អានតួអត្ថបទ
WHO

អង្គការសុខភាពពិភពលោកចង់បំបាត់ជំងឺរលាកស្រោមខួរឲ្យអស់នៅឆ្នាំ ២០៣០

នៅ​ថ្ងៃ​អង្គារ ទី២៨ កញ្ញា អង្គការ​សុខភាពពិភពលោក WHO បាន​បង្ហាញ​ចេញ​នូវ​យុទ្ធសាស្រ្ត​សកល ឬ​ផែនទី​ចង្អុលផ្លូវសកល​មួយ​ក្នុង​ការ​ប្រឆាំង​នឹង​ជំងឺ​រលាកស្រោមខួរ។ តាម​រយៈ​យុទ្ធសាស្រ្ត​សកល​មួយ​នេះ WHO ចង់​លុបបំបាត់​ឲ្យ​អស់​ពី​ពេល​នេះ​ទៅ​ឆ្នាំ ២០៣០ នូវ​ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​ស្រោមខួរ​ដោយ​បាក់តេរី​ដែល​បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា ២៥០.០០០នាក់​ក្នុង​មួយ​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក។

លោកទេដ្រូស អគ្គនាយកអង្គការសុខភាពពិភពលោក
លោកទេដ្រូស អគ្គនាយកអង្គការសុខភាពពិភពលោក AP - Martial Trezzini
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​យុទ្ធសាស្រ្ត​សកល ឬ​ផែនទី​ចង្អុលផ្លូវសកល​នៃ​ការ​ប្រឆាំង​នឹង​ជំងឺ​រលាកស្រោមខួរ​ពេល​នេះ អង្គការ​សុខភាពពិភពលោក​សង្ឃឹម​អាច​ជួយ​សង្រ្គោះ​ជីវិត​មនុស្ស​បាន​ជាង ២០០ ០០០នាក់​ក្នុង​មួយ​ឆ្នាំ និង​ចូលរួម​កាត់​បន្ថយ​នូវ​បន្ទុក​ពិការភាព​បាន​យ៉ាង​ច្រើ់ន។ លោក​ទេដ្រូស អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា ទីណា​ដែល​មាន​វត្តមាន​ជំងឺ​រលាកស្រោមខួរ ជំងឺ​មួយ​នេះ​អាច​បង្ក​ដល់​ស្លាប់ និង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ចុះ​ខ្សោយ។ ជា​ជំងឺ​ឆ្លង​កាច​សាហាវ ឆាប់​រហ័ស រួច​បង្ក​ចេញ​នូវ​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​សុខភាព សេដ្ឋកិច្ច និង​សង្គម។

តាម​លោក​ទេដ្រូស វា​ល្មម​ដល់​ពេល​ដែល​គេ​ត្រូវ​កំចាត់​ជំងឺ​រលាកស្រោមខួរ​ឲ្យ​ដល់​ឫសគល់​នៅ​ទូទាំង​ពិភពលោក។ ដើម្បី​អាច​ឈាន​ដល់​គោលដៅ​នេះ​បាន ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​ស្នើ​ឲ្យ​ពង្រីក​បន្ថែម​ជា​បន្ទាន់​នូវ​លទ្ធភាព​នៃ​ការ​ទទួល​បាន​នូវ​វិធីសាស្រ្ត​ព្យាបាល​ដែល​មាន​ស្រាប់ ពិសេស​ទទួល​បាន​វ៉ាក់សាំង ធ្វើ​ការ​ស្រាវជ្រាវ និង​ការ​បង្កើត​​ថ្មី​ដើម្បី​បង្ការ និង​ទប់ស្កាត់​លើ​ដើមចម​នៃ​ជំងឺ រួម​ទាំង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សេវា​ស្តារ​កាយសម្បទា។ គួរ​រម្លឹក​ថា ជំងឺ​រលាកស្រោមខួរ​ដោយ​បាក់តេរី​បាន​សម្លាប់​អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម​អ្នក​ជំងឺ ១០នាក់ ពិសេស​កូនក្មេង និង​យុវជន។

មួយ​វិញ​ទៀត ជំងឺ​ដដែល​មួយ​នេះ​បាន​ធ្វើ​អ្នក​ជំងឺ​ម្នាក់​ក្នុង​ចំណោម ៥នាក់​ធ្លាក់​ខ្លួន​ពិការ​រយៈពេល​យូរ​ដោយ​មាន​បញ្ហា​ត្រចៀក​ស្តាប់​មិន​សូវ​ឮ ភ្នែក​មើល​មិន​សូវ​ឃើញ ឬ​មួយ​ក៏​មាន​វិបត្តិ​បញ្ញាញាណ។ តាម​អង្គការ​សុខភាព​ពិភពលោក ការ​រាតត្បាត​នៃ​ជំងឺ​រលាក​ស្រោមខួរ​ជា​រឿង​មិន​អាច​ទាយ​ទុក​មុន​បាន និង​បាន​ធ្វើ​ឲ្យ​រំខាន​ខ្លាំង​ដល់​សហគមន៍ រួម​ទាំង​ប្រព័ន្ធ​សុខាភិបាល។ ក្នុង​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយ​នេះ ការ​រាតត្បាត​នៃ​ជំងឺ​រលាក​ស្រោមខួរ​បាន​កើត​មាន​នៅ​គ្រប់​តំបន់​ក្នុង​លោក ពិសេស​នៅ​ក្នុង ២៦ប្រទេស​អាហ្រ្វិក​សាហារ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ