អានតួអត្ថបទ
អឺរ៉ុប-អន្តោប្រវេសន៍

វិបត្តិអន្តោប្រវេសន៍៖សហភាពអឺរ៉ុបព្រមព្រៀងគ្នាដើម្បីដាក់ទណ្ឌកម្មថ្មីប្រឆាំងប្រទេសបេឡារុស

នៅ​ថ្ងៃ​ចន្ទ ទី១៥ វិច្ឆិកា សហភាពអឺរ៉ុប​បាន​ព្រមព្រៀង​គ្នា​ដើម្បី​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ប្រទេស​បេឡារុស​នៅ​ក្នុង​សំណុំរឿង​អន្តោប្រវេសន៍​ជាមួយ​ប្រទេស​ប៉ូឡូញ។ នៅ​ក្នុង​ទណ្ឌកម្ម​ថ្មី​នេះ សហភាព​អឺរ៉ុប​គ្រោង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​បុគ្គល និង​អង្គការ ឬ​ស្ថាប័ន​ដែល​បាន​រួមចំណែក​នៅ​ក្នុង​ការ​បញ្ជូន​ជនអន្តោប្រវេសន៍​ជា​ច្រើន​ពាន់នាក់​ទៅ​កាន់​ព្រំដែន​រវាង​ប្រទេស​បេឡារុស និង​ប្រទេស​ប៉ូឡូញ។ គោលដៅ​ចុង​ក្រោយ​របស់​ជនអន្តោប្រវេសន៍​ទាំង​នោះ គឺ​ឆ្លង​ចូល​ក្នុង​ទឹកដី​អឺរ៉ុប​តាម​រយៈ​ប៉ូឡូញ​ដែល​ជា​ប្រទេស​សមាជិក​មួយ​របស់​សហភាព​អឺរ៉ុប។

ប្រមុខការទូតសហភាពអឺរ៉ុបលោក Josep Borrell។
ប្រមុខការទូតសហភាពអឺរ៉ុបលោក Josep Borrell។ JOHN THYS AFP
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​ការទូត​សហភាពអឺរ៉ុប​លោក Josep Borrell បាន​ប្រកាស​ក្នុង​ថ្ងៃ​ចន្ទ ទី១៥ វិច្ឆិកា​ថា សហភាព​អឺរ៉ុប​នឹង​អនុម័ត​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នូវ​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​​បុគ្គល និង​អង្គការ ឬ​ស្ថាប័ន​ដែល​បាន​ចូលរួម​រៀបចំ​ឲ្យ​មាន​លំហូរ​ជន​អន្តោប្រវេសន៍​ទៅ​កាន់​ព្រំដែន​រវាង​ប្រទេស​បេឡារុស និង​ប្រទេស​ប៉ូឡូញ។ ការ​ប្រកាស​របស់​លោក Josep Borrell បាន​ធ្វើ​ឡើង​នៅ​ក្រោយ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​កាបរទេស​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។ តាម​ប្រមុខ​ការទូត​អឺរ៉ុប​រូប​នេះ​ដដែល ទណ្ឌកម្ម​ថ្មី​នឹង​ដាក់​ទៅ​លើ​មនុស្ស​សំខាន់ៗ​ជា​ច្រើន​នាក់ និង​អង្គការ ឬ​ស្ថាប័ន​មួយ​ចំនួន។

តែ​លោក Josep Borrell មិន​បាន​បញ្ជាក់ និង​មិន​បាន​បង្ហើប​ពី​ចំនួន​មនុស្ស​ពិត​ប្រាកដ និង​អត្តសញ្ញាណ​របស់​មនុស្ស និង​អង្គការ ឬ​ស្ថានប័ន​ទាំង​នោះ​ទេ។ អ្វី​ដែល​គេ​ដឹង បញ្ជី​ឈ្មោះ​មនុស្ស​ដែល​ជាប់​ពាក់ព័ន្ធ​ជា​ក្រុម​មន្រ្តី​ក្នុង​របប​បេឡារុស ហើយ​អង្គការ ឬ​ស្ថាប័ន​ដែល​ជាប់​ពាក់ព័ន្ធ​ច្រើន​ជា​ទីភ្នាក់ងារ​ទេសចរណ៍ និង​ក្រុមហ៊ុន​អាកាសចរណ៍ ពោល​អ្នក​ដែល​បាន​រៀបចំ​ដឹក​ជញ្ជូន​ជនអន្តោប្រវេសន៍​ទៅ​កាន់​ប្រទេស​បេឡារុស​ដើម្បី​ឲ្យ​ពួក​គេ​ឆ្លង​ចូល​ទឹកដី​អឺរ៉ុប​តាម​ប្រទេស​ប៉ូឡូញ។ ដោយឡែក​ក្នុង​ថ្ងៃ​ចន្ទ ទី១៥ វិច្ឆិកា ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង និង​សមភាគី​រុស្ស៊ី​លោក​ពូទីន​បាន​ជួប​សន្ទនា​គ្នា​តាម​ទូរស័ព្ទ។ នៅ​ក្នុង​កិច្ចសន្ទនា លោក​ម៉ាក្រុង និង​លោក​ពូទីន​ក៏​បាន​លើក​យក​វិបត្តិ​អន្តោប្រវេសន៍​ទៅ​ជជែក​គ្នា​ដែរ។

តាម​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ ក្រុង​ប៉ារីស និង​ក្រុង​មូស្គូ​ចង់​ឲ្យ​មាន​ការ​ចូលរួម​ពី​ឧត្តមស្នងការ​អន្តរជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​នៅ​ក្នុង​វិបត្តិ​ជនអន្តោប្រវេសន៍​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​បេឡារុស និង​ប្រទេស​ប៉ូឡូញ​ពេល​នេះ។ គួរ​រម្លឹក​ថា តាំង​ពី​ប៉ុន្មាន​ខែ​កន្លង​មក​ដែល​មាន​ជនអន្តោប្រវេសន៍​ជា​ច្រើន​ពាន់​នាក់​បាន​ទៅ​ប្រមូល​​ផ្តុំ​គ្នា​នៅ​បេឡារុស​ត្រង់​តំបន់​ព្រំដែន​ជាមួយ​ប្រទេស​ប៉ូឡូញ​ដើម្បី​រង់ចាំ​ឱកាស​ឆ្លង​ចូល​ទឹកដី​អឺរ៉ុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ