អានតួអត្ថបទ

ម៉ូស្គូថាគ្មានទេ ចលនាទ័ពរុស្ស៊ី នៅក្បែរព្រំដែនអ៊ុយក្រែន

ម៉ូស្គូ ថ្ងៃសុក្រទី ១២ វិច្ឆិកា បានបដិសេធ ព័ត៏មាន​នៃប្រព័ន្ធផ្សព្វផ្សាយ ដែលប្រមាណ​ថា រុស្ស៊ី អាចត្រៀម លុកលុយ​ចូលដែនដី​អ៊ុយក្រែន។ ទន្ទឹមនេះ រុស្ស៊ី​ក៏ចោទ សហរដ្ឋអាមេរិកថា ចេះតែធ្វើ​សមយុទ្ធ មាន​លក្ខណៈឈ្លានពាន នៅតំបន់សមុទ្រខ្មៅ

រូបភាព​ផ្តល់​ដោយ​ក្រសួងការពារ​ជាតិ​រុស្ស៊ី​បង្ហាញ​យន្តហោះ​ដឹករថពាសដែក​ដែលត្រូវ​ចូលរួម​ធ្វើ​សមយុទ្ធនៅជ្រោយកោះ គី្រមេ ដែល​រុស្ស៊ីបានកាត់យក​ពី​ប្រទេស​អ៊ុយក្រែន នៅឆ្នាំ ២០១៤
រូបភាព​ផ្តល់​ដោយ​ក្រសួងការពារ​ជាតិ​រុស្ស៊ី​បង្ហាញ​យន្តហោះ​ដឹករថពាសដែក​ដែលត្រូវ​ចូលរួម​ធ្វើ​សមយុទ្ធនៅជ្រោយកោះ គី្រមេ ដែល​រុស្ស៊ីបានកាត់យក​ពី​ប្រទេស​អ៊ុយក្រែន នៅឆ្នាំ ២០១៤ AP
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារព័ត៏មាន Bloomberg ថ្ងៃព្រហស្បតិ៍ បាន​ឲ្យដឹង​ថា សហរដ្ឋអាមេរិក ​ប្រាប់ទៅ​ពួកសម្ព័ន្ធមិត្តខ្លួន នៅអឺរ៉ុប អំពី​ក្តីព្រួយបារម្ភ​របស់ខ្លួន ចំពោះ​ការចល័ត​ទ័ព​ដែល​ត្រូវសង្ស័យ​ថា កំពុង​រៀបចំ​ជា យថាហេតុ ដើម្បី វាយលុក​ទៅលើ​អ៊ុយក្រែន។

ប្រភពពីរ នៅអឺរ៉ុប កាលពីថ្ងៃសុក្រ បានបញ្ជាក់ទៅ ទីភ្នាក់ងារព័ត៏មាន Reuters ថា ក្រុងវ៉ាស៊ីនតោន ពេលថ្មីៗ បាន ឲ្សសញ្ញាទៅ​ពួកសម្ព័ន្ធមិត្តនៅអឺរ៉ុប អំពីចលនាទ័ពរុស្ស៊ី នៅត្រង់ព្រំដែន​ខាងកើត​អ៊ុយក្រែន និង ចែករំលែក ការភិតភ័យ​របស់គេ​ ខ្លាចក្រែង ភាពតានតឹង​នៅតំបន់ រឹតតែ​កើនឡើង​ទៅទៀត។  

ថ្លែងថ្ងៃសុក្រ ក្នុងសន្និសីទកាសែត​តាមទូរស័ព្ទ អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ  លើកឡើង ជាអាទិ៍ ៖ ចំណងជើង​ប្រភេទ​បែបនេះ នៃ​កាសែត​បស្ចិមលោក អាចតែជា ប្រេង​បញ្ឆេះភាពតានតឹង ដោយ​ឥតប្រយោជន៍ និង គ្មានអ្វី​ជាមូលដ្ឋានសោះ។ ដ្បិតរុស្ស៊ី ឥតគំរាម​នរណាឡើយ។ លោក ពេស្កូវ រំលឹកថា រុស្ស៊ីជាអ្នកអារកាត់តែ ដោយខ្លួនឯង​សុទ្ធសាធ ពីការពង្រាយទ័ព​ខ្លួន នៅទីណា ដែលស្ថិត​លើដែនដី​ខ្លួនផ្ទាល់។

ចំណែក សហរដ្ឋអាមេរិក បានបង្ហាញ​ជាសាធារណៈក្តី ព្រួយកង្វល់របស់ខ្លួន ចំពោះភាពសកម្ម​យោធា​រុស្ស៊ី ខុសពី ធម្មតា នៅក្បែរព្រំដែន​អ៊ុយក្រែន។ ប៉ុន្តែ ក្តីព្រួយកង្វល់នេះ ត្រូវ អ្នកនាំពាក្យ​វិមានក្រេមឡាំង រំសាយទៅ ដោយចាត់ទុកថា គ្មានអ្វីជាមូលដ្ឋាន ទាំងគូសបញ្ជាក់ថា ៖ ម៉ូស្គូ រមែង​និយាយជាច្រើន​លើក​ថា ចលនាទ័ព ខ្លួន នៅផ្ទៃក្នុងប្រទេស មិនត្រូវញ៉ាំងនរណាឲ្យព្រួយបារម្ភសោះឡើយ។

នៅក្រុង Bruxelles អ្នកនាំពាក្យរបស់ គណៈកម្មការអឺរ៉ុប កាលពីថ្ងៃសុក្រ បានបំភ្លឺទៅពួកអ្នកកាសែតថា អឺរ៉ុប បន្ត តាមដាន ដំណើរវិវឌ្ឍន៍នៃ​ស្ថានការណ៍ ទាំង​លំអិតថា ព័ត៏មាន​ដែលប្រមែប្រមូល​បានមកទល់​ឥឡូវ គឺនាំឲ្យ កាន់តែ​ព្រួយបារម្ភ។

ពីចំណែកខ្លួន រដ្ឋមន្ត្រីការពារជាតិ​រុស្ស៊ី បានថ្លែងអំពី ការកត់ត្រា​ឃើញចំនួន ៦ លើក ការហោះហើរជា ចារកិច្ច នៃ យន្ដហោះអូតង់ ក្នុងលំហ​ស្ថិតនៅ​ចំពីលើសមុទ្រខ្មៅ ដែលជាសក្ខីកម្មនៃ ការបង្កើន ការហោះ ឈ្លបយកការណ៍ តាមផ្លូវអាកាសពីខាង កងកម្លាំងបស្ចិមលោក។

កងទ័ពរុស្ស៊ី ក៏តាមដានអំពី ការចល័តនៃ ក្រុមនាវាចម្បាំងអាមេរិកាំង នៅសមុទ្រខ្មៅ។ ក្នុងសេចក្តីជូន ដំណឹងខ្លួន ក្រសួងការពារជាតិ លំអិតថា កងទ័ពរុស្ស៊ី ចាត់ទុកភាពសកម្មយោធារបស់ សរអា ដែលមាន លក្ខណៈឈ្លានពាន នៅសមុទ្រខ្មៅ ថាជា ការគំរាម​ដល់ សន្តិសុខតំបន់ និងដល់ ស្ថិរភាព​យុទ្ធសាស្ត្រ។

រុស្ស៊ី បានភ្ជាប់យក​ទៀបកោះ គ្រីមេ ក្នុងឆ្នាំ ២០១៤ ហើយចាប់ពីពេលនោះមក ប្រកាស​តាំង​ការគ្រប់គ្រង លើ ដែនទឹក​នៃ តំបន់ទៀបកោះនេះ - ទៀបកោះដែលនៅតែទទួលស្គាល់ជានិច្ច ថា ជារបស់​អ៊ុយក្រែន ដោយ ប្រទេសភាគច្រើន ក្នុងលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ