អានតួអត្ថបទ
បេឡារុស-ប៉ូឡូញ

វិបត្តិអន្តោប្រវេសន៍៖រដ្ឋាភិបាល​អ៊ីរ៉ាក់​បញ្ជូន​យន្តហោះ​ទៅដឹកជនជាតិ​របស់ខ្លួនពីប្រទេស​បេឡារុស

តើ​គេ​អាច​រកច្រកចេញ​ពី​វិបត្តិ​អន្តោប្រវេសន៍​នៅព្រំដែន​បេឡារុស និង​ប៉ូឡូញ ដែរឬទេ? នៅ​ថ្ងៃ ព្រហស្បតិ៍ ទី​១៨​វិច្ឆិកា រដ្ឋមន្រ្តីការបរទេស​របស់ក្រុមប្រទេស​អ្នកមាន G7​បាន​ទាមទារ​ឲ្យ​បេឡារុស​បិទបញ្ចប់​ជាបន្ទាន់ វិបត្តិ​អន្តោប្រវេសន៍ ដែល​សហភាព​អឺរ៉ុប​ចោទប្រកាន់ថា ជាផែនការរៀបចំឡើង​ដោយ​បេឡារុស សើម្បី​សងសឹក​សហភាពអឺរ៉ុប។ អ្នកនាំពាក្យ​ប្រធានាធិបតី​បេឡារុស បាន​និយាយប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា នៅក្នុងជំនួប​លើកទី២​ជាមួយ​ប្រធានាធិបតី​បេឡារុស មេដឹកនាំ​អាល្លឺម៉ង់​បាន​ឯកភាព​ថា សហភាព​អឺរ៉ុប និង​បេឡារុស​ត្រូវ​ដោះស្រាយរួមគ្នា វិបត្តិ​អន្តោប្រវេសន៍ នៅព្រំដែន​ប៉ូឡូញ បេឡារុស។

ជនអន្តោប្រវេសន៍​មកពីតំបន់​ដើមបូព៌ា ជាពិសេស​ប្រទេស​អ៊ីរ៉ាក់​កំពុង​ប្រមូលផ្តុំ​នៅ​ព្រំដែន​ប៉ូឡូញ និង​បេឡារុស ក្នុង​គោលដៅ​ប៉ុនប៉ង​ឆ្លងចូលទៅរស់នៅទឹកដីអឺរ៉ុប
ជនអន្តោប្រវេសន៍​មកពីតំបន់​ដើមបូព៌ា ជាពិសេស​ប្រទេស​អ៊ីរ៉ាក់​កំពុង​ប្រមូលផ្តុំ​នៅ​ព្រំដែន​ប៉ូឡូញ និង​បេឡារុស ក្នុង​គោលដៅ​ប៉ុនប៉ង​ឆ្លងចូលទៅរស់នៅទឹកដីអឺរ៉ុប © REUTERS/Kacper Pempel
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​វិបត្តិអន្តោប្រវេសន៍ នៅព្រំដែន​បេឡារុស និង​ប៉ូឡូញ សហភាពអឺរ៉ុប និង​បេឡារុស​បាន​ធ្វើសេចក្តីថ្លែងការណ៍​ពីរខុសគ្នា។ បេឡារុស​បាន​និយាយ​ថា ខ្លួន​បាន​ចរចា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​ដោះស្រាយ​វិបត្តិអន្តោប្រវេសន៍​នៅព្រំដែន​ប៉ូឡូញ និង​បេឡារុស។ ប៉ុន្តែ ភាគីអឺរ៉ុប ឯណោះ​វិញ​បាន​លើកឡើង​ពីការពិភាក្សា​ផ្នែក​បច្ចេកទេស ជាមួយ​រដ្ឋាភិបាល​បេឡារុស ដើម្បី ការវិលត្រលប់ ធ្វើ​មាតុភូមិនិវត្តន៍​ជនអន្តោប្រវេសន៍ ទៅកាន់​ប្រទេសកំណើត។

រដ្ឋាភិបាល​បេឡារុស​បាន​បង្ហាញ​ថា មាន​ជនអន្តោប្រវេសន៍​៧០០០នាក់ ដែល​កំពុង​ស្ថិតនៅ​ប្រទេស​បេឡារុស ក្នុង​បំណង​ធ្វើដំណើរ​ឆ្លងកាត់​ទៅកាន់​ទឹកដី​អឺរ៉ុប។ តាម អ្នកនាំពាក្យ​របស់​ប្រធានាធិបតី​បេឡារុស នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ ជាមួយ លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្គេឡា មែរគែល ប្រធានាធិបតីបេឡារុស លោក​លូកាឆិនកូ បាន​បញ្ជាក់​ថា បេឡារុស​នឹង​បញ្ជូន ជនអន្តោប្រវេសន៍ ៥០០០នាក់ ឲ្យ​ត្រលប់​ទៅ​ប្រទេស​កំណើតវិញ ប៉ុន្តែ ជាមួយគ្នា​នោះ លោកស្រី​មែរកិល​នឹង​ពិភាក្សា ដើម្បី​ឲ្យ​សហភាពអឺរ៉ុប បើកផ្លូវ ឲ្យជនអន្តោប្រវេសន៍​២០០០នាក់ ដែលកំពុង​ប្រមូលផ្តុំ​នៅព្រំដែន អាច​ធ្វើដំណើរ​ប្រទេស​អាល្លឺម៉ង់។

អ្នកនាំពាក្យ​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ បាន​បំភ្លឺថា លោកស្រី​មែរគែល​មិនបាន​និយាយ​អ្វីច្រើន ក្រៅតែ ពី​ការសហការ​រវាង​បេឡារុស និង​សហភាព​អឺរ៉ុប ដើម្បី​នាំជំនួយ​មនុស្សធម៌ របស់​អង្គការ​សហប្រជាជាតិ ទៅ​កាន់​ជនអន្តោប្រវេសន៍ នៅព្រំដែន​បេឡារុស និង​ប៉ូឡូញ។

នៅក្នុង​វិបត្តិអន្តោប្រវេសន៍ ភាគីអឺរ៉ុប​បាន​ថ្លែងអំណរគុណ តួកគី និង​អ៊ីរ៉ាក់​ដែល​បានជួយ​សម្រាល​វិបត្តិអន្តោប្រវេសន៍ នៅព្រំដែនប៉ូឡូញ និង​បេឡារុស ដែលជា​មាត់ទ្វារច្រកចូល​អឺរ៉ុប។ នៅថ្ងៃព្រហស្បតិ៍ តួកគី​នៅបន្ត​ហាមឃាត់​មិន​ឲ្យ​ជនជាតិ​អ៊ីរ៉ាក់ ស៊ីរី និង​យេម៉ែន ឡើងជិះយន្តហោះ​សំដៅ​បេឡារុស។ ចំណែក​រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​បញ្ជូន​យន្តហោះ ទៅដឹក​ជនជាតិ​អ៊ីរ៉ាក់​ជាង​៥០០​នាក់ ពី​ប្រទេស​បេឡារុស​មក​វិញ។

នៅព្រំដែន​បេឡារុស និង​ប៉ូឡូញ ស្ថានការណ៍ នៅ​តែ​ពុះកញ្ជ្រោល។ រដ្ឋមន្រ្តីការពារជាតិ​ប៉ូឡូញ ព្រមាន​កាលពី​ថ្ងៃពុធ​ថា វិបត្តិអន្តោប្រវេសន៍​នៅព្រំដែន​បេឡារុស នឹង​បន្ត​រាប់ខែ រាប់ឆ្នាំទៅមុខទៀត។ ដោយ​និយាយ​យោងទៅ​ដល់​ការពិភាក្សា​រវាង​សហភាពអឺរ៉ុប និង​បេឡារុស ប៉ូឡូញ​បាន​បញ្ជាក់ថា គេ​មិនត្រូវ​សម្រេច​អ្វី​ ដោយ​រំលង​ប៉ូឡូញនោះទេ។ តាម​ក្រសួងការពារជាតិ​ប៉ូឡូញ នៅ​យប់​អង្គារ ឆ្មាំព្រំដែន​ប៉ូឡូញ បាន​បាញ់​ទឹក និង​ឧស្ម័ន​បង្ហូរទឹកភ្នែក ទៅលើ​ជនអន្តោប្រវេសន៍​ដែល​បាន​បើកការវាយប្រហារ វាយបំផ្លាញ របងលួសបន្លា ក្នុង​ចេតនា​ឆ្លងចូល​ព្រំដែន​ប៉ូឡូញ។

ទាហាន​ប៉ូឡូញ​បាន​ចោទប្រកាន់ទាហាន​បេឡារុស​ថា ជាអ្នកលួចកាត់របងលួសបន្លា និង​ញុះញង់​ឲ្យ​ជនអន្តោប្រវេសន៍​គប់ដុំថ្ម ដើម្បី​បង្វែរ​ចំណាប់អារម្មណ៍​ទាហាន​ប៉ូឡូញ។ តាម​ក្រសួងការពារជាតិ​ប៉ូឡូញ នៅក្នុង​ពេល​ប៉ះទង្គិចគ្នា ជនអន្តោប្រវេសន៍ ជាង ៥០០នាក់ បាន​សម្រេច​ឆ្លងចូល​ទាល់តែបាន ក្នុង​ទឹកដី​ប៉ូឡូញ ប៉ុន្តែ ក្នុងចំណោមនោះ មាន​២០០នាក់​ដែលត្រូវ​ទាហាន​ប៉ូឡូញ​ចាប់ឃុំខ្លួនមកវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ