អានតួអត្ថបទ
យូណេស្កូ

យូណេស្កូចេញសេចក្តីប្រកាស​អំពាវនាវឲ្យរដ្ឋសមាជិកបង្កើនថវិកាសម្រាប់​ការអប់រំ

អង្គការ​អប់រំ​វិទ្យាសាស្រ្ត​និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ ហៅកាត់​ថា យូណេស្កូ​ត្រូវប្រារព្ធខួប​៧៥​ឆ្នាំ​របស់ខ្លួន នៅថ្ងៃ​សុក្រទី​១២​វិច្ឆិកា​ នៅទីក្រុង​ប៉ារីស ជាមួយ​នឹង​ការចូលរួម​ពី​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល មកពី​ប្រទេស​ចំនួន​២០ ដែលនៅក្នុងនោះមានផងដែរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី។ ការប្រារព្ធខួប​៧៥​ឆ្នាំ​នៃការបង្កើត​អង្គការ​យូណេស្កូ រៀបចំឡើង នៅក្នុង​អំឡុង​មហាសន្និបាត​លើកទី​៤១​​របស់​យូណេស្កូ ដែល​បាន​ចាប់ផ្តើម​តាំង​ពីថ្ងៃទី​៩​រហូត​ដល់​ថ្ងៃទី​២៤​វិច្ឆិកា។

ទីស្នាក់ការ​របស់​អង្គការយូណេស្កូ នៅ​ទីក្រុង​ប៉ារីស
ទីស្នាក់ការ​របស់​អង្គការយូណេស្កូ នៅ​ទីក្រុង​ប៉ារីស AP - Christophe Ena
ផ្សាយពាណិជ្ជកម្ម

បង្កើតឡើង​នៅ​ឆ្នាំ​១៩៤៦ នៅក្រោយ​ចប់​សង្រ្គាម​លោកលើកទី​២ យូណេស្កូ អង្គការ​អប់រំ​វិទ្យាសាស្រ្ត​និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ​ត្រូវ​ប្រារព្ធខួប​៧៥ឆ្នាំ​របស់ខ្លួន​នៅ​ថ្ងៃសុក្រនេះ នៅក្នុង​ឱកាស​មហាសន្និបាត​លើកទី​៤១​របស់​អង្គការយូណេស្កូ នៅទីក្រុង​ប៉ារីស។

ការអប់រំ នៅតែ​ជា​សកម្មភាព​យកចិត្តទុកដាក់ខ្លាំង​របស់​យូណេស្កូ ជាពិសេស​នៅក្នុង​កាលៈទេសៈ កើតមាន​វិបត្តិ​កូវីដ ដែលបាន​ធ្វើ​ឲ្យ​កុមារ​ក្នុងពិភពលោក​ជាង ១៦០០​លាន​នាក់ ខកខាន​មិន​បាន​ទៅសាលារៀន កាលពី​ឆ្នាំ​២០២០។

ប្រឈម​នឹង​ការខ្វះខាតខ្លាំង​ក្នុង​វិស័យអប់រំ ដែល​ស្តែងឡើង​យ៉ាងច្បាស់ នៅក្នុងអំឡុង​វិបត្តិ​កូវីដ ប្រទេស​សមាជិក​ជាង​៤០ របស់​អង្គការ​យូណេស្កូ កាលពី​ថ្ងៃ​ពុធ បាន​សម្រេច​បោះឆ្នោត​លើ​សេចក្តីប្រកាស​ក្រុង​ប៉ារីស ដែល​បានអំពាវនាវ​ឲ្យ​រដ្ឋសមាជិក​បង្កើន​ការវិនិយោគ​បន្ថែម​លើវិស័យអប់រំ និង​ចូលរួម​ពង្រឹង​ជំនួយ​អន្តរជាតិ​សម្រាប់​ការអប់រំ​ក្នុង​ពិភពលោក។

ចាប់តាំង​ពី​ឆ្នាំ ២០១៥ ប្រទេស​សមាជិក​របស់​អង្គការ​យូណេស្កូ​បាន​យល់ព្រមព្រៀង​ថា នឹង​បង្កើន​ថវិកា​សម្រាប់​វិស័យអប់រំ​ឲ្យ​ស្មើ​នឹង​៤ ឬ​៦%នៃ​ផលិតផល​ក្នុងស្រុកសរុប ឬ ឲ្យស្មើ​នឹង​១៥ ទៅ​២០%​នៃ​ការចំណាយសាធារណៈ។ ប៉ុន្តែ ក្នុង​ការពិត​ជាក់ស្តែង ថវិកា​ដែល​រដ្ឋចំណាយទៅលើ​វិស័យ​អប់រំជាតិ នៅតែ​មានចំនួច​តិចតួច។ ជាក់ស្តែង នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ ថវិកា​សម្រាប់​វិស័យអប់រំ តំណាង​ឲ្យ​តែ ១%​នៃ​កញ្ចប់​ថវិកា​សម្រាប់​ផែនការ​ជំរុញ​សេដ្ឋកិច្ច​នៅក្រោយ​វិបត្តិកូវីដ។ ចំណែកនៅប្រទេស​អ្នកមាន ខ្ទង់ចំណាយ​សម្រាប់​ការអប់រំ មាន​ប្រមាណតែ ២,៦%​ប៉ុណ្ណោះ។

សម្រាប់អគ្គនាយិការ​អង្គការ​យូណេស្កូ លោកស្រី អូដ្រេយ អាហ្សូឡេយ វិបត្តិកូវីដ​បាន​រំលេច​ឲ្យ​គេឃើញ​ថា ការសិក្សាអប់រំ​សារៈសំខាន់ខ្លាំងណាស់។ នៅក្នុងអំឡុងវិបត្តិកូវីដ អង្គការ​យូណេស្កូ ធ្លាប់​បាន​ផ្តល់ជំនួយ​បន្ទាន់ សម្រាប់​ជួយ​ក្មេងសាលា​ជាង ៤០០លាននាក់ និង​គ្រូបង្រៀន ១២លាននាក់ នៅក្នុង​ប្រទេស​ចំនួន ១១២។ ទោះ​បីមានការប្រឹងប្រែង គាំទ្រ​គ្រប់មធ្យោបាយ អង្គការ​យូណេស្កូ មិន​បានឃើញ​ស្ថានភាព​ល្អប្រសើរ​ច្រើន​នោះទេ។ នៅក្នុង​ប្រទេស​ចំនួន​៦៥ សាលារៀន​នៅតែបន្ត​បិទទ្វារ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការសិក្សា​របស់​កេ្មង ចំនួន​៧៥០លាននាក់ ក្នុង​ពិភពលោក។ អ្វីដែល​គេ​បារម្ភខ្លាំង គឺ​ក្មេងស្រី ជាង ១១លាននាក់​ក្នុង​ពិភពលោក​ដែល​អាច​នឹង​បោះបង់ចោល​ការសិក្សា លែង​ត្រលប់​ចូល​សាលារៀន នៅក្រោយ ចប់​វិបត្តិ​កូវីដ។

នៅក្នុងពិធី​បើកសម័យប្រជុំ​ជាផ្លូវការ​នៃ​មហាសន្និបាត​លើកទី៤១​​របស់អង្គការ​យូណេស្កូ​នៅថ្ងៃ​សុក្រនេះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម សីហមុនី ជាមួយ​នឹង​វត្តមាន​របស់​ប្រមុខរដ្ឋ និង​រដ្ឋាភិបាល​ពីប្រទេស​ចំនួន ២០​នឹង​ឡើង​ថ្លែង​ព្រះរាជ​សុន្ទរកថា ដោយ​ផ្តោត​ទៅលើ​សមិទ្ធផល​សំខាន់ៗ​នៃ​អង្គការ​យូណេស្កូ នៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា។ សូម​រំលឹកដែរថា ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តមសីហមុនី ធ្លាប់ ជា​ឯកអគ្គរាជទូត តំណាង​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​អង្គការ​យូណេស្កូ ពី​ឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៣។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ