អានតួអត្ថបទ
បារាំង-អាមេរិក

ប្រមុខការទូតអាមេរិកបំពេញទស្សនកិច្ចនៅបារាំង ខណៈដែលបារាំងមិនទាន់បាត់ខឹងអាមេរិក

នៅ​ថ្ងៃ​អង្គារ ទី៥ តុលា ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​បារាំង។ នៅ​ក្នុង​ទីក្រុង​ប៉ារីស លោក​ប៊្លីនកិន​ត្រូវ​បាន​ទទួល​ជួប​ដោយ​សមភាគី​បារាំង​លោក​ហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ និង​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង។ នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​លោក​ប៊្លីនកិន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​បារាំង។ តែ​វត្តមាន​របស់​លោក​ក្នុង​ទឹកដីបារាំង​លើក​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​ពីរ​បាន​ស្គាល់​ភាព​រកាំរកូស​ខ្លាំង​ដោយសារ​វិបត្តិ​នាវាមុជទឹក​កាល​ពី​ពាក់កណ្តាល​ខែ​កញ្ញា។

ជំនួប​រវាង​រដ្ឋមន្រ្តីការបរទេសអាមេរិក​លោក​ប៊្លីនកិន រូបឆ្វេង និង​​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី៥ តុលា ២០២១។
ជំនួប​រវាង​រដ្ឋមន្រ្តីការបរទេសអាមេរិក​លោក​ប៊្លីនកិន រូបឆ្វេង និង​​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង ថ្ងៃទី៥ តុលា ២០២១។ AFP - IAN LANGSDON
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​ប្រកាស​របស់​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ ជំនួប​ទល់​មុខ​គ្នា​រវាង​ប្រមុខការទូត​អាមេរិក​លោក​ប៊្លីនកិន និង​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ចូលរួម​ស្តារ​ឡើង​វិញ​នូវ​ទំនុកចិត្ត​បារាំង អាមេរិក និង​ថា ប្រទេស​សម្ព័ន្ធមិត្ត​ទាំង​ពីរ​បន្ត​ការងារ​សម្របសម្រួល​ដើម្បី​ផលប្រយោជន៍​រួម ទោះ​ក្នុង​កិច្ចសហប្រតិបត្តិការ​រវាង​អឺរ៉ុប អង្គការ​អូតង់ នៅ​តំបន់​សាហ៊ែល ឬ​មួយ​ក៏​នៅ​លំហ​ឥណ្ឌូប៉ាហ្វិក​ក៏​ដោយ។ ចំណែក​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​ម្នាក់​បាន​សាទរ​ពី​កិច្ចសន្ទនា​ប្រកប​ដោយ​វិជ្ជមាន ការ​ស្ថាបនា និង​ថា មាន​កិច្ចព្រមព្រៀង​រួម​ដែល​ភាគី​ទាំង​ពីរ​មាន​ឱកាស​ធ្វើ​ឱ្យ​បាន​ស៊ីជម្រៅ និង​ពង្រឹង​បន្ថែម​ទៀត។

តែ​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​រូប​នេះ​ដដែល​បាន​ទទួល​ស្គាល់​ថា មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ក្នុង​ការ​ស្វែង​រក​សេចក្តីសម្រេច​ជាក់ច្បាស់​ដើម្បី​ដាក់​ជូន​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន និង​សមភាគី​បារាំង​លោក​ម៉ាក្រុង​ដែល​គ្រោង​ជួប​គ្នា​នា​ដំណាច់ខែ​តុលា​ខាង​មុខ​លើ​ទឹកដី​អឺរ៉ុប។ គួរ​រម្លឹក​ថា វត្តមាន​របស់​លោក​ប៊្លីនកិន​ក្នុង​ប្រទេស​បារាំង​ពេល​នេះ​បាន​ធ្វើ​ឡើង នៅ​ក្រោយ​វិបត្តិ​នាវា​មុជទឹក​រវាង​បារាំង និង​អាមេរិក។ វិបត្តិ​មួយ​នេះ​បាន​ផ្ទុះ​ឡើង​កាល​ពី​ពាក់​កណ្តាល​ខែ​កញ្ញា​នៅ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន​បាន​ប្រកាស​ពី​សម្ព័ន្ធមិត្ត​ថ្មី​ត្រីភាគី​ជាមួយ​ប្រទេស​អូស្រា្តលី និង​អង់គ្លេស​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

តាម​រយៈ​សម្ព័ន្ធមិត្ត​ថ្មី​ត្រីភាគី​ដែល​ហៅ AUKUS អូស្រ្តាលី​បាន​លុប​កិច្ចសន្យា​ទិញ​នាវា​មុជទឹក​បារាំង​ចំនួន ១២គ្រឿង​ដោយ​ងាក​ទៅ​ទិញ​នាវា​មុជទឹក​អាមេរិក​វិញ។ ទង្វើ​របស់​អាមេរិក​បាន​ធ្វើ​ឲ្យ​បារាំង​ខឹងសម្បារ​យ៉ាង​ខ្លាំង។ គឺ​ទើប​នៅ​ក្រោយ​ការ​ហៅ​ទូរស័ព្ទ​របស់​លោក​បៃដិន​ទៅ​កាន់​លោក​ម៉ាក្រុង​ទេ​ដែល​ភាព​តានតឹង​មាន​ការ​ធ្លាក់​ចុះ​បន្តិច។ តែ​យ៉ាង​ណា​ក៏​ដោយ អ្វីៗ​ហាក់​នៅ​មិន​ទាន់​អាច​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​ដូច​មុន​ឡើង​វិញ​ទេ។ គ្មាន​សន្និសីទកាសែត​រួម​ត្រូវ​បាន​គ្រោង​ទុក ហើយ​ជំនួប​រវាង​លោក​ប៊ីនក្លិន​ជាមួយ​លោក​ម៉ាក្រុង និង​លោក​ឡឺឌ្រីយ៉ង់ ពិសេស​ជាមួយ​លោក​ឡឺឌ្រីយ៉ង់​ក៏​មិន​សូវ​រាក់ទាក់ ស្និទស្នាល​ដូច​ជំនួប​លើក​មុន​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ