អានតួអត្ថបទ
បេឡារុស-ប៉ូឡូញ

ប៉ូលិស​ប៉ូឡូញ​រកឃើញ​សាកសព​ជនអន្តោប្រវេសន៍​ជាតិ​ស៊ីរីម្នាក់ នៅព្រំដែន​បេឡារុស

វិបត្តិអន្តោប្រវេសន៍​នៅព្រំដែនប៉ូឡូញ និង​បេឡារុស នៅតែ​បន្ត​ជាប់គាំង គ្មានច្រកចេញ។ នៅថ្ងៃ​សៅរ៍នេះ ប៉ូឡូញ​បាន​ចេញសេចក្តីប្រកាស​ព័ត៌មានថា គេ​បានរកឃើញ សាកសព​ជនអន្តោប្រវេសន៍​ជាតិ​ស៊ីរីម្នាក់ នៅ​ក្បែរព្រំដែន ប៉ូឡូញ បេឡារុស។ នៅក្រោយ​សហភាព​អឺរ៉ុប​គំរាម​ដាក់​ទណ្ឌកម្មបន្ថែម លើ​បេឡារុស ដែលអឺរ៉ុប​ចោទថា អ្នកបង្កើត​ឲ្យមាន​វិបត្តិអន្តោប្រវេសន៍ នៅព្រំដែនអឺរ៉ុប ប្រធានាធិបតី​បេឡារុស​បាន​បង្ហាញ​សាច់ដុំ កាលពី​ថ្ងៃ​សុក្រ តាមរយៈ​សមយុទ្ធយោធា​រួម​ជាមួយ​កងទ័ព​រុស្ស៊ី នៅក្បែរព្រំដែន​ប៉ូឡូញ។ នៅក្នុង​បទសម្ភាសន៍ ចុះផ្សាយ​នៅថ្ងៃ​សៅរ៍នេះ ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ​ពូទីន បាននិយាយ​ថា រុស្ស៊ី គ្មានជាប់ពាក់ព័ន្ធ​នឹង​វិបត្តិអន្តោប្រវេសន៍​នៅព្រំដែនប៉ូឡូញ បេឡារុស​នោះទេ។

ទាហាន​ប៉ូឡូញឈរជើង​ប្រចាំការ​នៅព្រំដែន​បេឡារុស
ទាហាន​ប៉ូឡូញឈរជើង​ប្រចាំការ​នៅព្រំដែន​បេឡារុស via REUTERS - HANDOUT
ផ្សាយពាណិជ្ជកម្ម

ប្រមុខដឹកនាំ រុស្ស៊ី លោកវ្លាឌីមៀរ​ពូទីន​បាន​ចេញមុខ បដិសេធ​មិនទទួល​ខុសត្រូវ​លើ​វិបត្តិ​អន្តោប្រវេសន៍ នៅព្រំដែន​បេឡារុស និង​ប៉ូឡូញ បន្ទាប់ពី​ប្រទេស​លោកខាងលិច​មួយចំនួន បានចោទប្រកាន់​ថា រុស្ស៊ី​បាន​រួមដៃ​ជាមួយ​បេឡារុស ដើម្បី​បង្កើត​បញ្ហាជនអន្តោប្រវេសន៍​នៅព្រំដែនអឺរ៉ុប។ សហភាពអឺរ៉ុប និង​ប៉ូឡូញផ្ទាល់​បាន​ចោទប្រកាន់​បេឡារុស ថា​បាន​ដឹកនាំ​យក​ជនអន្តោប្រវេសន៍​ពី​តំបន់​ដើមបូព៌ា មក​ដាក់នៅ​ព្រំដែន​ប៉ូឡូញ ដើម្បីជា​សងសឹក​នឹង​ការដាក់ទណ្ឌកម្ម​របស់អឺរ៉ុប​ទៅលើ​បេឡារុស។

តាមលោក​ពូទីន រុស្ស៊ី​គ្មាន​ចំណែកពាក់ព័ន្ធ​ក្នុង​វិបត្តិ​លើកនេះ​ទេ និង​ថា ដើម្បី​ដោះស្រាយ​វិបត្តិអន្តោប្រវេសន៍​លើកនេះ ភាគីអឺរ៉ុប​គួរ​តែ​និយាយ​ដោះស្រាយ​ ផ្ទាល់​ជាមួយ​ប្រធានាធិបតី​បេឡារុស លោក​លូកាឆិនកូ។ ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជាក់ដែរ​ថា លោក​សង្ឃឹម​នឹង​ឃើញ លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​ប្រធានាធិបតី​បេឡារុស ជួបគ្នា​ក្នុងពេល​ឆាប់ៗ ព្រោះអ្នកទាំងពីរ បាន​ត្រៀមខ្លួន ដើម្បី ចរចា​ដោះស្រាយ​វិបត្តិលើកនេះ។

ប្រតិកម្ម​នឹង​គម្រោងការ​ដាក់​ទណ្ឌកម្ម​ពី​សហភាពអឺរ៉ុប ប្រធានាធិបតី​បេឡារុស នៅសប្តាហ៍នេះ​បាន​ប្រកាស គំរាមបិទខ្ទប់បំពង់បង្ហូរហ្គាស​ទៅកាន់​ទឹកដីអឺរ៉ុប។ នៅថ្ងៃ​សុក្រ​ម្សិលមិញ កងទ័ពបេឡារុស​នៅបាន​ធ្វើ​សមយុទ្ធ​យោធា ជាមួយ​កងទ័ពជើងអាកាស​រុស្ស៊ី នៅ​ក្បែរ​ព្រំដែនជាមួយ​ប្រទេស​ប៉ូឡូញ។

ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​សំដែង​ក្តីបារម្ភខ្លាំង​ពី​ស្ថានការណ៍​នៅព្រំដែន​បេឡារុស និង​ប៉ូឡូញ។ នៅថ្ងៃ​សុក្រ ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ថា លោក​បាន​បញ្ជាក់​ក្តីបារម្ភ​របស់​អាមេរិក​ទៅកាន់​ភាគី​បេឡារុស និង​រុស្ស៊ី រួចហើយ។

នៅលើ​ទីតាំង ជាក់ស្តែង នៅ​ព្រំដែន​បេឡារុស និង​ប៉ូឡូញ ជនអន្តោប្រវេសន៍​រាប់ពាន់​នាក់ នៅតែ​បន្ត​ប្រមូលផ្តុំ ក្នុង​ជំរំតង់​តូចៗ នៅ​ទឹកដីបេឡារុស ក្បែររបងលួសបន្លា ដែល​យាមតាមដាន​ជាប់ជានិច្ច​ពី​ប៉ូលិស ឆ្មាំព្រំដែន​ប៉ូឡូញ។ នៅព្រឹកថ្ងៃ​សៅរ៍នេះ ប៉ូលិសប៉ូឡូញ បាន​និយាយ​ថា គេ​បានរកឃើញ សាកសព​ជនជាតិ​ស៊ីរី​ម្នាក់ នៅព្រំដែន​បេឡារុស។ គេ​មិនទាន់​ដឹង​ពីមូលហេតុ​ដែលធ្វើឲ្យ​ជនជាតិ​ស៊ីរីស្លាប់នោះទេ។ ប៉ុន្តែ តាម​ទាហាន​ប៉ូឡូញ ជនអន្តោប្រវេសន៍​ជាង​១០០​នាក់​បាន​ប៉ុនប៉ង លួច​ឆ្លងចូល​ទឹកដី​ប៉ូឡូញ នៅយប់​ថ្ងៃ​សុក្រ​ម្សិលមិញ។ ពួកគេ​បាន​រត់​ចូលព្រៃ​បេឡារុសវិញ នៅក្រោយ ទាហានប៉ូឡូញ​បើកប្រតិបត្តិការ​វាយទប់ស្កាត់។

នៅក្នុង​វិបត្តិអន្តោប្រវេសន៍​នៅព្រំដែន​បេឡារុស និង​ប៉ូឡូញនេះ សហភាពអឺរ៉ុប​បាន​សម្រុកនយោបាយការទូត ដើម្បី​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​របស់​ប្រទេស​ដើមកំណើត​របស់​ជនអន្តោប្រវេសន៍។ នៅ​ថ្ងៃ​សុក្រ រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​អះអាង​ថា នឹង​ចុះឈ្មោះ​ ជនអន្តោប្រវេសន៍​អ៊ីរ៉ាក់ ដែល​កំពុងជាប់គាំង​នៅព្រំដែន​បេឡារុស និង​ដែល​ចង់​វិលត្រលប់​ទៅអ៊ីរ៉ាក់វិញ។ តួកគី​ឯណោះវិញ ដែលជា​ច្រកចេញចូលសំខាន់​រវាង​អឺរ៉ុប និង​តំបន់ដើមបូព៌ា បាន​ប្រកាស​ថា រាល់ជាតិស៊ីរី អ៊ីរ៉ាក់ និងយេម៉ែន នឹង​មិន​អនុញ្ញាត​ឲ្យ​ឡើង​ជិះយន្តហោះ​ចេញពី​ទឹកដី​តួកគី សំដៅ​ប្រទេសបេឡារុស រហូត​ដល់​មាន​បទបញ្ជាថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ