញ​បានបរិហារ​​​ថា​ជា​ការ​កាត់​ទោស​យ៉ាង​អយុត្តិធម៌។ ត្រូវ​តែ​បញ្ឈប់​ទង្វើ​បង្ក្រាប​នេះ​ភ្លាម ! នេះ​ជា​ការ​ទាមទារ​របស់​អង់គ្លេស។ គេ​មិនអាច​បំភ្លេច​សេចក្តីក្លាហាន​របស់​អ្នក​កូឡេស្នីកូវ៉ា ដែល​សម្រេច​ចិត្ត​មិន​ចាកចេញ​ពី​ប្រទេស ទោះ​បី​មាន​ការ​គំរាមកំហែង​ជាប់​ពន្ធនាគារ​យ៉ាង​ធ្ងន់ធ្ងរបាន​ទេ។ នេះ​ជាសេចក្តី​ថ្លែងការណ៍​របស់​អង្គការ​Amnesty International។

សូម​បញ្ជាក់​ថា​អ្នក​ស្រី​ ម៉ារីយ៉ា កូឡេស្នីកូវ៉ា ជា​​​មេដឹកនាំ​ចលនា​ប៉ះបោរ​​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​ចលនា​បី​នាក់ ដែល​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ កាលពី​រដូវ​ក្តៅ​ឆ្នាំ​២០២០ ដើម្បី​បរិហារ​ប្រឆាំងនឹងការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​លោកប្រធានាធិបតី​ លូកាឆេនកូ។ ប្រធានាធិបតី​ ដែល​កាន់​អំណាច​នៅ​បេឡារុស​តាំង​ពី​ឆ្នាំ​១៩៩៤មក​។ ជា​ការ​បាតុកម្ម​តវ៉ា​ទ្រង់ទ្រាយ​ធំ​មិនធ្លាប់​មាន​ ដែល​អាជ្ញាធរ​បាន​បង្ក្រាប​និង​ចាប់​ខ្លួន​បាតុករ​ជា​ច្រើន​រយ​នាក់។ អ្នក​ស្រីបាន​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​តាំង​ពី​ខែ​កញ្ញា​២០២០​មក។ ចំណែក​មេដឹកនាំ​ចលនា​ពីរនាក់​ផ្សេង​ទៀត បាន​រត់​ភៀស​ខ្លួន​ចេញ​ប្រទេស​ក្រោម​សម្ពាធ​របស់​អាជ្ញាធរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ