អានតួអត្ថបទ
អាមេរិក-បារាំង-សំណុំរឿងនាវាមុជទឹក

អនុ​ប្រធានាធិបតី​​អាមេរិក​​ទៅ​​​ប៉ារីស​​ដើម្បី​​បន្ធូរ​​បន្ថយ​​ភាព​​តាន​តឹង​​ជាមួយ​​បារាំង

អនុប្រធានាធិបតី​អាមេរិក​អ្នកស្រី​ ខាម៉ាឡា ហារីស​ បាន​ទៅ​ដល់​ទីក្រុង​ប៉ារីស​នៅថ្ងៃ​អង្គារ ទី៩ វិច្ឆិកា​ ក្នុង​បេសកកម្ម​ស្តារ​ទំនាក់ទំនង​ជាមួយ​ប្រទេស​បារាំង​។ ទំនាក់​ទំនង​ដែល​បាន​ប្រែ​ជា​តានតឹង​ នៅក្រោយ​ពេល​ដែល​អូស្ត្រាលី​បោះបង់​ចោល​កិច្ចសន្យា​ជាមួយ​បារាំង​ និង​បែរ​ងាក​ទៅ​ទិញ​នាវា​មុជ​ទឹក​ពី​អាមេរិកវិញ​។

អនុប្រធានាធិបតីអាមេរិក អ្នកស្រី ខាម៉ាឡា ហារីស បានទៅដល់ទីក្រុងប៉ារីសនៅថ្ងៃអង្គារ ទី៩ វិច្ឆិកា ដើម្បីស្តារទំនាក់ទំនងជាមួយប្រទេសបារាំង។
អនុប្រធានាធិបតីអាមេរិក អ្នកស្រី ខាម៉ាឡា ហារីស បានទៅដល់ទីក្រុងប៉ារីសនៅថ្ងៃអង្គារ ទី៩ វិច្ឆិកា ដើម្បីស្តារទំនាក់ទំនងជាមួយប្រទេសបារាំង។ Sarahbeth Maney Pool/AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រៅ​ប្រទេស​រយៈពេល​៤ថ្ងៃ អ្នកស្រី​អនុប្រធានាធិបតី​អាមេរិក​មាន​ភារកិច្ច​ជាច្រើន​ដែល​ត្រូវ​បំពេញ​។ ភារកិច្ចទាំងនោះ​រួមមានចូលរួម​វេទិកាសន្តិភាព​ជាមួយ​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​ ចូលរួម​ក្នុង​សន្និសីទ​ស្តីពី​ប្រទេស​លីប៊ី និង​ចូលរួម​ពិធី​រំលឹក​ខួប​នៃ​ការ​បញ្ចប់​សង្រ្គាមលោក​លើក​ទី១​។ ចំណែក​ភារកិច្ច​ដ៏​សំខាន់​មួយ​ទៀត​នោះ​គឺការ​ជួប​ពិភាក្សា​ជាមួយ​លោកប្រមុខ​រដ្ឋបារាំងម៉ាក្រុង​។

នៅពេល​ទៅដល់​ទីក្រុង​ប៉ារីស​ អ្នក​ស្រី​អនុប្រធានាធិបតីហារីស​បាន​មាន​ប្រសាស៍ថាអ្នកស្រី​មាន​អារម្មណ៍​រីករាយ​ដែល​បានទៅដល់​ជាន់ដី​បារាំង​ ហើយ​អ្នកស្រី​សង្ឃឹមថា​នឹង​អាច​ពិភាក្សា​ការងារ​ប្រកប​ដោយផ្លែផ្កា​ដើម្បី​ពង្រឹង​ភាពរឹងមាំ​នៃ​ទំនាក់ទំនង​រវាង​អាមេរិក និង​បារាំង​។

គួរបញ្ជាក់ថា​ ដំណើរទៅកាន់​ទីក្រុង​ប៉ារីស​របស់​អ្នកស្រី ហារីស​ បាន​កើត​ឡើង​បន្ទាប់ពី​ជម្លោះ​អាមេរិក-បារាំង​បាន​ផ្ទុះ​ឡើង​ក្នុង​ខែកញ្ញា​ នៅ​ពេល​អូស្ត្រាលី​ប្រកាស​លុប​ចោលកិច្ច​សន្យា​ទិញ​នាវា​មុជទឹក​ពី​បារាំង​ និង​បែរ​ងាក​ទៅ​ចុះ​កិច្ចព្រមព្រៀង​សន្តិសុខ​ថ្មី​ជាមួយ​សហរដ្ឋអាមេរិក​ និង​អង់គ្លេស​ដែល​ហៅកាត់ថា​ Aukus​។

បារាំង​មាន​ការខឹង​សម្បាជាខ្លាំង​ចំពោះ​ការ​ដែល​អាមេរិក​បាន​ទៅ​ចរចា​ដោយ​សម្ងាត់​ជាមួយ​អូស្ត្រាលីនៅពី​ក្រោយ​ខ្នងបារាំង​ និង​បានធ្វើឲ្យ​បារាំង​ខាតបង់​ប្រាក់​អស់​ប្រមាណ​ ៥៦ ពាន់​លាន​អឺរ៉ូ​។  

គេរំពឹងថា​ អ្នកស្រី​អនុប្រធានាធិបតី​អាមេរិក​ដែល​ត្រូវ​ជួប​ជាមួយ​លោក​ម៉ាក្រុង​នៅថ្ងៃ​ពុធ ទី១០ វិច្ឆិកា​នេះ​ នឹង​បញ្ជាក់ពី​គោលជំហរ​របស់​លោកបៃដិន​ រួមទាំង​ការ​ពិភាក្សា​អំពី​ការ​គាំទ្រ​ពី​អាមេរិក ចំពោះ​បេសកកម្ម​យោធា​របស់​ប្រទេសបារាំង​ប្រឆាំងនឹង​ក្រុម​ជីហាត​នៅតំបន់​សាហែល​ និង​ផែនការ​ពង្រឹង​សមត្ថភាព​ការពារ​របស់​អឺរ៉ុប​។

គួរកត់សម្គាល់ថា​ ក្រោយ​ពីផ្ទុះ​វិបត្តិ​នាវា​មុជទឹក សហរដ្ឋអាមេរិកបាន​បន្ទន់ជំហរ​ជាខ្លាំង​នៅ​ចំពោះមុខបារាំង​ដោយ​បាន​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់​ទៅ​ចរចា​ជួលជុល​ទំនាក់​ទំនង​ជាមួយ​ក្រុងប៉ារីស។ ជាក់ស្តែង​ នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រីអនុប្រធានាធិបតី​ហារីស​ រដ្ឋមន្ត្រីការបរទេស​អាមេរិកលោក​ អង់តូនី ប្ល៊ីងកិន ត្រូវ​បាន​បញ្ជូន​ទៅ​ជួប​ចរចារ​ដើម្បី​ដោះស្រា​វិបត្តិ​ជាមួយ​បារាំងដែរ​កាលពី​ដើម​ខែ​តុលា។

ក្រៅពីនេះ​ ក្នុង​ជំនួប​ដោយ​ផ្ទាល់​ជាមួយ​ប្រមុខ​រដ្ឋ​បារាំង​ក្នុង​ទីក្រុងរ៉ូម​កាលពី​ចុងខែតុលា​កន្លងទៅ​ លោក​ប្រធានាធិបតី​អាមេរិក​ ចូ បៃដិន​ ក៏​បាន​ទទួល​ស្គាល់ដែរ​ថាសហរដ្ឋ​អាមេរិក​បាន​ធ្វើ​រឿង​ឆ្គាំឆ្គង​ចំពោះ​បារាំងពាក់​ព័ន្ធ​សំណុំ​រឿង​នាវា​មុជទឹកនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ