អានតួអត្ថបទ
ប៉ូឡូញ-អន្តោប្រវេសន៍

វិបត្តិ​អន្តោប្រវេសន៍ ៖ ប៉ូឡូញ​សុំ​ឱ្យ​អូតង់​ចាត់​វិធានការ​ជាក់ស្តែង

មាន​អន្តោប្រវេសន៍​មួយក្រុមថ្មី​ទៀត ​ប្រមាណ​៥០​នាក់ បាន​ឆ្លង​ចូល​ដល់​ទឹក​ដី​ប៉ូឡូញ​តាម​ច្រក​ព្រំដែន​បេឡារុស។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​ប៉ូលិស​ប៉ូឡូញ នៅ​ថ្ងៃ​អាទិត្យ​ទី ១៤​វិច្ឆិកា​២០២១។ ប្រឈម​នឹងប៉ុនប៉ង​ឆ្លង​ព្រំ​ដែន​ដោយ​ខុស​ច្បាប់ ឥតដាច់​​យ៉ាង​ដូច្នេះ​​ ក្រុងវ៉ាសូវី បាន​ទាមទារ​ឱ្យ​អូតង់​ចាត់​វិធានការ​ជាក់ស្តែងជាមួយ​បេឡារុស និង​បាន​ព្រមា​នដាក់​ពាក្យ​​ប្តឹង​​​ស្រប​តាម​មាត្រា​៤​នៃ​សន្ធិសញ្ញា​អាត្លង់ទិក​ខាង​ជើង។

ព្រំប្រទល់​រវាង​បេឡារុស និង​ប៉ូឡូញ ថ្ងៃ​ទី ១៣ វិច្ឆិកា ២០២១
ព្រំប្រទល់​រវាង​បេឡារុស និង​ប៉ូឡូញ ថ្ងៃ​ទី ១៣ វិច្ឆិកា ២០២១ . Ministerio de Defensa de Polonia/AFP
ផ្សាយពាណិជ្ជកម្ម

មាត្រា៤​នៃ​សន្ធិសញ្ញា​អាត្លង់​ទិក​ខាង​ជើង​ ឬ​ហៅ​កាត់​ជា​ភាសា​បារាំង​ថា​អូតង់ បាន​ចែង​​ថា គ្រប់​ប្រទេស​ជា​សមាជិក​របស់​អង្គការ​ទាំង​អស់​អាច​សុំ​បើក​ការ​​ពិគ្រោះ​មួយ​បាន នៅ​ពេល​ណា​ ដែន​ដី​​ ​ឯករាជភាព​នយោបាយ និង​សន្តិសុខនៃ​ប្រទេស​ជា​សមាជិក​នោះ រង​ការ​គំរាមកំហែង។ នៅ​ខណៈនេះ ប៉ូឡូញ កំពុង​ពិភាក្សា​ជាមួយ​លីទុយអានី និង​ឡេតូនី ដើម្បី​បើក​សំណុំ​រឿង​ស្រប​តាម​មាត្រា​៤​ហើយ។ ​នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក​នាយករដ្ឋមន្ត្រី​ប៉ូឡូញ ទៅ​កាន់​ភ្នាក់ងារសារព័ត៌មានផ្លូវការ​។

សម្រាប់​ប៉ូឡូញ ការ​សម្តែង​ក្តី​ព្រួយបារម្ភ​ជា​សាធារណៈ​លែង​គ្រប់គ្រាន់​ហើយ អូតង់​​ត្រូវ​តែ​​ចាត់​វិធានការ​ជាក់ស្តែង និង​ធ្វើ​ការ​ប្តេជ្ញារួម​ឱ្យ​​ច្បាស់​លាស់។

តាំងពី​ប៉ុន្មាន​ខែ​ចុងក្រោយ​មក​នេះ មាន​អន្តោប្រវេសន៍​​ជា​ច្រើន​ពាន់​នាក់​បាន​​មក​ផ្តុំ​កកនៅ​បេឡារុស ត្រង់​តំបន់​ព្រំដែន​ជាមួយប្រទេស​ប៉ូឡូញ​ ដើម្បី​រង់ចាំ​ឱកាស​ជ្រៀតចូល​អឺរ៉ុប ជាមួយ​នឹង​ស្ថានភាព​យ៉ាបយឺន​បំផុត សឹង​ចាត់​ទុក​បាន​ជា​វិបត្តិ​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​មួយផង។ ​ដោយ​​ចោទ​​បេឡារុស​ថា​ធ្វើ​ជំនួញ​​អន្តោប្រវេសន៍ ​ លើក​ទឹក​ចិត្ត​ឱ្យ​អន្តោប្រវេសន៍​រត់​ឆ្លងព្រំដែន​​ចូល​ទឹក​ដី​ប៉ូឡូញ ដើម្បី​សំឡុត​អឺរ៉ុប​ ពេល​នេះ សហភាព​អឺរ៉ុប​​ត្រូវ​​អនុម័ត​នៅ​ថ្ងៃចន្ទ​ទី១៥​វិច្ឆិកា ទណ្ឌកម្ម​ថ្មី​បន្ថែម​ទៀត​ដាក់​ប្រឆាំង​នឹង​អ្នក​ទទួល​ខុស​ត្រូវ​បេឡារុសផង ក្រុមហ៊ុន​អាកាសចរណ៍​និង​ភ្នាក់ងារ​​ទេសចរណ៍​ដែល​មានពាក់ព័ន្ធ​នឹង​ការ​ដឹកអន្តោប្រវេសន៍​ឆ្លង​មក​អឺរ៉ុប។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Josep Borrell អ្នក​ទទួល​ត្រូវ​ការបរទេសសហភាព​អឺរ៉ុប។ ​បើ​តាម​នាយករដ្ឋមន្ត្រី​ប៉ូឡូញ ដែល​ទទូច​ឱ្យ​សហភាពអឺរ៉ុប​ត្រូវ​តែ​ចូល​រួម​ផ្តល់​ថវិកា​សាង​សង់​ជញ្ជាំង​នៅ​តាម​ព្រំប្រទល់​ជាមួយ​បេឡារុស ទណ្ឌកម្ម​អឺរ៉ុប​ថ្មី​ អាច​នឹង​ឈាន​ដល់​ការ​បិទ​ព្រំដែន​ទាំង​ស្រុង​​ជាមួយ​បេឡារុស​ផង។

វិបត្តិ​អន្តោប្រវេសន៍នេះ​​ បាន​រីក​រាលដាល​ក្លាយ​ជា​វិបត្តិរវាង​​អឺរ៉ុបនិង​បេឡារុសផង​និង​កំពុង​ក្លាយ​ជំងឺ​មហារីក​ ដែល​អាច​មាន​ហានិភ័យ​ក្លាយ​ជា​ការ​ប៉ះទង្គិច​យោធា។ ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ដែល​ជា​សម្ព័ន្ធមិត្តនិង​ជាអ្នក​​គាំទ្រប្រធានាធិបតី​បេឡារុស​លោក អាឡិចសង់ ឡូកាឆេនកូ ដ៏​ចំបង​បំផុត​នោះ​ ទើប​បាន​ប្រកាស​នៅ​ថ្ងៃអាទិត្យ​ទី ១៤​វិច្ឆិកា​នេះថា រុស្ស៊ី​ត្រៀម​ជា​ស្រេច​នឹង​ចូល​រួម​ដោះស្រាយ​វិបត្តិ​អន្តោប្រវេសន៍ ដោយ​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់។

ក្នុង​ពេល​រង់​ចាំ​ ប៉ូលិស​ប៉ូឡូញ​បន្ត​ការពារ​ព្រំដែន​ ទល់​នឹង​ការ​ប៉ុន​ប៉ង​ឆ្លង​ដែន​របស់​អន្តោប្រវេសន៍ ដែល​កាលពី​ថ្ងៃ​សៅរ៍ មាន​ជន​អន្តោប្រវេសន៍​មួយ​ក្រុម​ជាង​៥០​នាក់​បាន​ជ្រៀត​ចូល តែ​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ​បញ្ជូន​ទៅ​ព្រំដែន​វិញទាំងអស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ